ភ្នំពេញ៖ម្ចាស់ពានBeat The Best រដូវកាលទី២ នាងលីន សោម៉ា ត្រូវបានគេទម្លាយនាងស្និតស្នាលជាមួយបុរសម្នាក់នៅថ្ងៃនាងលើកពានមួយនេះនៅថ្ងៃ១ មិថុនា ដែលធ្វើឲ្យគេសង្ស័យថាប្រុសរូបនោះគឺជាគូស្នេហារបស់តារាចម្រៀងវ័យក្មេងរូបនេះ ។ការលើកឡើងបែបនេះព្រោះតែបុរសនោះបានបញ្ចេញសកម្មភាពហាក់ ដូចជាយល់ចិត្តនាងខ្លាំងហើយថែមទាំងនៅក្បែនាងសឹងគ្រប់ពេលវេលាទៀតផង ដូចជារៀងរាល់ពេលដែលសីម៉ា ទៅប្រលងរហូតដល់លើកពាន។
ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៣ មិថុនា នាងសោម៉ា វាចាតាមពិតអ្នកស្និតនាងមានច្រើន ប៉ុន្ដែទទួលស្គាល់ថាគេចាប់អារម្មណ៍តែបុរសខាងលើមែន ហេតុនេះនាងក៍មិនដឹងជាធ្វើម៉េចដែរ ។ប៉ុន្ដែម្ចាស់ពានរូបនេះសង្កត់ថា”គាត់មិនមែនជាសង្សាររបស់ខ្ញុំទេ ។គាត់ជាបងប្រុសរបស់ខ្ញុំ ប៉ុន្ដែមិនមែនជាបងប្អូនបង្កើត។ខ្ញុំស្និតជាមួយគេច្រើននាក់ តែមិនដឹងម៉េចគេចាប់អារម្មណ៍តែខ្ញុំជាមួយគាត់ “។
លីន សោម៉ា បញ្ជាក់ច្បាស់ៗថានាងមិនទាន់មានគូជីវិត ឬសង្សារនោះទេ គឺបេះដូងនៅទំនេរ ។តែទំនាក់ទំនងរវាងនាងនិងបុរសខាងលើនោះពិតជាគ្មានភាពស៊ីជម្រៅរហូតក្លាយទៅជាសង្សារនោះទេ ព្រោះនាងចាត់ទុកបុរសនោះត្រឹមជាបងប្រុស។
លីន សោម៉ា បានក្លាយទៅជាតារាដែលហង្សមាសឈ្នះពានលេខរៀងទី១៣ ហើយនាងត្រៀមចេញបទថ្មីដំបូងបំផុតរបស់ខ្លួនក្នុងពេលឆាប់ៗនេះ។ប៉ុន្ដែការដណ្ដើមភាពលេចធ្លោនៅផលិតកម្មនេះបានឬអត់នោះគេមិនទាន់អាចសន្និដ្ឋានបានឡើយ ខណៈដែលតារាភាគច្រើននៅហង្សមាសនាពេលបច្ចុប្បន្នធ្វើបទខ្លួនឯងបន្ថែមពីលើផលិតកម្មទម្លាក់ឲ្យ ព្រោះការងចាំទាំងស្រុងពីបទដែលគេប្រគល់ឲ្យមានការយឺតយ៉ាវដោយសារតែតារាមានច្រើនត្រូវវិលជុំ ។
ឆ្លើយតបសំណួរថាតើលីន សោម៉ា នឹងរងចាំផលិតកម្មទម្លាក់បទឲ្យទាំងស្រុង ឬអាចផលិតបទចម្រៀងដោយខ្លួនឯងបន្ថែមដូចរៀមច្បង ដើម្បីឲ្យបទចម្រៀងខ្លួនបានដិតដល់លើទីផ្សារនោះនាងសោម៉ា ថានាងរងចាំផលិត កម្មទម្លាក់ឲ្យច្រៀង ហើយរឿងថាគួរធ្វើបទខ្លួនឯងដែរឬអត់នោះគឺនាងរងចាំមើលពេលវេលជាក់ស្ដែងសិន ព្រោះថាពេលនេះនាងមានពេលនៅច្រើនជាមួយផលិតកម្ម។
លីន សោម៉ា ថ្លែងថា”ខ្ញុំនឹងធ្វើការងារនេះទៅតាមសភាពជាក់ស្ដែង ។ប៉ុន្ដែបច្ចុប្បន្ន ខ្ញុំរងចាំបទចម្រៀងដែលផលិតកម្មទម្លាក់ឲ្យច្រៀង “។
លីន សោម៉ា អាយុ២១ឆ្នាំជាកូនអ្នកខេត្តត្បូងឃុំ បច្ចុប្បន្នជានិស្សិតឆ្នាំទី២ផ្នែកគណនេយ្យ និងពន្ធដា នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ហើយតាមព័តមានថានៅស្រុកកំណើតនាងមានជីវភាពលំបាកព្រោះឪពុកម្ដាយទៅធ្វើការនៅខេត្តឆ្ងាយៗដើម្បីរកលុយចិញ្ចឹមកូនៗដែលកំពុងសិក្សារ ហើយពេលមានភ្លៀងខ្លាំងផ្ទះនាងត្រូវប្រឈមលិចទឹកទៀតផង ហេតុនេះហើយថវិការចំនួន២៤០០០ដុល្លារដែលបានមកពីឈ្នះពានBeat The Best រដូវកាលទី២នេះ នឹងធ្វើឲ្យនាងមានជីវភាពល្អប្រសើរជាងនេះបានខ្លះមិនខាន។
លីន សោម៉ា ជាកូនពៅក្នុងចំណោមបងប្អូន៧នាក់(ស្រី៣)នោះប្រាប់ថានាងនឹងយកថវិការពីជ័យលាភីប្រលងចម្រៀងមួយនេះ ទៅជួយផ្គត់ផ្គងដល់គ្រួសារនាងមួយផ្នែក និងមួយចំនួនទៀតសម្រាប់ការបន្ដការសិក្សារ ខ្លួន ឯង ។នាងសង្ឃឹមថាជីវភាពគ្រួសាររបស់នាងនឹងបានប្រសើរជាងមុន ក្រោយពេលនាងឈ្នះពានមួយនេះ។
គួររំលឹកថាមុនលើកពានBeat The Best រដូវកាលទី២ នាងលីន សោម៉ា ក៍ធ្លាប់ប្រលងកម្មវិធីCambodian Idol រដូវកាលទី៣ និងកម្មវិធី”ផ្ការីកក្នុងសួន “ និងMaster Singer Cambodia ជាដើម។នាងឈ្នះពានពីកម្មវិធីខាងលើបន្ទាប់ពីតារាចម្រៀងលោកសួរ វិចិត្រ ម្ចាស់ពានBeat The Best រដូវកាលទី១ ។គេចាំមើលថាក្រោយសោម៉ា បដិសេធស្នេហ៍ប្រុសសង្ហារដែលតាមនាងស្អិតនោះ តើបុរសណាទៅជាម្ចាស់បេះដូងពិតរបស់នាង ?