Saturday, November 29, 2025
Homeសន្ដិសុខសង្គម ផ្សោតជំទង់១ក្បាលងាប់ ក្រុមអភិរក្សចុះស្រាវជ្រាវមូលហេតុ

 ផ្សោតជំទង់១ក្បាលងាប់ ក្រុមអភិរក្សចុះស្រាវជ្រាវមូលហេតុ

ខេត្តកំពត៖ សត្វផ្សោតប្រភេទថ្មី វ័យជំទង់ ១ក្បាល ត្រូវបានគេប្រទះឃើញងាប់ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងមូលដ្ឋានខេត្តកំពត។

យោងតាមប្រភពក្រុមបច្ចេកទេសផ្នែកអភិរក្សថនិកសត្វសមុទ្រ នៃអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមបច្ចេកទេសផ្នែកអភិរក្សថនិកសត្វសមុទ្រ នៃអង្គការអភិរក្សសមុទ្រ កម្ពុជា (MCC) បានសហការជាមួយគណៈកម្មការសហ គមន៍នេសាទត្រពាំងរពៅ ខេត្តកំពត ធ្វើការពិនិត្យនិងវិនិច្ឆ័យអំពីប្រភេទសត្វផ្សោតនេះ។

កញ្ញាអ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់ថា ក្រោយពីការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារបច្ចេកទេស និងតាមរយៈការផ្តល់ព័ត៌មានលម្អិត ពីគណៈកម្មការសហគមន៍នេសាទ អាចកំណត់បានថា វាជាប្រភេទសត្វផ្សោតគ្មានព្រុយខ្នង (Neophocaena phocaenoides) ដែលជាកំណត់ត្រាប្រភេទថ្មី ក្រៅពីប្រភេទផ្សោតចំនួនពីរប្រភេទ ដែលបានកត់ត្រា រួចហើយ នៅក្នុងដែនទឹកសមុទ្ររបស់ខេត្តកំពត។

បើតាមក្រុមការងារអភិរក្ស វត្តមានសត្វផ្សោតប្រភេទអត់ព្រុយខ្នង នៅក្នុងដែនសមុទ្រប្រទេសកម្ពុជា ជាកំណត់ត្រាថ្មី ហើយវាក៏ជាលទ្ធផលបង្ហាញពីការកើនឡើងនៃជីវៈចម្រុះ ជាពិសេសប្រភពអាហារ ជម្រកនិងសុវត្ថិភាព ដែលទាក់ទាញប្រភេទសត្វកំពុងរងគ្រោះថ្នាក់ មករស់នៅក្នុងកន្លែងអភិរក្សជលផលសមុទ្រកម្ពុជា។

ក្រុមការងារបច្ចេកទេស ក៏នឹងបន្តធ្វើការសិក្សាស្រាវជ្រាវបន្ថែមអំពីកំណត់ត្រាថ្មីនេះ ដើម្បីទទួលបានព័ត៌មានកាន់តែទូលាយនិងលម្អិតបន្ថែម និងព្យាយាមការពារថនិកសត្វថ្មីនេះ៕

RELATED ARTICLES