Saturday, November 23, 2024
Homeនយោបាយអន្ទិតហោ សុខុន កំណត់ពេល១ខែ រង់ចាំសម្តេច ហ៊ុន សែន ឆ្លើយតប

អន្ទិតហោ សុខុន កំណត់ពេល១ខែ រង់ចាំសម្តេច ហ៊ុន សែន ឆ្លើយតប

ភ្នំពេញ ៖ ក្រោយសរសេរលិខិតចំហមួយ គោរពជូនសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបំណងសុំជួប និងសុំឱកាសចូលបម្រើជាតិ បម្រើសម្តច តែអស់ រយៈពេលជាង២០ថ្ងៃ មកហើយ មិនទាន់ទទួលបានការឆ្លើយតបពីសម្តេចហ៊ុន សែន អន្ទិតហោ សុខុន អតីតចៅអធិការវត្តច្បារអំពៅ បានប្រកាសកំណត់ពេលត្រឹម១ខែ ក្នុងការរង់ចាំចម្លើយតបពីសម្តេចហ៊ុន សែន ហើយប្រសិនបើកគ្រប់កំណត់ពេល ១ខែ ត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ពុំមានការឆ្លើយតបទទួលយកពីសម្តេចហ៊ុន សែន ទេនោះ លោកនឹងស្បថមិនបម្រើត្រកូលហ៊ុន អស់មួយជីវិត និងគ្រប់ៗជាតិ ។

គួររំលឹកថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ អន្ទិតហោ សុខុន បានសរសេរលិខិតចំហមួយ គោរពជូនសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សុំជួបសម្តេច ក្នុងបំណងសុំឱកាសចូលបម្រើជាតិ  បម្រើសម្តេចហ៊ុន សែន និងសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លុះមកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ អន្ទិតហោ សុខុន បានធ្វើការបង្ហោះវីដេអូផ្សាយផ្ទាល់ (ឡាយ) តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក គោរពជូនចំពោះសម្តេចហ៊ុន សែន និងសម្តេចហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងសំណើរបស់លោក កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នោះ ចង់បានការឆ្លើយតបពីសម្តេចហ៊ុន សែន ដោយលោកបានកំណត់ពេលការង់ចាំ ត្រឹម១ខែ (ត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤) ពុំមានការឆ្លើយតបទទួលយកពីសម្តេចហ៊ុន សែន ទេនោះ លោកនឹងងាកទៅរកផ្លូវថ្មី និងស្បថមិនបម្រើត្រកូលហ៊ុន អស់មួយជីវិត និងគ្រប់ៗជាតិតែម្តង ។

តាមរយៈវីដេអូផ្សាយផ្ទាល់ (Live)  តាមទំព័រហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ អន្ទិតហោ សុខុន បានថ្លែងរៀបរាប់ថា “សូមគោរពចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសូមគោរពចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជម្រាបសួរដល់បងប្អូនប្រុសស្រីទាំងអស់ ទាំងក្នុងប្រទេស ទាំងក្រៅប្រទេស! នៅក្នុងប្រធានបទទី១ នេះ គឺសូមគោរពជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា គោរពជូននេះ គឺទាក់ទងនឹងរូបខ្ញុំបាទផ្ទាល់ កាលពីថ្ងៃទី១៨ ខែ៥ ខ្ញុំបាទបានសរសេរលិខិតគោរពជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណ បក្សប្រជាជនកម្ពុជា ដោយគោរពសុំការអនុញ្ញាតពីសម្តេច ដើម្បីចូលរួមបម្រើជាតិ ក្រោមការដឹកនាំរបស់សម្តេច និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលក្នុងរយៈពេលចូល ២០ថ្ងៃហើយ ជិត១ខែទៅហើយ ក៏ខ្ញុំបាទមិនទាន់បានទទួលសារណាមួយពីសម្តេចតេជោ ក៏ដូចជាសម្តេចធិបតីទេ អ៊ីចឹងពេលវេលាជិតដល់ ១ខែហើយ អ៊ីចឹងខ្ញុំមុននឹងខ្ញុំសម្រេចចិត្ត ១វគ្គបន្តទៀត ខ្ញុំក៏សូមគោរពជម្រាបជូនសម្តេចតេជោ និងសម្តេចធិបតី ឱ្យបាន ជ្រាបផងដែរថា បើសម្តេច ទាំងពីរ លោកមិនប្រើប្រាស់ខ្ញុំទេ មិនផ្តល់ឱកាសឱ្យខ្ញុំចូលរួមបម្រើជាតិទេ ខ្ញុំបាទសូមសម្រេចចិត្តជ្រើសដើរផ្លូវបន្តទៀត ព្រោះខ្ញុំបាទអត់អាចចាំបានបន្តទៀតទេ ព្រោះពេលវេលាខ្ញុំបាទ តាំងពីសឹកមក ជាង៥ឆ្នាំហើយ អ៊ីចឹងចំណាយពេលច្រើនណាស់ ហើយក៏ចំណាយពេលជាមួយសម្តេចពុក និងសម្តេចកូន ហ្នឹងច្រើនជាងគេទៀត ទាំងធ្លាប់ដើរទៅណេះទៅណោះ ដើម្បីបណ្តែតនិស្ស័យជាប់គ្នា កន្លែងណា ទាំងបក្សប្រឆាំង ទាំងឈរនៅទីតាំងឯករាជ្យ ទាំងឈរនៅទីតាំងប្រជាពលរដ្ឋ ទាំងដែលឈរនៅទីតាំងស្វែងរកម្ចាស់ល្អ គឺថាមានច្រើនទីតាំង ក៏ប៉ុន្តែក្នុងចំណោមទីតាំងទាំងអស់ហ្នឹង គឺថាទីតាំងក្នុងសម្តេចពុក និងសម្តេចកូន នាយករដ្ឋមន្ត្រីហ្នឹង គឺចំណាយពេលច្រើនជាងគេផង។ ដូច្នេះខ្ញុំបាទត្រូវការពេលវេលាមួយច្បាស់លាស់ក្នុងការធ្វើកិច្ចការងារបន្តទៅមុខទៀត អ៊ីចឹងគឺខ្ញុំបាទមិនអាចពន្យារពេលបានតទៅទៀតទេ ការដែលខ្ញុំបាទរង់ចាំនេះ ១ថ្ងៃ ស្មើនឹង១ខែ បើ១២ថ្ងៃ វាស្មើនឹង១ឆ្នាំបាត់ហើយ ពិបាកទ្រាំក្នុងការចាំណាស់ អ៊ីចឹងគ្រាន់តែជម្រាបគោរពជូនសម្តេច សម្តេចពុក និងសម្តេចនាយករដ្ឋមន្ត្រីហ្នឹង លោកសម្រេចយ៉ាងណា ខ្ញុំអត់ដឹងទេ ទោះផ្តល់ឱកាស ទោះប្រើមិនប្រើ បានឱកាសឱ្យខ្ញុំបម្រើ ឬមិនបម្រើ ទុកលើសម្តេច លោកសម្រេចចុះ តែខ្ញុំខ្ទង់ថ្ងៃទី១៨ ព្រោះថ្ងៃ១៨ ខែ៥ ដល់១៨ ខែ៦ វា១ខែ អ៊ីចឹងក្នុងថ្ងៃទី១៨ ហ្នឹង គឺខ្ញុំបាទសុំសម្រេចចិត្តជ្រើសរើសផ្លូវបន្តទៀតហើយ ក្នុងក្រោមអំឡុងថ្ងៃ១៨ ហ្នឹង បើសម្តេច ផ្តល់ឱកាស អាហ្នឹងក៏ចាត់ទុកថា មាននិស្ស័យបុណ្យ និស្ស័យជាមួយសម្តេច ហើយបើអត់ទេ ក៏តាមហ្នឹងចុះ អត់អីទេ។ អ៊ីចឹងថ្ងៃ១៨ ហ្នឹង ខ្ញុំនឹងឡាយហ្វេសប៊ុក មួយសាទៀត លើកលែងតែអ៊ីនធឺរណិតដាច់ ហើយថតឃ្លីបក៏មិនបាន ក៏ឡាយ នៅថ្ងៃបន្ទាប់ ស្អែកអីចឹងទៅ តែបើថាអត់ឡាយ គឺអត់ទេ ត្រូវតែឡាយម្តងទៀត ដើម្បីជ្រើសរើសផ្លូវបន្តថា ខ្ញុំគួរតែធ្វើដំណើរជីវិតផ្លូវណា? ផ្លូវរបស់ខ្ញុំ គឺត្រូវតែជួយកិច្ចការងារសង្គម បម្រើសង្គម និងពាក់ព័ន្ធនឹងនយោបាយ អត់ផ្លូវដទៃណាផ្សេងអត់ទេ មានមុខរបរណាផ្សេងអត់ប្រឡូកសង្គម គឺអត់ទេ ខ្ញុំដើរដល់ចំណុចនេះហើយ ឱ្យខ្ញុំដើរទៅចំណុចផ្សេង គឺអត់ដើរទេ អត់ធ្វើទេ…”។

អន្ទិតហោ សុខុន បន្តថា “មុននឹងខ្ញុំនិយាយបង្ហាញថា ខ្ញុំមានចំណេះដឹង ១០យ៉ាង ១០ជំនាញ អាហ្នឹងខ្ញុំអាចទៅរកស៊ីលក់ដូរ មានប្រពន្ធ ធ្វើការងាររកស៊ីអីផ្សេងបាន ប៉ុន្តែចាប់ពីថ្ងៃដែលខ្ញុំបង្ហាញថា ខ្ញុំមាន១០ជំនាញហ្នឹងហើយ ខ្ញុំបកក្រោយលែងបាន មានន័យថា ក្រៅពីការងារសង្គម នយោបាយ ខ្ញុំអត់អាចធ្វើអីបានមួយជីវិត ព្រោះខ្ញុំបានបង្ហាញហើយ បើបង្ហាញហើយត្រូវបញ្ជាក់ឱ្យឃើញ គ្រាន់តែថាដើរផ្លូវស្រប ឬដើរផ្លូវមិនស្រប តែប៉ុណ្ណឹងទេ អ៊ីចឹងប្រសិនបើសម្តេច មិនប្រើទេ នៅថ្ងៃនោះ ខ្ញុំនឹងឡាយហ្វេសប៊ុក ម្តងទៀត ហើយឡាយហ្វេសប៊ុក ម្តងទៀត ជម្រាបសម្តេចពុក និងសម្តេចនាយករដ្ឋមន្ត្រី ឱ្យរួចឱ្យហើយ ហើយសូមអភ័យទោសទុកជាមុន មិនមែនជាការគំរាម មិនមែនជាការអួតអាងអីទេ អត់ទេ ព្រោះវាជារបៀបធ្វើការ វាជារបៀបជ្រើសរើសផ្លូវដើរ។ ខ្ញុំស្បថសច្ចាបម្រើសម្តេចពុក សម្តេចនាយករដ្ឋមន្ត្រី ប៉ុន្តែបើសម្តេច មិនផ្តល់ឱកាស មិនប្រើខ្ញុំទេ ពេលនោះខ្ញុំជ្រើសរើសផ្លូវផ្សេង ឧទាហរណ៍ថា ដំបូងខ្ញុំជ្រើសរើសផ្លូវជាប្រជាពលរដ្ឋឯករាជ្យ តែខ្ញុំជួយជ្រោមជ្រែងបក្សប្រឆាំង ខ្ញុំផ្តល់យោបល់គ្រប់ យ៉ាង ខ្ញុំដើរបក្សប្រឆាំង មិនថាបក្សភ្លើងទៀន បក្សកម្លាំងជាតិទេ ខ្ញុំជួយឱ្យអស់លទ្ធភាពរបស់ខ្ញុំ សមត្ថភាពចំណេះដឹងខ្ញុំប៉ុន្មាន ខ្ញុំបញ្ចេញឱ្យអស់ តែខ្ញុំជាប្រជាពលរដ្ឋឯករាជ្យ នេះជម្រើសទី១ដំបូង ហើយបើសិនជាបក្សប្រឆាំង គេផ្តល់ឱកាសឱ្យខ្លាំងទៅមុខទៀត ចាំគិតទៀត ឬក៏ឈរជាពលរដ្ឋឯករាជ្យរហូត ដោយខ្លួនឯង។ ប៉ុន្តែទន្ទឹមនឹងនោះ ខ្ញុំសុំឱកាសបម្រើសម្តេច បង្ហាញបេះដូងចិត្ត ក៏ខ្ញុំស្បថដើម្បីបម្រើ គឺស្មោះត្រង់។ អ៊ីចឹងសួរថា ម្តងថាស្បថបម្រើសម្តេច ឥឡូវចង់ទៅណាទៀតហើយ? ហោ សុខុន ក្រឡេចក្រឡុច ពាក្យម្តងអ៊ីចេះម្តងអ៊ីចុះ អត់ទេ ស្តាប់ឱ្យទាន់សិន ពាក្យសម្បថរបស់ខ្ញុំ ជាប់ត្រឹមតែអត្ថបទទេ អត្ថបទដែលខ្ញុំសរសេរទៅនោះជាប់ គឺខ្ញុំទទួលខុសត្រូវសម្បថរបស់ខ្ញុំ ដូចខ្ញុំរៀបរាប់ហ្នឹង ខណៈដែលរឿងមួយៗហ្នឹង គឺចិត្តវាល្អបរិសុទ្ធបែបហ្នឹង មកដល់ខណៈដែលខ្ញុំកំពុងសរសេរ កំពុងដាក់ចិត្ត រហូតមកដល់ថ្ងៃនេះ ក៏ដោយ មិនទាន់សម្រេចចិត្តម្តងទៀត ចិត្តនៅតែស្មោះត្រង់អ៊ីចឹង អត់មានចិត្តវៀចវេរទេ អត់មានទេ ដរាបណាដល់ថ្ងៃដែលខ្ញុំស្បថម្តងទៀត ជ្រើសរើសផ្លូវម្តងទៀត អាហ្នឹងជារឿងផ្សេង វាដាច់ ហើយអានោះជារឿងមួយទៀត។ អ៊ីចឹងអត្ថបទគឺខ្ញុំទទួលខុសត្រូវ ស្បថទី១ បញ្ជាក់ពីអត្ថបទ ។ ស្បថទី២ ខ្ញុំស្បថបម្រើដោយស្មោះ អ៊ីចឹងខ្ញុំជាប់តែអត្ថបទទេ ខ្ញុំជាប់តែអត្ថបទស្បថទេ តែការបម្រើ ខ្ញុំអត់ជាប់សម្បថទេ ដោយសារខ្ញុំអត់ទាន់បានបម្រើសម្តេចតេជោ សម្តេចធិបតី ហ៊ុន ម៉ាណែត ឬត្រកូលហ៊ុន សូម្បីតែ១នាទីឡើយ កុំថាដល់ ១ម៉ោង យើងអត់បានធ្វើកិច្ចសន្យាអីជាមួយគ្នា អត់បានយល់ព្រម ឯកភាពជាមួយគ្នាផង ឱ្យខ្ញុំជាប់សម្បថយ៉ាងម៉េច? ខ្ញុំអត់ជាប់ទេ។ អ៊ីចឹងបើខ្ញុំជ្រើសរើសផ្លូវផ្សេង ខ្ញុំក៏ស្បថដូចគ្នា តែស្បថ មាន២របៀបណា អាស្បថមួយ ស្បថល្បិច ស្បថបញ្ញា ឬក៏ថាស្បថខូច និយាយល្អទៅ គេថាអានេះបញ្ញាណាស់ គេចូលចិត្តណាស់ បើគេមិនចូលចិត្ត គេថាអានេះល្បិចខូចណាស់ ស្បថម៉េច? ឧទាហរណ៍ថា ទៅជ្រើសរើសផ្លូវឯករាជ្យ ស្បថថា ខ្ញុំអត់ទៅបម្រើសម្តេចតេជោ ទេមួយជាតិនេះ ស្បថអ៊ីចឹងទៅ ដល់ពេលអស់ពីសម្តេចតេជោ ១០-២០-៣០ឆ្នាំទៀត តេជោ ស្លាប់ទៅ បម្រើកូនតេជោ បម្រើចៅតេជោ ដល់គេថា ចុះអ្ហែងស្បថលើកមុននោះ? ទេ! ខ្ញុំស្បថថាអត់បម្រើតេជោតើ! មិនមែនស្បថអត់បម្រើកូនចៅគាត់ឯណា អាហ្នឹងបើអ្នកចូលចិត្ត គេថាអាហ្នឹងឆ្លាតណាស់ ហើយសច្ចភាព អត់ខុសទេ ព្រោះយើងសម្តីប៉ុនណា គឺយើងប៉ុណ្ណឹង ព្រោះមនុស្សស្តាប់គ្នា ទាក់ទងគ្នាដោយសម្តី ដោយសំណេរ ដោយកាយវិការ អាហ្នឹងបើស្បថអ៊ីចឹង គេហៅថាស្បថឆ្លាត ស្បថខូច ស្បថល្បិច តែខ្ញុំអត់ទេ បើខ្ញុំស្បថថា ខ្ញុំអត់បម្រើត្រកូលហ៊ុន ប្រសិនបើដល់ពេលនោះ ដល់ថ្ងៃ១៨ ហ្នឹង សម្តេច មិនផ្តល់ឱកាសជ្រើសរើសទេ ខ្ញុំជ្រើសរើសផ្លូវរបស់ខ្ញុំ ខ្ញុំក៏ស្បថមិនបម្រើត្រកូលហ៊ុន ១ជាតិហ្នឹង ឬក៏គ្រប់ៗជាតិ មិនមែន ១ជាតិហ្នឹងទេ ចាប់ពីថ្ងៃសម្បថហ្នឹងទៅ គឺគ្រប់ៗជាតិហ្មង មិនបម្រើ បើសិនជាខ្ញុំទៅរកស៊ីលក់ដូរ អាហ្នឹងអត់ប្រកួតប្រជែង តែបើខ្ញុំដើរផ្លូវសង្គម ផ្លូវនយោបាយ វានៅតែប្រកួតប្រជែងគ្នា អាហ្នឹងត្រូវតែយើងលេងឱ្យអស់លទ្ធភាពដូចគ្នា ធ្វើម៉េចឈ្នះចាញ់ ប្រកួតប្រជែងគ្នាក្នុងសង្គមប្រជាធិតេយ្យ ដោយប្រាជ្ញា ដោយស្អីដែលមានប៉ុន្មាន យើងលេងគ្នាប៉ុណ្ណឹង អាហ្នឹងអ៊ិចឹង…”។

អន្ទិតហោ សុខុន បានបន្តថា “អ៊ីចឹងខ្ញុំបាទសូមជម្រាបថា មិនមែនជាការគំរាម មិនមែនជាការអួតអាង មិនមែនជាការដាក់សម្ពាធ បើគិតផ្លូវទាំងអស់ហ្នុង គឺខុសហើយ ខ្ញុំអត់ចង់ប្រើពាក្យមិនពីរោះទេ គ្រាន់តែចង់ប្រាប់ថា អត់ត្រូវទេ ព្រោះវាជាអនាគតរបស់ខ្ញុំ អត់អាចយកមក ត្រាំត្រែង ធ្វើចេះចុះទេ មនុស្សយើងសង្ខារវាមិនទៀង ជីវិតនៅពេលវ័យវាចេះតែទៅដែរហើយ ត្រូវការសាងអនាគតសាងអី ណាមួយឥឡូវហ្នឹង ចេះលួចស្រលាញ់កូនគេកូនឯង អ៊ីចឹងហើយអត់អាចចាំវែងពេកទេ ហើយណាមួយខ្ញុំជាអ្នកមានសមត្ថភាព តែមានសមត្ថភាពអ៊ីចឹងហើយមនុស្ស អ្នកខ្លះមានសមត្ថភាពដែរ ប៉ុន្តែអត់អាចធ្វើកើតទេ ដោយសារអត់ហ៊ានពិបាក អត់ហ៊ានលះបង់ អត់ហ៊ានឈឺចាប់ អត់ហ៊ានផ្សងគ្រោះថ្នាក់ អត់ហ៊ានផ្សងហានិភ័យ ធ្វើមិនកើតទេ អ្នកណាក៏ធ្វើកើតដែរ ចង់និយាយអ៊ីចឹងណា ប្រសិនបើដាក់ចិត្តដាក់កាយធ្វើ ក៏ប៉ុន្តែអ្នកខ្លះចរិតធម្មជាតិធ្វើវាអត់កើត វាខ្លាចលំបាក វាខ្លាចវេទនា វាខ្លាចជាប់គុក វាខ្លាចស្លាប់ អ៊ីចឹងធ្វើអត់កើតទេ វាខ្លាចពិបាក អ៊ីចឹងកុំថាឱ្យចាំ ១ឆ្នាំ ១០ឆ្នាំក៏ចាំបានដែរ វាអត់ជម្រើស សមត្ថភាពអ្នកណាក៏មានដែរ ធ្វើកើត ក៏ប៉ុន្តែចរិតធម្មជាតិ វាធ្វើអត់កើត តែខ្ញុំជាកញ្ចប់ សមត្ថភាពក៏មាន សេចក្តីក្លាហានក៏មាន អ៊ីចឹងបានខ្ញុំសរសេរអត្ថបទថ្ងៃមុន វាពាក់ព័ន្ធដល់អតីតអ្នកបួសខ្លះ ខ្ញុំសរសេរអត្ថបទនិយាយពីស្នេហា រៀបរាប់មនោសញ្ចេតនា ធម្មតាមនុស្សកំលោះ ធម្មតាទេ ដល់អ៊ិចឹងខ្លាចគេវ៉ៃប្រហារ ខ្ញុំដាក់ថា សូមអ្នកខ្លះកុំគិតក្នុងផ្លូវអាក្រក់ គេខ្លះគេសឹក ១អាទិត្យ គេដើរប្រាប់ការ មិនដឹងថាស្រលាញ់គ្នាលឿនដល់ថ្នាក់ណាទេ សរសើរគេស្រលាញ់លឿន អាសឹកហើយបានស្រលាញ់ ឬក៏ស្រលាញ់ពេលនៅលោក វាមាន២ ស្រលាញ់ពេលនៅលោក ហើយនិងសឹក ហើយ អ៊ីចឹងខ្លះគេឡើងធ្វើឯកឧត្តម ធ្វើអីទៅហើយ ខ្លះទៀតគេសឹកហើយ៣-៤ខែ ភ្ជាប់ពាក្យ ការទៅ ដល់ឥឡូវធ្វើគ្រូអភិធម្ម បង្រៀនធម៌ស៊ីជម្រៅទៀត ហើយប្រពន្ធគេ ក៏មានផ្ទៃពោះ មានអីបណ្តើរអ៊ីចឹងទៅ ហើយខ្ញុំសឹក ៥ឆ្នាំហើយ មានណា ហើយស្រលាញ់នារីម្នាក់មិនទាន់និយាយទូរស័ព្ទជាមួយគ្នាម្តងផង មិនដែលជួបគ្នាម្តងផង គ្រាន់តែថា មើលគ្នាតាមតិកតុក មើលតាមហ្វេសប៊ុក គ្រាន់តែថាយើងចាប់អារម្មណ៍គ្នា តែខ្ញុំមិនត្រឹមចាប់អារម្មណ៍ទេ ស្រលាញ់គេតែម្តង តែមិនដឹងថា សុភាពនារីម្នាក់ហ្នឹងគេស្រលាញ់ខ្ញុំអត់ អ៊ីចឹងគ្រាន់តែសរសេរការពារ ព្រោះបើមិនសរសេរប្រាប់ទេ មនុស្សអគតិច្រើន អ៊ីចឹងក៏ពន្យល់កន្លែងហ្នឹង ក៏ភ្ជាប់ប្រាប់ថា ខ្ញុំអត់បានវាយប្រហារអ្នកសឹកទេ ការសឹកទៅ ១អាទិត្យ ការ ខ្ញុំអត់រិះគន់ទេ ប៉ុន្តែបើខ្ញុំ អត់បង្ហាញថា អ្នកនេះគេធ្វើចេះដែរ ការពារកុំឱ្យអ្នកខឹងហ្នឹងកើតបាបទទេៗ មើលអ្នកនោះគេធ្វើអ៊ីចឹងដែរ អត់ខឹង អត់បន្ទោស រួចមកដល់ត្រង់ខ្ញុំ អគតិ អ៊ីចឹងខ្ញុំប្រាប់មុន ខ្ញុំថាមានគេលើសខ្ញុំនោះ ខ្ញុំគ្រាន់តែសរសេរប៉ុណ្ណឹង ខ្ញុំគ្រាន់តែលើកប្រាប់អ៊ីចឹង ខ្ញុំអត់បានរិះគន់ទេ គ្រាន់តែប្រាប់ថា មានគេបែបហ្នុង មើលផង។ ខ្ញុំមិនមែនអួតទេ តែខ្ញុំថា មិនមែនគីឡូខ្ញុំទេ គីឡូខ្ញុំ គីឡូយកសមត្ថភាពពិតប្រាកដទៅជួយ ទៅបម្រើ និងដាក់ជីវិតទៅជួយ ទៅបម្រើ មិនមែនគីឡូសមត្ថភាពអែបអបទេ កន្លែងហ្នឹង ចង់ជម្រាបអ៊ីចឹង ចង់ប្រាប់ថា ខ្ញុំគឺអ៊ីចឹង មានសមត្ថភាពជាកញ្ចប់ មានគ្រប់យ៉ាង អ្នកខ្លះមានសមត្ថភាព ចំណេះដឹង តែសេចក្តីក្លាហានវាគ្មាន បើមានក៏មានកម្រិតដែរ មិនអាចដល់មេឃ ខ្ពស់ជាងមេឃទេ អ្នកខ្លះក្លាហាន ក្លាហានមានកម្រិត អ៊ីចឹងខ្ញុំមានហេតុផលបែបហ្នឹង…”។

អន្ទិតហោ សុខុន បានបន្តទៀតថា “ហើយការពិតមួយទៀត គឺនិយាយត្រង់ថ្ងៃនេះ ប្រុងឡាយហើយស្បថតែម្តង ប្រុងឡាយថ្ងៃហ្នឹង ស្បថថ្ងៃហ្នឹងតែម្តង ក៏ប៉ុន្តែមានហេតុផល២-៣ ហេតុផលទី១- គិតថា ខ្ញុំចង់ទុកឱ្យសច្ចភាពនៃគុណធម៌ខ្ញុំ មិនចង់ទុកឱកាសឱ្យខ្លួនឯង ហើយក៏អត់ គិតថាឱ្យឱកាសពីណា គឺអត់ទេ គឺទុកឱកាសឱ្យសច្ចភាពនៃគុណធម៌ ភាពត្រឹមត្រូវបង្ហាញមក ពេលវេលាដែលនៅសល់ ដូចថាថ្ងៃនេះ ថ្ងៃទី១០ ដល់ថ្ងៃ១៧ ថ្ងៃ១៨ បើមិនមានអីជាក់លាក់ទេ អាហ្នឹងយើងគ្មាននិស្ស័យជាមួយសម្តេច ទេ ត្រូវស្បថម្តងទៀត អ៊ីចឹងពេលវេលាប៉ុណ្ណឹង គឺអាចកុំឱ្យថា ធ្វើការម៉ាត់ៗពេក ដាច់អហង្ការពេក ប៉ុន្តែសួរសម្តេច ដឹងទេ? កូនចៅសម្តេច ដឹងទេ? អត់ទេ សុទ្ធតែដឹង ហ្វេសប៊ុកគេ គេសុំចុះចូលជាមួយសម្តេច ហ្វេសប៊ុកគេ អត់ល្បីផង បង្ហោះទៅ មានអ្នក Like អត់បាន ៥០០ផង អត់សូវមានអ្នកមើលផង អត់ល្បីនិយាយរួមទៅ អត់បាន ៤-៥ថ្ងៃផង សម្តេច ទទួលមក ថាខ្ញុំទទួលបានហើយនូវលិខិតគោរពជូនខ្ញុំ គេសរសេរតាមហ្វេសប៊ុកផង មានហើយ មិនមែនអត់ដែលមានទេ ខ្ញុំវិញ ហ្វេសប៊ុកដាក់ គោរពជូនសម្តេច អ្នកឱ្យមេដៃ និងឱ្យបេះដូង ១ម៉ឺន៧ពាន់នាក់ អ្នកបានអានអត្ថបទហ្នឹង ជាង២០ម៉ឺននាក់ រួចបើសម្តេច ឆ្លើយថាមិនដឹងទេ អត់បានដឹងដែរ កូនចៅត្រកូលហ៊ុន កូនចៅសម្តេច ឬក៏សម្តេច នាយករដ្ឋមន្ត្រី ឆ្លើយថាអត់ដឹង អាហ្នឹងវាដូចជាខុសសច្ចភាព មិនអាចទេ អ៊ីចឹងវាខុសគេ ខ្ញុំវាខុសគេពេក បើខ្ញុំអត់ស្បថ អ្នកណាគេជឿខ្ញុំ គោលជំហរខ្ញុំ? ខ្ញុំត្រូវតែច្បាស់ គេសង្ស័យខ្ញុំ ខូចអនាគតខ្ញុំ ខូចគោលដៅខ្ញុំ គោល ការណ៍របស់ខ្ញុំ ង៊ីចឹងពេលទៅចង់បម្រើសម្តេច ក៏ខ្ញុំស្បថ ទៅផ្សេង ក៏ខ្ញុំស្បថថាអត់បម្រើសម្តេច អត់បម្រើសម្តេចនាយករដ្ឋមន្ត្រី អត់បម្រើត្រកូលហ៊ុន តែម្តង ប្រសិនបើដល់ពេលនោះ ព្រោះអត់និស្ស័យជាមួយគ្នាហើយ ហើយក៏សបញ្ជាក់បានថា ឱ្យមហាជនឃើញថា អាហ្នឹងមនុស្សដែលទី១ នៅស្រុកខ្មែរ បើនិយាយខ្មែរ មួយពិភពលោក ខ្ញុំទី២ មនុស្សទី១ នៅស្រុកខ្មែរ គឺហោ សុខុន ដែលសុំបម្រើសម្តេច ហើយសម្តេច អត់អាចទទួល មិនទទួលបាន។ បើនិយាយពីខ្មែរពិភពលោក គឺខ្ញុំលេខ២ បន្ទាប់ពីឯកឧត្តម សម រង្ស៊ី មក ព្រោះសម្តេច ប្រកាសហើយថា អត់ទទួលតែម្នាក់ទេ ឯកឧត្តម សម រង្ស៊ី អ៊ីចឹងមានន័យថា ប្រសិនបើដល់ថ្ងៃនោះ សម្តេច មិនផ្តល់ឱកាសឱ្យខ្ញុំ មានន័យថា ថ្ងៃក្រោយ កុំថាម្នាក់ ត្រូវថា ២នាក់ ថាម្នាក់ខុសហើយ ត្រូវថាអត់ទទួលតែ ២នាក់ទេ គឺសម រង្ស៊ី និងហោ សុខុន ក្រៅពីហ្នឹងអ្នកណាក៏ទទួលដែរ កំប៉ិកកំប៉ុកអង្ករកំប៉ុង ក៏ទទួលដែរ អាហ្នឹងអត្ថន័យថាចឹង អាហ្នឹងនិយាយស្រាលណា អាហ្នឹងស្រេចមនុស្សយល់ទេ មិនមែនខ្ញុំយល់អ៊ីចឹងទេ ព្រោះមនុស្សគេយល់ច្រើនជាងហ្នឹង អ្នកខ្លះគេយល់ជ្រៅជាងហ្នឹងទៀត គេថា អូហ៍ បែបសម្តេច ស្អប់ហោ សុខុន ស្អប់ដល់ឆ្អឹង ស្អប់ខ្លាំងហើយ… អីចឹងទៅ អ្នកខ្លះគេយល់បែបអ៊ីចឹងទៅ អ្នកខ្លះគេយល់បែប ប៉ុណ្ណេះទៅ គឺមានច្រើន តែច្បាស់ណាស់ មិនចូលចិត្ត មិនពេញចិត្ត គ្រាន់តែថារឿងកម្រិតណា ខ្ញុំអត់ដឹងទេ ព្រោះអត់ផ្តល់ឱកាស អាហ្នឹងអត្ថន័យវាអ៊ីចឹង វាអត់មានអត្ថន័យអីផ្សេងទេ មិនមែនថា អញមិនផ្តល់ឱកាសឱ្យអ្ហែង អញស្រលាញ់អ្ហែងទេណា អ្ហែងធម្មតាតើ! អត់មានទេ អាពាក្យធម្មតា ក៏មិនមែន អាស្រលាញ់ក៏មិនមែន អត់អីទេ ខ្ញុំបើមាននិស្ស័យ គឺមាននិស្ស័យហើយ ព្រោះពាក្យពីរោះ ពាក្យចេញពីបេះដូង ពាក្យពិត ពាក្យសច្ចៈ រហូតដល់ស្បថស្បែដាក់ជីវិត ព្រោះខ្ញុំអ្នកគោរពផ្លូវលោក ផ្លូវធម៌ ផ្លូវបារមី អត់ចេះនិយាយផ្តេសផ្តាសអីទេ សម្តីខ្ញុំអត់ទេ មានតម្លៃស្មើជីវិត ថ្លៃជាងជីវិត អ៊ីចឹងពាក្យពីរោះ មាននៅទីនោះអស់ហើយ អ៊ីចឹងខ្ញុំអត់បាច់បញ្ចូលបន្ថែមទៀតទេ ព្រោះម៉ោងនេះ ម៉ោងគោរពជូនសម្តេច ម៉ោងដែលគោរពសុំអនុញ្ញាត រៀបរាប់បង្ហាញមនោសញ្ចេតនា នៅក្នុងអត្ថបទ អ៊ីចឹងខ្ញុំសុំមិនយកពាក្យផ្អែមល្ហែម ពាក្យពីរោះពិសា ពាក្យបង្ហាញបេះដូង ពាក្យស្អីៗល្អហ្នុង នៅក្នុងអត្ថបទ។ ពេលនេះជាពេលជូនដំណឹង បើថាមាននិស្ស័យក៏មាន អត់និស្ស័យក៏អត់អីដែរ តាមហ្នឹងចុះ នេះហេតុផលដែលខ្ញុំចង់ជម្រាប…”។

អន្ទិតហោ សុខុន បានបញ្ជាក់ថា “ហេតុផលមួយទៀត  ដោយសារតែទី១-ហេតុផលសច្ចភាពនៃគុណធម៌ ពេលវេលាហ្នឹង ទី២-ហេតុផលដោយសារប្អូនបង្កើតរបស់ខ្ញុំ ប្អូនទី៥ គេរៀនចប់បណ្ឌិតហើយ ហើយពីម្សិលម៉្ងៃ គេឱ្យប្អូនស្រីពៅ ឆាតមកខ្ញុំ សុំអត្តសញ្ញាណប័ណ្ណ សុំសំបុត្រ កំណើត ហើយដូចជាអត់មានទាក់ទងអីយកទៅឱ្យខ្ញុំជួយបញ្ជាក់អី បង់រំលស់ផ្ទះ បង់រំលស់ឡានអី អត់មានទេ មិនដឹងគេមានការអីគេទេណា ហើយគេធ្វើការងាររដ្ឋ នៅក្រសួង ជាមួយមេដែរ ហើយមេធំហ្នឹង ក៏ត្រកូលម្នាក់ ក្នុងចំណោមត្រកូលហ៊ុនដែរ មេធំរបស់គេ ឯកឧត្តមធំ អ៊ីចឹងបើសិន ខ្ញុំឡាយស្បថថ្ងៃនេះ ខ្ញុំខ្លាចតែថ្ងៃស្អែកទៅ ស្រាប់តែចេញក្រដាសតែងតាំងមក ពីព្រះមហាក្សត្រ ឯណេះ ឯណោះមក ថាហោ សុខុន ឆេវឆាវពេក ធ្វើការលឿនពេក រកគេសម្រេចអីមិនទាន់ មិនមែនកំហុសគេឯណា ទៅជាកំហុសខ្ញុំវិញ អត់ទេ អាក្បាច់ហ្នឹងខ្ញុំអត់ឱ្យទេ ព្រោះខ្ញុំល្អិតណាស់ ហ្មត់ចត់ណាស់ បើទោះបីយ៉ាងម៉េច ក៏ខ្ញុំធ្វើដើម្បីគុណធម៌ដែរ មិនមែនដើម្បីខ្ញុំ ហើយក៏មិនមែនដើម្បីអ្នកណា តែការសម្រេចចិត្តរបស់ខ្ញុំ គឺមិនថា ១០០ភាគរយទេ តែក្នុងនាមបុថុជ្ជជន គឺកម្រមានអ្នកធ្វើបានដែរ វាយុត្តិធម៌ វាស្មើភាព វាសច្ចភាព វាគុណធម៌ អ៊ីចឹងការពារទុកដែរ ខ្លាចមានការគាប់ជួនអីចឹង។ អ៊ីចឹងជម្រាបពីពេលនេះទៅ វាអត់អី ៦ថ្ងៃ ដល់ថ្ងៃទី៧ បានស្បថ រាប់ពីស្អែកទៅ អ៊ីចឹងអាពាក្យដែលថា លឿនពេក ឆេវឆាវពេក តក់ក្រហល់ ធ្វើការងារបែបគំនិតក្មេង អត់មានទេ ប្រើអត់បានទេពាក្យទាំងអស់ហ្នឹង ប្រើអីក៏អត់សម ឆ្លើយយ៉ាងម៉េចក៏អត់សមដែរ ហើយគ្រប់ការឆ្លើយ ខ្ញុំនឹងតបទាំងអស់ ឆ្លើយបែបណាក៏ខ្ញុំតបពន្យល់ទៅវិញ…”។

អន្ទិតហោ សុខុន បានបញ្ជាក់បន្ថែមជាចុងក្រោយថា “នេះដូចជាច្បាស់លាស់ហើយ អត់មានអីទៀតទេ ហេតុផលខ្ញុំគោរពជូនអ៊ីចឹង ខ្ញុំគ្រាន់តែបង្ហើបប៉ុណ្ណឹង ព្រោះអីជម្រាបជូនប៉ុណ្ណឹង អារឿងស្បថរឿងអី បើអត់ស្បថម៉េចកើត អត់កើតទេ បើខ្ញុំយកក្រេឌីតខ្ញុំមកស្បថដាក់សម្តេចហើយ ទៅកន្លែងផ្សេង ខ្ញុំអត់ស្បថទេ គេថាអានេះ ទៅយកក្រេឌីតឡើងតើ ទៅសុំវិទ្យុអាស៊ីសេរីឡើង គេអត់ទាន់ឆ្លើយតបសារផង ហេតុអី? ខ្ញុំយល់ពីគេ គេខ្លាចតែហោ សុខុន ឡើងទៅ និយាយដើម្បីឱ្យឡើងក្រេឌីត ឡើងក្រេឌីតហើយ ដើម្បីចុះចូល ឡើងក្រេឌីតហើយ ដើម្បីលក់ក្បាល អាហ្នឹងភាសា មិនដឹងគេប្រើមួយណាទេណា បើភាសាគួរសម គេហៅចុះចូល បើភាសាគេវ៉ៃប្រហារ គេមើលងាយ ប្រមាថទៅ គេថាលក់ក្បាល សូម្បីតែសុំគេឡើងអាស៊ីសេរី ការពិតត្រូវស្បថនៅអាស៊ីសេរី ឡើងទៅស្បថនៅអាស៊ីសេរី តែម្តង ឱ្យគេសួរសំណួរគ្រប់បែបយ៉ាង មិនថាសំណួរក្តៅប៉ុនណា រសើបប៉ុនណា ស៊ីជម្រៅប៉ុនណាទេ សួរមក ហើយស្បថ ត្រៀមធូប ៩ដើម ទិញអាធូបធំៗ ហើយត្រៀមរូបត្រៀមអីអស់ហើយថា ប្រុងឡើងអាស៊ីសេរី ដើម្បីស្បថ ប៉ុន្តែដល់ពេលគេមិនទាន់ឆ្លើយតប ជួនកាលគេមិនទាន់ឆ្លើយតប គេរវល់ ជួនកាលគេគិត អាចគិតដែរ ឡើងទៅ គេឆ្លាត គេមានខួរក្បាល គេចេះគិតដែរ ខ្លាចខ្ញុំឡើងទៅអី យកក្រេឌីត ដើម្បីចុះចូល ដើម្បអី ខ្ញុំឯណាអ៊ីចឹង ខ្លាចតែមិនទាន់ឡើង អាហ្នឹងរឿងផ្សេង កាលមិនទាន់ឡើង គេឃាត់ អាហ្នឹងធ្វើម៉េចវាឃាត់ ដូរវិញទៅ ប៉ុន្តែឡើងហើយ និយាយហើយ អត់អាចទេ បើខ្ញុំស្បថហើយ អត់អាចទេ កុំថាទ្រព្យសម្បត្តិក្នុងលោកនេះទាំងអស់ អត់អាចទេ បុណ្យស័ក្តិក្នុងលោកនេះទាំងអស់ អត់អាចទេ តែខ្ញុំស្បថហើយ ឱ្យខ្ញុំ ១ពាន់លានដុល្លារ ក៏អត់អាច ឱ្យខ្ញុំទៅធ្វើនាយករដ្ឋមន្ត្រី ក៏អត់អាចដែរ មិនមែនលុយហ្នឹងអត់តម្លៃទេ ១ពាន់លានដុល្លារ ច្រើនណាស់ មានតម្លៃណាស់ មិនមែនតំណែងរដ្ឋមន្ត្រី អន់ទេ មិនមែនតំណែងឧបនាយករដ្ឋមន្ត្រី អន់ទេ មិនមែនតំណែងនាយករដ្ឋមន្ត្រី អន់ទេ មិនមែនទេ អស្ចារ្យណាស់ វាជាបុណ្យព្រេងសំណាងក្រៃលែង មិនមានអ្នកណាងាយទៅធ្វើបានទេ ចុះម៉េចបានហោ សុខុន មិនយក? ថាយកទេ របស់នោះមានតម្លៃណាស់ តែតម្លៃមិនស្មើពាក្យសច្ចៈរបស់ខ្ញុំទេ ហើយបម្រើមួយទៀត អាមួយល្បិចអត់បម្រើអ៊ីចឹង អត់បម្រើចំហ ប៉ុន្តែទៅបម្រើចារកម្ម ជនបង្កប់ អត់ទេ ខ្ញុំមានសមត្ថភាពធ្វើឱ្យផ្អើលស្រុកខ្មែរ បានខ្ញុំមានសមត្ថភាព មិនមែនបទចម្រៀងគេថា ក្រឡុកត្រង់ណា កុំក្រឡុកប៉ះខ្ញុំ ក្រឡុកទីក្រុង តែហោ សុខុន មិនមែនក្រឡុកទីក្រុងទេ គឺផ្អៀង ស្រុកខ្មែរ សមត្ថភាព ព្រោះកន្លងមក អត់ទាន់មានបញ្ចេញអីផងហ្នឹង គ្រាន់តែបង្ហើបៗតើ! អាហ្នឹងបើថាទៅចូលបក្សកាន់អំណាច សមត្ថភាពមិនចំណាប់ទេ ជួនកាលទៅអង្គុយមើលកាសែត ក៏បាន អង្គុយឱ្យតែមានកិត្តិយសរស់នៅសមរម្យទៅ ដណ្តឹងប្រពន្ធ ដណ្តឹងកូនគេ ឱ្យកិត្តិយសប្រពន្ធកូនគេ គេថានារីដែលយើងស្រលាញ់ ផ្តល់កិត្តិយសឱ្យគេ មានការងារធ្វើត្រឹមត្រូវសមរម្យ មានកិត្តិយស ប្រពន្ធគេបានប្តីឯកឧត្តមអីទៅ ទីប្រឹក្សានាយករដ្ឋមន្ត្រីអីទៅ អាហ្នឹងអ៊ីចឹងទៅណា រឿងថាគេប្រើប៉ុនណា មិនប្រើ ធ្វើតែការងាររដ្ឋ ឱ្យតែបានការងាររដ្ឋល្អ ត្រង់ថា ប្រើនយោបាយស៊ីជម្រៅ មិនស៊ីជម្រៅ អត់អីទេៗ ខ្ញុំអត់ទាមទារទេ បើប្រើខ្ញុំ មានន័យថាខ្ញុំវាមានតម្លៃណាស់ ខ្ញុំយល់អ៊ីចឹងថា ខ្លួនឯងមានតម្លៃ បើអត់ប្រើខ្ញុំ ក៏ជាបុណ្យរបស់ខ្ញុំដែរ អត់អីទេ ពីព្រោះថា កាលណាប្រើហើយ គំនិតបញ្ចេញចង់តែឱ្យជោគជ័យ ចង់តែឱ្យឈ្នះ វាអាចរាងធ្ងន់-ស្រាល លើសលស់ ខ្វះខាតអីខ្លះ បុថុជ្ជជន គឺអ៊ីចឹង អ៊ីចឹងបើប្រើ គឺជាតម្លៃ បើគេប្រើកិច្ចការងារសំខាន់ ក៏ប៉ុន្តែបើអត់ប្រើ ក៏ជាបុណ្យដែរ អត់អីទេ ហើយខ្ញុំបើសមត្ថភាពខ្ញុំ បើធ្វើបើក បក្សនយោបាយ ដៃផ្ទាល់ខ្លួនឯង អាច១៥ឆ្នាំ យ៉ាងយូរ ១៥ឆ្នាំ អត់ឱ្យលើសហ្នឹងទេ អាច១០ឆ្នាំឈ្នះ ឬ១៥ យ៉ាងយូរ ៣អាណត្តិ អស់ហើយ ប៉ុន្តែបើមានចលនាស្រាប់ហើយ ដូចបក្សកម្លាំងជាតិ បក្សភ្លើងទៀននេះ អ្នកប្រជាធិតេយ្យ ទៅរួមជាមួយ ចលនាដែលមានហើយ បក្សធំហើយស្រាប់បែបនេះ ២អាណត្តិច្រើនពេកហើយ បើមិនឈ្នះ ឈប់ធ្វើហ្មង មិនមែនឈប់ធ្វើទេ បើមិនឈ្នះ លះបង់ជីវិតហ្មង លែងរស់ហ្មង ខ្ជិលរស់ តែអាហ្នឹងយ៉ាងយូរ ២អាណត្តិ តែភាគច្រើនតែ ១អាណត្តិទេ ១អាណត្តិ គ្រប់គ្រាន់ហើយ អាហ្នឹងសមត្ថភាពរបស់ខ្ញុំ អត់អួតទេ បើខ្ញុំគ្មានសមត្ថភាពធ្វើទេ ខ្ញុំគ្រាន់តែជាសត្វឆ្កែ ១ក្បាល បើខ្ញុំគ្មានសមត្ថភាព ខ្ញុំសុខចិត្តចុះនរក ខ្ញុំយកសមត្ថភាពពិត ទៅជួយ ទៅបម្រើ ដាក់សមត្ថភាពពិត ទៅជួយ ទៅបម្រើ មិនមែនគីឡូបែបសមត្ថភាពអែបអបទេ គោលការណ៍របស់ខ្ញុំអ៊ីចឹង បើអត់ប្រើខ្ញុំ ខ្ញុំទៅទៀត ខ្ញុំនៅចាំម៉េចកើត ខូចអនាគតកូនគេអស់ ខំស្រលាញ់កូនគេ ហើយកុំគិតថា ខ្ញុំទៅប្រើធ្វើនេះធ្វើនោះខុសច្បាប់ គឺអត់ទេ ជួលខ្ញុំធ្វើក៏អត់ធ្វើដែរ គំរាមសម្លាប់ឱ្យខ្ញុំធ្វើ ក៏អត់ធ្វើដែរ អើបើថាចូលបក្សកាន់ អំណាច គេហៅចន្លោះច្បាប់អី ពេលខ្លះយើងធ្វើដែរ វាអត់ខុសច្បាប់ទេ វាចន្លោះ ប្រើអំណាចខ្លះអី យើងធ្វើដែរ ប៉ុន្តែបើថាឱ្យឈរលើបក្សប្រជាធិបតេយ្យ ឈរលើផ្លូវឯករាជ្យនេះ កុំសង្ឃឹមថាខ្ញុំទៅធ្វើអំពើខុសច្បាប់ អាក្រក់ កុំសង្ឃឹមឱ្យសោះ មិនមែនតែជាតិហ្នឹងទេ គ្រប់ជាតិ ព្រោះ ចរិតធម្មជាតិ វាមកអ៊ីចឹង ខ្ញុំប្រើតែបញ្ញា ខ្ញុំប្រើតែសមត្ថភាពរបស់ខ្ញុំបានហើយ មិនឱ្យខុសច្បាប់ទេ ធ្វើមិនឱ្យខុសច្បាប់ហើយ ការពារទៀត ការពារគេចោទប្រកាន់ លាបពណ៌ មួលបង្កាច់ទៀត។ ត្រង់នេះ ចង់ថាខ្ញុំអួត ចង់ថាខ្ញុំដាក់សម្ពាធអី តែទើសហើយ តែមានកម្មជាមួយគ្នា តែកម្មវាទាញទៅ រកពៀរវេរាហើយ ស្អីក៏ទើសដែរ រកកន្លែងទើសទាល់តែឃើញ ហើយបើថាអត់មានកម្មពៀរវេរាជាមួយគ្នាទេ វាអត់ទើសទេ អ្ហែងខូចក៏ស្រលាញ់ដែរ គេស្អប់អ្ហែងច្រើនគេថ្កោលទោសអ្ហែងច្រើន ក៏ស្រលាញ់អ្ហែងដែរ ការពារអ្ហែងដែរ រួចបើមានកម្មពៀរវេរាជាមួយគ្នាហើយ អ្ហែងល្អម៉េចក៏ដោយ រកកន្លែងទើសទាល់តែឃើញ។ ខ្ញុំស្មោះខ្ញុំត្រង់ ខ្ញុំសរសេររៀបរាប់អត្ថបទថ្ងៃមុនអស់ហើយ បើអត់ស្រលាញ់មនុស្សត្រង់ ក៏អត់អីដែរ ទុកខ្ញុំទៅរកកន្លែងផ្សេង…”៕ ដារិទ្ធ

RELATED ARTICLES