ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់ធ្វើជាហោរទស្សន៍ ទាយពីជោគជតារាសីឱ្យភ្ញៀវ ដែលមានជំនឿ តែងមកពឹងពាក់អាស្រ័យមិនដាច់ ប៉ុន្តែគាត់ ភ្លេចគន់គូរ និងមើលពីជោគវាសនារបស់ខ្លួន ក៏ត្រូវអគ្គីលេបត្របាក់ផ្ទះរបស់គាត់ បង្កឱ្យប្រជា– ពលរដ្ឋ រស់នៅក្នុងភូមិផងរបងជាមួយភ័យ ស្លន់ស្លោ នាំគ្នារត់ទៅជួយពន្លត់ កាលពីរសៀល ថ្ងៃទី០៩ ខែកុម្ភៈ នៅក្នុងភូមិស្រម៉ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក។
មន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះភោគ ផេក អាយុ ៥១ឆ្នាំ មុខរបរជាគ្រូទាយ មានប្តី និងមានកូន ៦នាក់ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ គ្រោះអគ្គិភ័យនេះ គឺបង្កឡើងដោយភ្លើងធូប ដែលគាត់ដុត ហើយវាបានធ្លាក់មកលើជើងធូប ដែលគរច្រើននោះ ក៏បង្កឱ្យកើតនូវអគ្គិភ័យ បែបនេះតែម្តង។
មន្ត្រីនគរបាលដដែលបានបន្តថា ក្រៅពី បំផ្លាញអស់ផ្ទះទាំងមូលនោះ បើតាមសម្តីរបស់ ម្ចាស់ផ្ទះ បានឱ្យដឹងថា អគ្គីនេះបានលេបត្របាក់ ទ្រព្យសម្បត្តិរបស់គាត់ទៅជាមួយនឹងគេហដ្ឋាន នោះ រូមមាន ខ្សែ.ក ខ្សែដៃមាស៣ខ្សែ (ទម្ងន់ ១៥ជី) ខ្សែកប្លាទីន១ខ្សែ (ទម្ងន់៥ជី) លុយ ខ្មែរ៤លាន៥ម៉ឺនរៀល និងគ្រឿងសង្ហារិមជា ច្រើន ដែលគិតជាប្រាក់អស់ជាង៤០០០ដុល្លារ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
ស្ត្រីជាម្ចាស់ផ្ទះបានឱ្យដឹងថា មុនពេល កើតមាននូវគ្រោះអគ្គិភ័យនោះ ភ្ញៀវបានមក រកគាត់ឱ្យទស្សន៍ទាយពីជោគជតារាសី ហើយ ភ្ញៀវក៏បានអុជធូប និងទៀននៅលើអាសនៈ តាមទម្លាប់ និងជំនឿរបស់ពួកគាត់ ដើម្បីបួង សួងសុំសេចក្តីសុខចម្រើន។ បន្ទាប់ពីគាត់ទស្សន៍ ទាយរួចហើយ ភ្ញៀវក៏បានចាកចេញទៅបាត់អស់ ហើយរូបគាត់ក៏បានចុះពីលើផ្ទះទៅដើរលេងផ្ទះ អ្នកជិតខាង។ លុះមកដល់វេលាខាងលើ ស្រាប់ តែគាត់ឃើញផ្សែងហុយខ្មួលខ្មៅលាយឡំជា មួយនឹងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅចេញពី ផ្ទះរបស់គាត់។ ឃើញបែបនេះ គាត់បានស្រែក ឆោឡោឡើងផ្អើលដល់ប្រជាពលរដ្ឋ រស់នៅ ក្នុងភូមិផងរបងជាមួយ នាំគ្នារត់មកជួយដង ទឹកជះពន្លត់។ ប៉ុន្តែទោះជាប្រជាពលរដ្ឋរស់នៅ ក្នុងភូមិព្យាយាមជួយពន្លត់យ៉ាងណា ក៏ពួកគាត់ មិនអាចទប់ទល់នឹងអណ្តាតភ្លើងបានដែរ ពីព្រោះ ភ្លើងបានឆាបឆេះឡើងពេញក្រមុំ (ឆេះពេញ បន្ទុក) បាត់ទៅហើយ។ ទីបំផុតគាត់ ក៏ដូចជា អ្នកភូមិ បានត្រឹមតែនាំគ្នាឈរមើលអណ្តាត ភ្លើងលេបត្របាក់ផ្ទះ និងទ្រព្យសម្បត្តិ ដែល ខិតខំប្រឹងរក និងសន្សំ ត្រូវភ្លើងបំផ្លាញអស់ ទៅវិញត្រឹមតែមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ។
ទោះជាយ៉ាងណា នៅក្នុងគ្រោះអគ្គិភ័យ ខាងលើនេះ មិនបានបង្កឱ្យមានគ្រោះថ្នាក់ដល់ មនុស្សណាម្នាក់ ឬឆាប់ឆេះរាលដាលដល់ផ្ទះ សំបែងរបស់អ្នកដទៃនោះឡើយ៕