ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរមួយ ស្តីពីការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ក្នុងបំណងធានាឱ្យបាននូវការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន មានប្រសិទ្ធភាពខ្ពស់ ឈរលើអភិក្រមពង្រឹងនិងការរៀបចំផ្ទះរបស់ខ្លួន ឱ្យរៀបរយ។
សារាចរ ស្តីពីការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានខ្លឹមសារ ទាំងស្រុងថា «យោងព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី អនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន អនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិង មុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អនុក្រឹត្យលេខ១១ អនក្ព្របក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន និងផ្អែកលើស្នូលនៃ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ព្រមទាំងដើម្បីធានាឱ្យបាននូវការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន មានប្រសិទ្ធភាពខ្ពស់ ឈរលើអភិក្រមពង្រឹង និងការរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ រាជរដ្ឋាភិបាល សូមដាក់ចេញនូវវិធានការពាក់ព័ន្ធនឹងការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដូចខាងក្រោម ៖
១. គោលការណ៍នៃការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធ
– ការពង្រឹងនិងការរៀបចំឱ្យបានរៀបរយនូវរចនាសម្ព័ន្ធដែលមានស្រាប់ ៖ ក្រសួង ស្ថាប័ន ត្រូវពិនិត្យនិងរៀបចំរចនាសម្ព័ន្ធដែលមានស្រាប់ ឱ្យបានរៀបរយ ដោយប្រើប្រាស់ឱ្យអស់នូវលទ្ធភាពនិងសក្តានុពល ក្នុងការកែ លម្អការអនុវត្តមុខងារដែលជាសមត្ថកិច្ចរបស់ខ្លួន ការរៀបចំរចនាសម្ព័ន្ធឱ្យបានសមស្រប ក្នុងការគាំទ្រការអនុ វត្តមុខងារ និងការរៀបចំរំហូរការងារក្នុងក្រសួង ស្ថាប័ន ព្រមទាំងការកំណត់គណនេយ្យភាព និងការទទួល ខុសត្រូវច្បាស់លាស់ក្នុងការបំពេញការងារ។
– ការរក្សាចំនួនអង្គភាព ៖ ការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន មិនត្រូវនាំឱ្យមានការបង្កើនចំនួនអង្គភាព ទោះក្នុងកម្រិតណាមួយក៏ដោយ ឬបន្ថែមទម្ងន់បែបបទនិងនីតិវិធីដែលមានស្រាប់ នៅតាមអង្គភាពរបស់ក្រសួង ស្ថាប័នឡើយ។ ក្រសួង ស្ថាប័ន ត្រូវ ពិនិត្យឡើងវិញរចនាសម្ព័ន្ធមានស្រាប់ ដែលមិនឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន និងក្របខ័ណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីធ្វើការកែសម្រួលឬច្របាច់បញ្ចូលគ្នា ឬលុបចោល។ ដោយឡែកការបង្កើតអង្គភាពថ្មី ត្រូវផ្អែកលើហេតុផលច្បាស់លាស់ ដើម្បីប្រសិទ្ធភាពការងារ និងឆ្លើយតបនឹងការតម្រូវដែលមានក្នុងក្របខ័ណ្ឌគោលន យោបាយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។
– ការរក្សានូវកម្រិតឬឋានៈអង្គភាព ៖ ការរៀបចំនិងកែសម្រួលរចនាសម្ព័ន្ធដែលមានស្រាប់របស់ក្រសួង ស្ថាប័ន មិនត្រូវធ្វើការដំឡើងកម្រិត ឬឋានៈអង្គភាព ដែលជាហេតុនាំឱ្យមានការកើនរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ឡើយ។
– ការធានានូវប្រសិទ្ធភាពនៃការគ្រប់គ្រងនិងប្រើប្រាស់ធនធានមនុស្សនិងថវិកា ៖ ការរៀបចំនិងការកែ សម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ត្រូវអនុវត្តដើម្បីធានាឱ្យបាននូវការគ្រប់គ្រងនិងប្រើប្រាស់ធនធានមនុស្ស និងថវិកា ប្រកបដោយប្រសិទ្ធភាពខ្ពស់។
២. ការរៀបចំ ការបង្កើតនិងការកែសម្រួលរចនាសម្ព័ន្ធ
– ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន រួមទាំងការបង្កើតនិងការកែសម្រួលរចនា សម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ត្រូវអនុវត្តដោយផ្អែកលើលក្ខខណ្ឌនៃការពិនិត្យឡើងវិញជារួមនូវមុខងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងរចនាសម្ព័ន្ធដែលមានស្រាប់ រួមទាំងរចនាសម្ព័ន្ធចំណុះក្រសួង រដ្ឋលេខាធិការដ្ឋាន និងរចនាសម្ព័ន្ធរបស់ស្ថាប័ន ក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ គណៈកម្មការ និងយន្តការនានា ដែលក្រសួងនិងរដ្ឋលេខាធិការដ្ឋានត្រូវទទួលបន្ទុក។
– ការបង្កើតនិងការកែសម្រួលក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ គណៈកម្មការ ឬអង្គភាពថ្មី ដើម្បីបំពេញបេសកកម្មនិងមុខងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ន ក្រសួង ស្ថាប័ននោះ ត្រូវប្រើប្រាស់រចនាសម្ព័ន្ធគ្រប់គ្រងដែលមានស្រាប់របស់ក្រសួង ស្ថាប័ន ធ្វើជាលេខាធិការដ្ឋាន ដោយមិនត្រូវបង្កើតឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងអចិន្ត្រៃយ៍ថ្មីឡើយ លើកលែងស្ថាប័ន ក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មា ធិការ និងយន្តការនានាដែលត្រូវបង្កើតអនុលោមបទប្បញ្ញត្តិដែលមានកំណត់ក្នុងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។
– ក្នុងករណីចាំបាច់ ក្រសួង ស្ថាប័ន ត្រូវធ្វើការពិនិត្យឡើងវិញ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីធានាឱ្យការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន មានដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងខ្លឹមសារនៃសារាចរនេះ។
៣. បែបបទនិងនីតិវិធីនៃការពិគ្រោះយោបល់
– ក្រសួង ស្ថាប័ន ត្រូវលើកសំណើនៃការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធរបស់ខ្លួន មកក្រសួងមុខងារសាធារណៈ ដើម្បីពិគ្រោះយោបល់ អនុលោមបទប្បញ្ញត្តិដែលមានកំណត់ក្នុងអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធ គ្រប់គ្រង និងមុខតំណែង ក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
– បន្ទាប់ពីបានឆ្លងការពិគ្រោះយោបល់ខាងលើរួច សំណើរបស់ក្រសួង ស្ថាប័ន ត្រូវដាក់ឆ្លងកិច្ចប្រជុំនានា ដែលរៀបចំដោយទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីទទួលបានការពិនិត្យនិងផ្តល់យោបល់ពីគ្រប់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ អនុលោមតាមបែបបទនិងនីតិវិធីជាធរមាន។
– ទីស្តីការគណៈរដ្ឋមន្ត្រី លើកសំណើដែលបានដាក់ឆ្លងកិច្ចប្រជុំពិគ្រោះយោបល់រួចរាល់ ជូននាយករដ្ឋមន្ត្រី ពិនិត្យនិងសម្រេច។
ទទួលបានសារាចរនេះ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ គ្រប់ក្រសួង ស្ថាប័ន ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់»៕