ខេត្តបន្ទាយមានជ័យ ៖ នារីវ័យក្មេងម្នាក់ ក្រោយលែងលះប្ដី ដោយសាររស់នៅមិនចុះសម្រុងគ្នា បានបាត់ខ្លួនចេញពីផ្ទះ អស់៨ខែ មិនដឹងថាទៅដល់ទីកន្លែណា ឬមានបញ្ហាអី្វ ធ្វើឲ្យឪពុកម្ដាយមានកូនក្ដីបារម្ភខ្វល់ខ្វាយ អន្ទះអន្ទែង ក៏ប្រកាសស្វែងរកបាន ១ថ្ងៃ ស្រាប់តែឃើញកូនស្រីត្រលប់មកផ្ទះវិញផ្លឺម ។

គួរបញ្ជាក់ថា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលស្រុកសិរីសោភ័ណ បានប្រកាសតាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន នូវដំណឹងបាត់កូនស្រី របស់លោកម៉ៅ ម៉ាប់ និងអ្នកស្រី ឡាន បែន បានបាត់កូនស្រីឈ្មោះ ម៉ាប់ ស្រីនាង អាយុ១៨ឆ្នាំ រស់នៅភូមិពររៀង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមាន ជ័យ បានបាត់ខ្លួន តាំងពីថ្ងៃ១៨ វិច្ឆិកា ២០២៣ មិនទាន់ទាក់ទងមករកឪពុកម្តាយ ឬសាច់ញាតិ បងប្អូននៅ ឡើយ ។ ប៉ុន្តែក្រោយប្រកាស បាន១ថ្ងៃ គឺនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ស្រាប់តែកូនស្រី បានត្រលប់មកផ្ទះវិញផ្លឺម ហើយបានសុំទោសឪពុកម្ដាយ ដែលនាងទៅបាត់ពីផ្ទះ មិនបានផ្ដល់ដំណឹង អស់ជាច្រើនខែ ដោយ សារតែទូរស័ព្ទនាងខូច ។

លោកម៉ៅ ម៉ាប់ អាយុ៣៨ឆ្នាំ មានមុខរបរជាអ្នកស៊ីឈ្នួលបើកឡានដី ដែលត្រូវជាឪពុករបស់នារីខាងលើ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ថា កូនស្រីបានបាត់ពីផ្ទះ ក្រោយពេលនាងបានលែងលះជាមួយប្ដី (សុំមិនបញ្ចេញឈ្មោះ) អាយុ២២ឆ្នាំ នៅសាលាឃុំ ក្រោយរៀបការបាន៧ខែ ។ ពេលនោះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ នាងមិនបានផ្ដល់ដំណឹង ឬទាក់ទងមកម៉ែឪដឹងពីទីកន្លែងដែលរស់នៅទេ ដែលធ្វើឲ្យពួក គាត់ជាឪពុកម្ដាយមានក្ដីព្រួយបារម្ភ ចេះតែព្យាយាមតាមស៊ើបសួរដំណឹងនាង ។ ប៉ុន្តែពេលនេះ នាងបានវិលត្រលប់មកដល់ផ្ទះវិញហើយ ហើយបានប្រាប់ថា ក្នុងពេលបាត់ដំណឹងពីផ្ទះនោះ នាងបានធ្វើដំណើរតាមគេ (អ្នកស្គាល់គ្នា) ទៅធ្វើការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមិនមានបំណងថា ផ្ដាច់ការទាក់ទងពីអ្នកមានគុណទេ ហើយក៏មិនបានខឹងនឹងពួកគាត់ជាឪពុកសូម្បីតែបន្តិចដែរ ហើយរយៈពេលពីរខែដំបូង នាងក៏បានទាក់ទងមកដែរ ដើម្បីបញ្ជាក់ថា នាងកំពុងរស់នៅនិងធ្វើការនៅទីកន្លែងដែលត្រឹមត្រូវថ្លៃថ្នូរ និងមានសុវត្ថិភាព តែចៃដន្យអីនាងបាត់ទូរស័ព្ទចាស់ ទិញទូរស័ព្ទថ្មី ក៏បាត់លេខអស់ លែងបានទាក់ទងមកបាន អស់ រយៈពេល៤-៥ខែ ធ្វើឲ្យនាងនឹករលឹកមកដល់ពួកគាត់ជាឪពុកម្ដាយ និងប្អូនៗនាក់ទៀត (នាងជាកូនច្បង) ទើបនាងសម្រេចវិលត្រលប់មកផ្ទះវិញ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ហើយបានប្រាប់ថាពួកគាត់ជាឪពុកម្ដាយថា នឹងមិនត្រលប់ធ្វើការនៅកន្លែងនោះវិញទេ ព្រោះមិនបានសល់លុយច្រើនទេ គឺមកដល់ផ្ទះ មានតែលុយ១០ម៉ឺនរៀល ។
លោកម៉ៅ ម៉ាប់ ជាឪពុក បានបញ្ជាក់ថា ក្នុងវ័យ១៨ឆ្នាំ កូនស្រីរបស់លោក ជាស្រីមេម៉ាយអត់កូន ដោយបានរៀបការជាមួយយុវជនម្នាក់ នៅអំឡុងដើមឆ្នាំ២០២៣ ហើយក្រោយមក ដោយរស់នៅមិនចុះសម្រុងគ្នា ក៏បានលែងលះគ្នាទៅ ។លោកបន្តថា មុនរៀបការ និងឈានដល់ការលែងលះគ្នា កូនស្រីនិងអតីតកូនប្រសារបស់លោក បានស្រលាញ់គ្នាចិត្តនិងចិត្ត តាមកម្សួលភ្លើងស្នេហ៍យុវវ័យ ដោយឪពុកម្ដាយចាស់ទុំទាំងសងខាងមិនបង្ខិតបង្ខំទេ ផ្ទុយទៅវិញមានតែបំពេញតាមបំណងពួកគេ គឺរៀបការពួកគេតាមគន្លងប្រពៃណីខ្មែរ ។ ប៉ុន្តែក្រោយរៀបការហើយ អតីតកូនប្រសារបស់លោក មិនចេះគិតគូរធ្វើការរកស៊ីអ្វីទេ ធ្វើឲ្យកូនស្រីលោកមិនអាចរស់នៅជាមួយតទៅទៀតបាន ហើយក៏សម្រេចលែងលះប្ដីនោះទៅ ។

លោកម៉ៅ ម៉ាប់ បានបញ្ជាក់បន្តថា ក្នុងស្ថានភាពគ្រួសារដែលមិនសូវធូរធារ រូបលោកនិងប្រពន្ធ ក៏នឹកអាណិតទៅដល់ជីវិតច្បងម្នាក់នេះដែរ ដែលបានក្លាយជាស្រីមេម៉ាយ ទាំងវ័យក្មេង ហើយមិនក៏អាចរកការងារល្អបានធ្វើ បានប្រាក់ខែខ្ពស់ ព្រោះនាងរៀនចប់ត្រឹមតែថ្នាក់ទី៩ ។ លោកគិតថា គូស្រករ តែខុសម្ដងហើយ ខុសមួយជីវិត ដែលនេះពាក្យចាស់បានបន្សល់ទុកមក ប៉ុន្តែលោកនៅតែចង់រកគូស្រករថ្មីឲ្យកូនទៀត ដោយម្ដងនេះ លោកគិតថា នឹងផ្សំផ្គំឲ្យកូនតែម្ដង មិនចង់ឲ្យកូនរកដោយខ្លួនឯងទៀតទេ ព្រោះរកខុសម្ដងហើយ មិនចង់ខុសម្ដង ទៀត ។ បានន័យថា ស្នេហាយុវវ័យ ស្រលាញ់គ្នាតែមួយឆាវ មិនបានគង់វង្ស ដូចចាស់ទុំរកឲ្យទេ ។ និយាយទៅ លោកបានសម្លឹងឃើញអនាគតកូនប្រសារបស់លោករួចហើយ ដែលលោកបានសង្កេតតាំងពីចំណេះដឹង អត្តចរិត ការងារ ដោយជឿថា អនាគតកូនប្រសាម្នាក់នោះ ពិតជាមើលថែកូនស្រីរបស់លោកបាន និងពិតជាចេះថ្នាក់ថ្នមស្រលាញ់ប្រពន្ធ យោគយល់អធ្យាស្រ័យ ផ្ដល់ទំនុកចិត្តដូចគូស្នេហ៍ប្ដីប្រពន្ធដទៃ ។
ទោះយ៉ាងណា លោកម៉ៅ ម៉ាប់ បានបញ្ជាក់បន្ថែមខ្លីថា ពេលនេះ លោកមិនទាន់ហ៊ានប្រាប់កូនស្រីឲ្យដឹងពីគូស្រករថ្មីដែលគាត់រកឲ្យនោះទេ រង់ចាំឲ្យនាងនៅផ្ទះឲ្យបានយូរបន្តិច និងមានមុខរបរ ការងារនឹងធឹងសិន ទើបលោកបង្ហើបប្រាប់នាង ហើយដល់គិតគូរឲ្យគេចូលស្ដី ដើម្បីរៀបការតែម្ដង ៕