ភ្នំពេញ៖ស្រីស្រស់តន់ ច័ន្ទសីម៉ា ទោះជារយៈពេលជាង១ឆ្នាំចុងក្រោយនេះនាងលែងសូវមានបទផ្ទុះខ្លាំងដូចមុនក្ដី ប៉ុន្ដែរូបនាងនៅតែត្រូវបានគេចាត់ទុកថាគឺជាតួឯកនៅGalaxy ដដែល ព្រោះនាងហ៊ិន លីដា ដែលមានសម្ថភាពមិនក្រោមនាងនោះមិនទាន់មានឱកាសចាប់ដៃព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ឡើយ ។ប្រសិនបើច័ន្ទសីម៉ា នៅតែមិនទាន់មានតារាស្រីជើងខ្លាំងរូបណាចូលទៅប្រជែងនាងទេ នោះនាងគឺនៅតែជាតារាស្នូលផលិតកម្មមួយនេះហើយជិះសេះលែងដៃជាបន្ដទៀត ខណៈព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម នឹងគ្មានជម្រើសផ្សេងក្រៅពីចាប់ដៃនាងឡើយ ។បញ្ហានេះហើយដែលធ្វើឲ្យមានការលើកឡើងថាផលិតកម្មថ្មី តែហ៊ានចាយលុយធំនេះហ៊ានទិញសុទ្ធតែតារាប្រុសល្បីៗលំដាប់ជូរមុខមក តែបែជាអត់ចំណាយលុយទិញតារាស្រីលំដាប់ជើងខ្លាំងមកចាប់ដៃជាមួយតារាទាំងនោះទៅវិញដែលធ្វើឲ្យបន្ទុកត្រូវធ្លាក់ទៅលើនាងច័ន្ទសីម៉ា ម្នាក់ជាអ្នករ៉ាប់រង។

តន់ ច័ន្ទសីម៉ា បានជ្រកកោនក្រោមដំបូលGalaxy ជាង៤ឆ្នាំមកហើយ ដែលនៅឆ្នាំ២០១៩ និង២០២០ នាងវ៉ាដាច់តារាគីឡូប្រហាក់ប្រហែលខ្លួនអស់ ប៉ុន្ដែចុងក្រោយនេះបែជាហាក់នៅទ្រឹងទៅវិញបើទោះជាព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម ស្ថិតនៅក្នុងកណ្ដាប់ដៃនាងតែម្នាក់ក្ដី ។ទីផ្សារប្រែប្រួលរបស់នាងច័ន្ទសីម៉ា បែបនេះបន្ទាប់ពីនាងបានចេញមុខថៅកែស្ទួនៗប្រឆាំងទៅFan មួយចំនួនទើបនាំឲ្យមានអ្នកខ្លះបានធ្វើពហិកា លែងស្ដាប់ចម្រៀងរបស់នាងនាំឲ្យViews ធ្លាក់ចុះ។ ប៉ុន្ដែនាងច័ន្ទសីម៉ា ធ្លាប់ចេញសារថា ១០ឆ្នាំក្រោយមិនដឹងជាមានរឿងអ្វីកើតឡើង ដែលនេះបញ្ជាក់ថានាងបានត្រៀមខ្លួនរួចរាល់អស់ទៅហើយថាអាជីពនេះគ្មានអ្វីទៀងទាត់ទេ ។

ទោះជានាងតន់ ច័ន្ទសីម៉ា មានទីផ្សារហាក់ចុះខ្សោយជាងមុនមែន ប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើងថាដរាបណាថៅកែនៅតែមិនព្រមទិញតារាស្រីលំដាប់ជូរមុខណាមកប្រជែងនាងទេ នោះនាងគឺនៅតែមិនស្គាល់ពាក្យជាតួរងដដែល ។ប៉ុន្ដែបើមាស សុខសោភា ឬពេជ្រ សោភា ចូលទៅGalaxyដែរច្បាស់ជាច័ន្ទសីម៉ា មិនអាចទប់លំនឹងបានទៀតទេ ហើយពេលនោះនាងនឹងកាន់តែប្រែប្រួលជាងពេលនេះទៀតផង។

តារាចម្រៀងវ័យ២៥ឆ្នាំ ជាម្ចាស់ពានអ្នកស្មូតលេខ១ប្រចាំខេត្តតាកែវ នាងតន់ ច័ន្ទសីម៉ា មានដែលមានដៃគូល្អជាងគេរយៈពេលជាង៣ឆ្នាំនេះ ហើយនាងមានភាពក្លាហាន ហ៊ានសារភាពថាបានកែសម្រស់ដល់ទៅ៣ផ្នែកគឺធ្វើច្រមុះ ,ចាក់ចង្កា និងពត់ធ្មេញ ខណៈដែលតារាខ្លះទៀតបានកែច្រើនជាងនាងផងតែអត់ទទួលស្គាល់។តារាដែលធ្លាប់តែមានសំបុរខ្មៅស្រអែម មកជាសាច់សខ្ចីទៅតាមទឹកលុយរូបនេះគ្រប់ពេលវេលាតែងតែថ្ងូរថាអត់សង្សារ និងតូចចិត្តថាស្អាតប៉ុណ្ណឹងដែរអត់មានគេស្រលាញ់ជាដើម ខណៈដែលដំណឹងថានាងត្រូវបានលោកឧកញ៉ាពោះម៉ាយម្នាក់ប្រម៉ាញ់បេះដូងបានស្ងាត់ទៅវិញក្រោយប្រុសនោះងាកទៅភ្ជាប់ស្នេហ៍ជាមួយអ្នកមេម៉ាយកូន១ ។ប៉ុន្ដែគេនៅតែសង្ស័យថាការថ្ងូរអត់មានប្រុសស្នេហ៍របស់នាងច័ន្ទសីម៉ា នោះអាចគ្រាន់តែជាDrama ប៉ុណ្ណោះ ព្រោះនាងល្បី និងខំកែសម្រស់បានស្អាតប៉ុណ្ណឹងដែរ រឿងអីរកក្ដឹបសង្សារ១បណ្ដើរដូចគេមិនបាន ?

ក្រៅពីតន់ ច័ន្ទសីម៉ា តារាស្រីផ្សេងៗទៀតក៍លែងសូវមានទីផ្សារចម្រៀងលេចធ្លោដូចមុនទៀតដែរ ដែលចំណុចនេះត្រូវបានសុគន្ធ និសា អះអាងថានោះមកពីតារាភាគច្រើនមិនផ្ដោតលើអាជីពចម្រៀងតែមួយច្រកទៀតនោះទេ គឺងាកទៅរកស៊ីOnline បានជាបែបនេះ ។តែសម្រាប់នាងសីម៉ា វិញនាងអាចនឹងស្ទុះទៅមុខម្ដងទៀត ឲ្យតែឧកញ៉ាទាំង៤នៅតែទុកចិត្តហើយលើកស្ទួយនាងដូចមុនទៀតនោះគឺព្រាប សុវត្ថិ ,ខេមរៈសិរីមន្ដ ,ឡេង ណាវ៉ាត្រា និងយឹម តាស្រង់ ៕


