ភ្នំពេញ៖ខុសពីឆ្នាំមុនៗដែលពេជ្រ សោភា ត្រូវបានគូដណ្ដឹងរបស់នាងលោកឆឹម សក្កដា បានធ្វើខួបកំណើតឲ្យនាងតាមរយៈការSurprise មុនថ្ងៃខួបមកដល់ ដោយមានទាំងកាដូជាច្រើនទៀតនៅថ្ងៃខួបពិតផងដែរ ។ប៉ុន្ដែសម្រាប់ខួបសោភា គម្រប់អាយុ៤១ឆ្នាំនេះកាលពីថ្ងៃទី៩ ខែមិថុនា លោកសក្កដា ដែលជាគូដណ្ដឹង ឬអនាគតស្វាមីនាងបែជាចេញសារផ្លែផ្កាឌឺដង ឲ្យគូដណ្ដឹង ទៅវិញ ខណៈដែលសោភា វិញរឹតតែបង្ហាញភាពផ្អែមល្ហែមជាមួយលោកឆន សុវណ្ណារាជ នៅថ្ងៃខួបកំណើតនាង ដោយមានទាំងរូបអនុស្សាវីយ៍ចាស់ៗដែលពួកគេស្និតស្នាលគ្នាអស់រយៈពេល១៣ឆ្នាំមកហើយ ។
លោកឆឹម សក្កដា ទំនងជាមិនសូវពេញចិត្តសោភា ស្និតស្នេហ៍ជាមួយលោកសុវណ្ណារាជ ទើបលោកចេញថ្លែងសារនៅថ្ងៃខួបសោភា គួរឲ្យភ្ញាក់ផ្អើលថា”បញ្ហាធំយ៉ាងណាក៍ខ្ញុំមិនយំដែរ ព្រោះស្ដាយទឹកភ្នែក ទុកយំពេញថតកុនវិញចំណេញ”។តែលោកសក្កដា មិនបញ្ជាក់ឲ្យច្បាស់ថាលោកកំពុងតែមានរឿងធំនោះជារឿងអ្វីឡើយ បើទោះជាFan ជជីកសួរយ៉ាងណាក៍ដោយ។ចំណែកលោកសុវណ្ណារាជ វិញបែជាបញ្ចេញរូបភាពញាំអាហារគ្រឿងសមុទ្រឆ្ងាញ់ៗជាមួយសោភា និងជូនពរនាងនៅថ្ងៃពិសេសថា”សូមឲ្យសុខភាពល្អ កុំឈឺច្រើនពេក រូបសម្រស់ស្អាតរហូត លុយចូលច្រើនៗ ជោគជ័យគ្រប់ភារកិច្ច ជួបតែរឿងល្អៗ និងសេចក្ដីសុខពេញមួយជីវិត ញញឹមឲ្យច្រើនៗ”។ក្រោយឃើញលោកសុវណ្ណារាជ ចេញសារជូនពរសោភា បែបនេះលោកសក្កដា បានចេញសារដោយប្រយោលមួយថា”ជូនពរសូមឲ្យមានស្នាមញញឹមគ្រប់ពេល “។
ពេជ្រ សោភា បន្ទាប់ពីឃើញលោកសក្កដា ចេញសារសំដៅជូនពរនាងនៅថ្ងៃខួបកំណើតបែបនេះនាងថ្លែងទាំងសំណើចថា”អរគុណពូ” ។
តាមរយៈសកមម្មភាពទាំងនេះគេអាចសន្និដ្ឋានបានថាចំណងស្នេហាពេជ្រ សោភា -ឆឹម សក្កដា កាន់តែវិវត្តន៍ទៅរកភាពសោះកក្រោះខ្លាំងនារយៈពេលចុងក្រោយនេះហើយសោភា បែជាផ្ដោតតែលើភាពផ្អែមល្ហែមស្នេហ៍ជាមួយលោកឆន សុវណ្ណារាជ ជាងគូដណ្ដឹងរបស់ខ្លួនទៅវិញ ពិសេសនៅថ្ងៃខួបកំណើតឆ្នាំនេះតែម្ដង ទើបធ្វើឲ្យចំណងស្នេហារបស់ពួកគេហាក់ប្រឈមគ្រោះថ្នាក់ដូចនៅមាត់ជ្រោះ ។
ពេជ្រ សោភា បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទនៅថ្ងៃខួបកំណើតនាងថានាងសប្បាយចិត្ត បើសិនជាមានគេសរសរសារជូនពរ ដោយមិនចាំបាច់កាដូអីធំដុំឡើយ ។សោភា វាចាថា”ខ្ញុំមិនដែលធ្វើខួបធំដុំទេ តែនឹងសប្បាយចិត្តបើមានគេសរសេរសារជូនពរ មិនចាំបាច់ទាល់តែមានកាដូឲ្យខ្ញុំទេ ។ថ្ងៃខួបចឹងខ្ញុំជួបជុំតែអ្នកផ្ទះខ្ញុំ និងម៉ែខ្ញុំ ទោះជាគាត់មិននៅខ្មែរ ក៍ខ្ញុំតេឬឆាតទៅគាត់ដែរ “។
ពេជ្រ សោភា មិននិយាយអ្វីទាំងអស់ទាក់ទងនិងលោកឆឹម សក្កដា ដែលចេញសារលើកទី១ថាលោកខ្ជិលយំ នាំតែខាតទឹកភ្នែកនោះទេ ប៉ុន្ដែសោភា នៅរក្សារគោលការណ៍ដដែលគឺយកគ្រួសារជារឿងសំខាន់ទី១ ការងារសំខាន់ទី២ និងស្នេហាជារឿងទី៣ ។អ្វីដែលគួរឲ្យចម្លែកនៅមុនថ្ងៃខួបគម្រប់៤១ឆ្នាំនេះ សោភា មិនដែលនិយាយរឿងគម្រោងរៀបការជាមួយលោកសក្កដា ដូចពីមុនទៀតឡើយ ទើបធ្វើឲ្យចំណងស្នេហានាងជាមួយលោកសក្កដា ស្ថិតក្នុងភាពមិនច្បាស់លាស់ ឬអាថ័កំបាងតទៅទៀត ព្រោះតារាភាគច្រើននៅហង្សមាសពួកគេមិនជឿរថាពួកគេជាគូណ្ដឹងពិតនិងគ្នាឡើយ ។
ពេជ្រ សោភា កើតនៅថ្ងៃទី៩ មិថុនា ឆ្នាំ១៩៨៣ ហើយនាងជាតារាម្នាក់ដែលកាន់គ្រីស្ទាន ក្នុងចំណោមតារា២ដួងផ្សេងទៀតនោះគឺលោកខេម និងនាងសំអុល អែនណាអូមី ។សោភា ប្រកាសថានាងបានភ្ជាប់ពាក្យជាមួយលោកសក្កដា នៅថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ នឹងគ្រោងដឹកដៃគ្នាចូលរោងការនៅឆ្នាំ២០២៣ ប៉ុន្ដែបែជាលុបចោលទៅវិញយ៉ាងទាន់ហន់ ហើយពេលនេះនាងបែជាងាកទៅទុកចិត្តបុរសរោមទ្រូងច្រើនលោកសុវណ្ណារាជ ជាងគូដណ្ដឹងខ្លួនទៅវិញ ទើបលោកសក្កដា ធ្លាប់ចេញសារព្រមានថាលោកចង់បញ្ចប់ជីវិតដោយធ្វើអត្តឃាតទៀតផង តែបានមិត្តរួមអាជីពជួយលួងលោម និងឃាត់ទាន់ពេលវេលា។Fan រងចាំមើលថាសោភា -សក្កដា អាចនឹងក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់ ឬអត់ ?