ភ្នំពេញ៖តារាសម្ដែងនិងពិធីករលោកប៉ែន ចំរ៉ុង នឹងទទួលបានកូនម្នាក់ទៀតនៅអំឡុងខែសីហា ឆ្នាំ២០២៤ ព្រោះពេលនេះភរិយាលោកអ្នកនាងហ៊ុន ម៉ាណេ កំពុងពពោះកូនទី២ បាន៧ខែហើយ ។យ៉ាងណាទាំងលោកចំរ៉ុង និងប្រពន្ធពេលគេខមិនសួរថាជាកូនប្រុសឬស្រីនោះអ្នកទាំងពីរមិនប្រាប់ឡើយដែលទំនងជាចង់ឲ្យមានការSurprise ។
អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកប៉ែន ចំរ៉ុង កាលពីរសៀលថ្ងៃទី១១ មិថុនា តែទូរស័ព្ទរបស់លោកមិនអាចទាក់ទងបានឡើយ ទើបមិនទាន់អាចសុំការបំភ្លឺពីការយកកូនទី២នៅឆ្នាំនេះទេ ។ដោយឡែកនៅលើហ្វេសបុករបស់ភរិយាលោកអ្នកនាងហ៊ុន ម៉ាណេ វិញនាងបានសរសើរពីគុណសម្បត្តិប្ដីថាតាំងពីផ្ដើមស្នេហាគ្រាដំបូងរហូតមកដល់មានកូន២នេះ លោកចំរ៉ុង មើលថែនាងដោយគ្មានការប្រែប្រួលចិត្តបន្ដិចឡើយ ។ភរិយាលោកចំរ៉ុង ក៍បានបង្ហាញនូវសកម្មភាពប្ដីរៀបចំទឹកឲ្យនាងងួតតាមបែបធម្មជាតិសម្រាប់ស្រ្ដីមានផ្ទៃពោះផងដែរ ហើយនាងថែមទាំងនាំប្ដីនិងកូនទៅថតរូបភាពមុនពេលនាងសម្រាលដើម្បីទុកឲ្យកូនៗនាងមើលនៅថ្ងៃអនាគតទៀតផង។
គួររំលឹកថាប៉ែន ចំរ៉ុង បានដឹកដៃនាងហ៊ុន ម៉ាណេ រៀបការនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយអ្នកនាងម៉ាណេ សម្រាលកូនទីស្រីទី១ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ដោយដាក់ឈ្មោះថាចំរុង បេឡាជុតិម៉ា ហៅBell ។ក្រោយអ្នកនាងម៉ាណេ សម្រាលកូននៅខែសីហាខាងមុខនេះប៉ែន ចំរ៉ុង នឹងទទួលបានកូនសរុបទាំងអស់ចំនួន៣នាក់ បើគិតកូនស្រីទី១របស់លោកជាមួយអ្នកនាងភិន សុដាលីស ឈ្មោះKaterina ដែលបានសម្រាលកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ហេតុនេះហើយបានជាមិត្តភក្ដិជិតដិតបានហៅលោកចំរ៉ុង ថាតារាកូន៣ ។ប៉ុន្ដែជាង៧ឆ្នាំមកនេះលោកចំរ៉ុង នៅតែតូចចិត្តព្រោះលោកមិនត្រូវបានអតីតគូស្នេហ៍គឺនាងសុដាលីស អនុញ្ញាត្តិឲ្យលោកបានជួបមុខកូនស្រីខ្លួនដោយផ្ទាល់ជាដាច់ខាត ទើបពេលខ្លះលោកនឹកកូនខ្លាំងពេកបានត្រឹមតែអោបថើបរូបថតប៉ុណ្ណោះ ។ចំណែកភរិយាថ្មីលោកចំរ៉ុង អ្នកនាងម៉ាណេ វិញបានហៅកូនទី២នាងដែលត្រូវសម្រាលឆាប់ៗខាងមុខនេះថាជាកូនពៅ ដែលទំនងនាងនិងប្ដីគ្មានផែនការណ៍យកកូនថែមឡើយ ខណៈដែលតាមព័តមានថាលោកចំរ៉ុង ចង់បានកូនទី២ជាមួយភរិយាថ្មីរបស់លោកនេះជាកូនប្រុស ។
ប៉ែន ចំរ៉ុង មិនសូវលេចមុខតាមភាពយន្ដច្រើនដូចមុនទេ រយៈពេលចុងក្រោយនេះ តែចេញមុខធ្វើMC ជាច្រើនកម្មវិធី ។ប៉ុន្ដែអាជីពពិធីករនេះលោកចំរ៉ុង ក៍មិនសូវលេចធ្លោខ្លាំងដូចមុនដែរ បន្ទាប់ពីទូរទស្សន៍អាស៊ីអាគ្នេហ៍បិទConcerts របស់ខ្លួន ព្រោះលោកជាពិធីករល្បីឈ្មោះម្នាក់នៅស្ថានីយ៍នោះ តែបច្ចុប្បន្នលោកបានទៅទើរនៅPnn ហើយពេលខ្លះថែមទាំងចាប់ដៃជាមួយពិធីការិនីក្មេងៗដែលគ្មានបទពិសោធន៍ទៀតផង។ប៉ុន្មានឆ្នាំចុងក្រោយនេះដែរការងារក្រៅសិល្បៈរបស់លោកចំរ៉ុង គឺការរកស៊ីផ្នែកអចលនទ្រព្យនោះក៍ជាប់គាំង ហេតុនេះហើយអាជីពស្នូលរបស់លោកសព្វថ្ងៃគឺមានតែការធ្វើជាពិធីករ មួយច្រកនេះទេ ។
ក្រៅពីប៉ែន ចំរ៉ុង តារាដែលមានកូន៣នាក់មានដូចជាលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ជាដើម ។អ្នកសិល្បៈដែលស្និតលោកចំរ៉ុង បង្ហើបថាតាំងពីពិធីកររូបនេះចាប់ដៃអ្នកនាងម៉ាណេ ជាង៤ឆ្នាំមកនេះលោកទទួលបានសុភមង្គលពិតប្រាកដពោលគឺលែងតែលតោលដូចអំឡុងប្រេះឆាស្នេហ៍សុដាលីស កាលពីឆ្នាំ២០១៦ នោះទៀតហើយ ។ប៉ុន្ដែចំរ៉ុង និងនាងសុដាលីស នៅតែមិនអាចរាប់អានគ្នាជាលក្ខណៈធម្មតាបានទេ ពោលគឺពេលពួកគេជួបគ្នាដោយចៃដន្យអត់និយាយរកគ្នា១ម៉ាត់ឡើយ បើទោះពេលនេះពួកគេសុទ្ធតែមានគូស្នេហ៍ថ្មីរៀងៗខ្លួនក្ដី ៕