លី ច័ន្ទសីហា បានក្លាយជាថៅកែហាងលក់កាបូប និងស្បែកជើង ម៉ាកល្បីៗ បន្ទាប់ពីនាងបានធ្វើពិធីសម្ពោធជាផ្លូវការ កាលពីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានមិត្តភក្ដិអ្នកសិល្បករមួយចំនួន បានទៅចូលរួមអបអរសាទរផងដែរ។
ហាងរបស់តារាសម្ដែងរូបនេះ មានទីតាំងនៅផ្លូវ៣១០ ផ្ទះលេខ៥៤១ ខាងជើងគុកទួលស្លែង រាជធានីភ្នំពេញ ហើយលេចជារូបរាងឡើងក្រោយពេលដែលសីហា ទើបធ្វើពិធីសម្ពោធផ្ទះ១ជុង តម្លៃជាង៧ម៉ឺនដុល្លារ នៅសំណង់លំនៅដ្ឋានវាលស្បូវ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ដែរ ដូចនេះឆ្នាំថ្មី សីហា ពិតជាមានរាសីឡើងមែន។
ក្នុងជំនួបផ្ទាល់កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ លី ចន្ទ័សីហា បានឲ្យដឹងថា នាងមិនបានធ្វើពិធីសម្ពោធជាធំដុំ ហៅអ្នកសិល្បៈច្រើនឲ្យចូលរួមទេ គឺគ្រាន់តែធ្វើពិធីសូត្រមន្ដ និងមានមិត្តភក្ដិជិតដិតចូលរួមប៉ុណ្ណោះ។
លី ចន្ទ័សីហា ប្រាប់ថា ”ខ្ញុំមិនហ៊ានធ្វើពិធីអីធំដុំទេបង ព្រោះខ្លាចចិត្តតារាសិល្បៈយើងដែរ ដោយសារតែមុនហ្នឹង ខ្ញុំទើបតែឡើងផ្ទះដែរហ្នឹង អីចឹងហៅពួកគាត់ទៀត ខ្លាចរំខានគេ។ តែគ្រាន់តែថ្ងៃម្ពោធព្រឹកមិញហ្នឹង មានតារាៗយើងមកទិញច្រើនដែរ ពួកគាត់ជួយផ្ដល់ជាកំលាំងចិត្ត។ ហាងស្បែកជើង និងកាបូបនេះ យកទំនិញមកពីប្រទេសសាំងហ្គាពួរ ផ្ទាល់តែម្ដង គឺជាម៉ាកល្បីសុទ្ធតែម្តង ហើយតម្លៃសមរម្យចំពោះអតិថិជនទូទៅ គឺចាប់ពី៨០ដុល្លារ ដល់៥០០ដុល្លារ ក៏មានដែរ។ ខ្ញុំសង្ឃឹមថា នឹងមានការគាំទ្រច្រើនពីអតិថិជន ព្រោះអីមុនបើកហាងនេះ ខ្ញុំបានបើកតាម Online ហើយ ឃើញថាមានការគាំទ្រ ទើបខ្ញុំបើកជាទីស្នាក់ការកណ្ដាលនេះឡើង ហើយអតិថិជនអាចកុម្មង់កាបូប ស្បែកជើង រយៈពេល១០ថ្ងៃ ទំនិញនឹងមកដល់ហើយ”។
ការងាកមកធ្វើអាជីវកម្មផ្ទួនៗ ទាំងហាងសម្អាងការ និងហាងលក់កាបូប មុនរៀបការនេះ បញ្ជាក់ថា លី ច័ន្ទសីហា នឹងអាចបោះបង់អាជីពចាស់ចោលជាមិនខាន នៅពេលដែលនាងរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ រួចនោះ ព្រោះតាមព័ត៌មានថា ស្វាមីនាងមិនចង់ឲ្យសីហា លេងសិល្បៈទៀតឡើយ។
លី ច័ន្ទសីហា បន្ថែមថា ”ចំពោះរឿងរកស៊ីនេះ ខ្ញុំមិនទាន់បញ្ចប់ត្រឹមមានហាងប៉ុណ្ណឹងទេ។ បើសិនជាហាងលក់កាបូប ស្បែកជើង និងសម្អាងការហ្នឹង ដំណើរការល្អ រយៈពេល១ឬ២ឆ្នាំទៅមុខទៀត គឺខ្ញុំនឹងចង់បើកជាភោជនីយដ្ឋានវិញម្ដង ព្រោះស្រលាញ់ខាងហ្នឹងយូរហើយដែរ។ និយាយទៅ ហាងថ្មីនេះ គឺព្រួញ១បាញ់បានសត្វ២ ព្រោះខ្ញុំក៏មានដាក់សម្អាងការនៅហាងហ្នឹងដែរ អីចឹងអតិថិជនដែលមើលកាបូប ស្បែកជើង ហើយពេញចិត្តសម្អាងការនោះ ក៏អាចកក់បាននៅទីនេះដែរ ចំណែកហាងសម្អាងការខ្ញុំចាស់ នៅចាក់អង្រែលើ នោះ គឺនៅតែដំណើរការធម្មតាទេ។ ហាង SH Collection នេះ គឺទាំងការឌីហ្សាញ និងផ្ទុកអីវ៉ាន់ ខ្ញុំចំណាយអស់ថវិកា៣៨០០០ដុល្លារឯណោះ។ ចំណែករឿងថា ក្រោយរៀបការហើយខ្ញុំនៅបន្តអាជីពសិល្បៈឬអត់នោះ? តាមពិត ប្ដីខ្ញុំមិនហាមឃាត់អីរឿងលេងសិល្បៈនោះទេ បើឆ្លៀតបាន គឺនៅតែឲ្យបន្ដ តែគាត់មិនឲ្យខ្ញុំលេងរបៀបសិចស៊ីខ្លាំងអី អត់ទេ។ ខ្ញុំគិតថា អាជីពសិល្បៈជាអ្វីដែលខ្ញុំស្រលាញ់ តែសិល្បៈមិនថិតថេរទេ អីចឹងខ្ញុំត្រូវតែមានរបរក្រៅពីសិល្បៈហ្នឹង ហើយគិតថា តារាៗមិត្តភក្តិនិងជួយគាំទ្រ ព្រោះតារាៗជាអ្នកលេងខ្លួន ប្រើរបស់ល្បីៗ”។
លី ច័ន្ទសីហា នឹងដឹកដៃគូដណ្ដឹង លោកចាន់ ថៃសេង ចូលរោងការ នៅថ្ងៃទី០៥ ខែឧសភា ២០១៧ ដែលពិធីជប់លៀងនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលម៉ូឌែន២ ផ្លូវចាក់អង្រែលើ ក្បែរផ្ទះនាងចាស់ ហើយតារាសម្ដែងរូបនេះប្រាប់ថា នឹងហៅតារាសិល្បៈរួមអាជីពទាំងអស់ឲ្យចូលរួមជាមិនខាន៕