Sunday, September 8, 2024
Homeព័ត៌មានអន្តរជាតិ យោធាអ៊ុយក្រែន បានវាយប្រហារប្រព័ន្ធការពារដែនអាកាសរុស្ស៊ី នៅឧបទ្វីបគ្រីមៀ បន្ទាប់ពីវាយ ប្រហារទីតាំងបាញ់គ្រាប់រ៉ុក្កែតរបស់រុស្ស៊ី

 យោធាអ៊ុយក្រែន បានវាយប្រហារប្រព័ន្ធការពារដែនអាកាសរុស្ស៊ី នៅឧបទ្វីបគ្រីមៀ បន្ទាប់ពីវាយ ប្រហារទីតាំងបាញ់គ្រាប់រ៉ុក្កែតរបស់រុស្ស៊ី

អ៊ុយក្រែន ៖ យោធាអ៊ុយក្រែន បានវាយប្រហារប្រព័ន្ធការពារដែនអាកាស S-300 និង S-400 របស់រុស្ស៊ី នៅលើឧបទ្វីបគ្រីមៀ ជាលើកទីពីរ ក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីកងទ័ពរុស្ស៊ី បានបញ្ជូនយន្តហោះគ្មានមនុស្សបើក ទៅវាយប្រហារទីក្រុងគៀវ និងតំបន់ជាច្រើនទៀត។

តាមប្រភព independent រាយការណ៍ថា សង្គ្រាមអ៊ុយក្រែន បង្កើនភាពតានតឹង យោធាអ៊ុយក្រែន បានប្រើ ប្រាស់សព្វាវុធរបស់លោកខាងលិច ដើម្បីវាយប្រហារប្រព័ន្ធកាំជ្រួចការពារដែនអាកាសរុស្ស៊ី ចំនួនបី នៅគ្រីមៀ ជាការសងសឹកចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធរបស់រុស្ស៊ី លើទីក្រុងគៀវ វាជាការវាយប្រហារលើកទីពីរ លើប្រព័ន្ធកាំជ្រួចយោធារុស្ស៊ី នៅគ្រីមៀ ក្នុងសប្តាហ៍នេះ។

មន្ត្រីយោធាជាន់ខ្ពស់អ៊ុយក្រែន បានបង្ហាញកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ថា កងទ័ពអ៊ុយក្រែន បានកំណត់គោលដៅវាយប្រហារ S-300 មួយ និងកាំជ្រួចមីសស៊ីល S-400 ទំនើប ចំនួនពីរទៀត នៅជិតទីក្រុង បែលបិកខ៍ ៩Belbeck) និងសេវ៉ាស្តូប៉ូល (Sevastopol) នៅលើឧបទ្វីបគ្រីមៀ បន្ទាប់ពីត្រូវបានបញ្ចូលដោយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ជាផ្នែកមួយនៃប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០១៤។

ឧត្តមសេនីយ៍អ៊ុយក្រែន បាននិយាយតាមរយៈកម្មវិធី Telegram ថា “ជាលទ្ធផលនៃការវាយប្រហារ ប្រព័ន្ធរ៉ាដារបស់ S-300 និង S-400 ចំនួនពីរ ត្រូវបានបំផ្លាញ ខណៈដែលព័ត៌មាននៅលើរ៉ាដាទីបី កំពុងត្រូវបានផ្ទៀងផ្ទាត់” ។

ការវាយប្រហារលើកទីពីរ លើប្រព័ន្ធមីសស៊ីលយោធារុស្ស៊ី នៅគ្រីមៀ ក្នុងមួយសប្តាហ៍ វាកើតឡើងបន្ទាប់ពីយោធារុស្ស៊ី បានបញ្ជូនយន្តហោះគ្មានមនុស្សបើក ជាច្រើនគ្រឿង មកវាយប្រហារទីក្រុងគៀវ រដ្ឋធានីអ៊ុយក្រែន នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ រួមទាំងនៅ Dnepropetrovsk Oblast, Zaporichia, Poltava, Kharkiv និង Vinnytsia ។

ជាងនេះទៅទៀត មន្ត្រីយោធាអ៊ុយក្រែន បាននិយាយថា យោធាអ៊ុយក្រែន អាចស្ទាក់ចាប់បាន ៥គ្រាប់ ក្នុង ចំណោមមីសស៊ីលរុស្ស៊ី ៦គ្រាប់ និងយន្តហោះគ្មានមនុស្សបើក ២៤គ្រឿងដែលត្រូវបានបញ្ជូនមកវាយប្រហារអ៊ុយក្រែន កាលពីយប់ថ្ងៃទី១២ ខែមិថុនា។

ប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ី ត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងប្រើប្រាស់កាំជ្រួចចំនួន ៤ប្រភេទ ដែលមានរយៈចម្ងាយពី ៤០គីឡូម៉ែត្រ ទៅ ៤០០គីឡូម៉ែត្រ និងរ៉ាដាដែលមានចម្ងាយរាវរករហូតដល់ ៦០០គីឡូម៉ែត្រ ជាប្រព័ន្ធការពារអាកាសដ៏ល្អបំផុតក្នុងពិភពលោក តម្លៃ S-400 មានចាប់ពី 489 336 660ដុល្លារ ដល់ 543 707 400ដុល្លារសហរដ្ឋអាមេរិក។

គួររំលឹកដែរថា មុនពេលដែលយោធាអ៊ុយក្រែន បានវាយប្រហារប្រព័ន្ធការពារដែនអាកាស S-300 និង S-400 របស់រុស្ស៊ី នៅលើឧបទ្វីបគ្រីមៀ ជាលើកទីពីរនេះ បើយោងតាមប្រភព bbc បានរាយការណ៍ថា លោកអ៊ីហូរ តេរេខូវ (Ihor Terekhov) អភិបាលក្រុងខារកូវ (Kharkov) ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន បាននិយាយនៅក្នុងសន្និសីទមួយក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ ថា ស្ថានភាពនៅក្នុងទីក្រុងរបស់គាត់ បានស្ងប់ស្ងាត់ជាបណ្ដោះអាសន្ន បន្ទាប់ពីទាហានអ៊ុយក្រែន បានវាយប្រហារទីតាំងបាញ់ គ្រាប់រ៉ុក្កែតរបស់រុស្ស៊ី ដោយជោគជ័យ។ ប៉ុន្តែទន្ទឹមនឹងនេះ ទាហានរុស្ស៉ី បានអះអាងថា បានវាយយកបានភូមិអ៊ុយក្រែន ពីរថែមទៀត។

ស្ថានភាពប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន នៅតែមានភាពតានតឹង ក្នុងរយៈពេល ២៤ម៉ោងរហូតដល់ថ្ងៃអង្គារ ទី១១ ខែមិថុនា ។ រុស្ស៊ី បានបើកការវាយប្រហារតាមផ្លូវអាកាស នៅទីតាំងជាច្រើន នេះបណ្តាលឱ្យមនុស្ស ៥នាក់ បានស្លាប់ ក្នុងនោះ ៤នាក់ នៅតំបន់ខារគីវ (Kharkiv) ។

លោកតេរេខូវ បាននិយាយនៅពេលនោះថា ទីក្រុងខារកូវ (Kharkov) បានរងការវាយប្រហារកាន់តែខ្លាំង ក្នុងរយៈពេលពីរថ្ងៃកន្លងទៅ មុនពេលស្ងប់ស្ងាត់បន្តិចម្តងៗ ដែលលោកជឿថា បណ្តាលមកពីការវាយប្រហារទៅលើទីតាំងបាញ់រ៉ុក្កែតរបស់រុស្ស៊ី ដែលពួកគេបានព្យាយាមធ្វើរហូតទទួលបានជោគជ័យ។

លោកអភិបាលក្រុងខារកូវ និយាយថា “បើប្រៀបធៀបនឹងខែឧសភា យើងមានសប្តាហ៍ស្ងប់ស្ងាត់មួយ រហូតដល់ថ្ងៃអាទិត្យ (ថ្ងៃទី០៩ ខែមិថុនា) ប៉ុន្តែខ្ញុំមិនគិតថា វានឹងស្ងប់ស្ងាត់ទាំងស្រុងនោះទេ»។

ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា ទាហានរបស់ខ្លួន បានដណ្តើមយកភូមិ ទីមគីវកា (Timkivka) ក្នុងតំបន់ខារគីវ (Kharkiv)  និងភូមិមីយ៉ាសូសារីហ្វកា (Myasosharifka) ឬអ៊ុយក្រែន ហៅថា ភូមិអារតេម៉ូវកា (Artemovka) នៅភាគខាងជើងនៃតំបន់លូហានស្ក៍ (Luhansk) របស់អ៊ុយក្រែន បន្ទាប់ពីបានបើកការវាយប្រហារថ្មី នៅក្នុងតំបន់ខារគីវ តាំងពីខែឧសភា កន្លងទៅ។

ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី  (Volodymyr Zelensky) ដែលបានចូលរួមកិច្ចប្រជុំនៅប្រទេសអាល្លឺម៉ង់ ដើម្បីលើកទឹកចិត្តប្រជាជាតិអឺរ៉ុប ឱ្យបន្តគាំទ្រ និងជួយអ៊ុយក្រែន បានច្រានចោលសម្ដីរបស់លោករ៉ាមហ្សាន កាឌីរ៉ូវ (Ramzan Kadyrov) មេដឹកនាំតំបន់ឆេឆេន របស់រុស្ស៊ី ដែលថាកងកម្លាំងរបស់គាត់ ដណ្តើមបានភូមិមួយ ក្នុងតំបន់ស៊ូមី (Sumi) ដោយជោគជ័យនោះ។

លោកហ្សេឡេនស្គី ទទួលបានឱកាសដំបូងរបស់គាត់ ក្នុងការនិយាយនៅក្នុងសភាអាល្លឺម៉ង់។ លោកបានលើកឡើងពីប្រវត្តិនៃការបែកបាក់គ្នារបស់ប្រទេសអាល្លឺម៉ង់ ក្នុងអំឡុងពេលសង្រ្គាមត្រជាក់ និងបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ ដើម្បីជួសជុលអនាគតរបស់អ៊ុយក្រែន ដែលនឹងត្រូវខូចខាតដោយរុស្ស៊ី។

មេដឹកនាំអ៊ុយក្រែន ក៏បានព្រមានពីគ្រោះថ្នាក់នៃវោហារសាស្ត្រជំរុញការគាំទ្ររបស់រុស្ស៊ីចំពោះសហភាពអឺរ៉ុប ប៉ុន្មានថ្ងៃ បន្ទាប់ពីការបោះឆ្នោតសភាអឺរ៉ុប បានបញ្ចប់ ហើយលទ្ធផលបង្ហាញថា គណបក្សស្តាំនិយម ក្នុងប្រទេសផ្សេងៗ គណបក្សខ្លះ មានគំនិតគាំទ្ររុស្ស៊ី ឈ្នះអាសនៈបន្ថែមទៀត នៅក្នុងក្រុមប្រឹក្សាសហភាពអឺរ៉ុប។

ទន្ទឹមនឹងនេះ អធិការបតីអាល្លឺម៉ង់ លោកអូឡាហ្វ ស្កូលស៍ (Olaf Scholz) បាននិយាយថា ប្រទេសរបស់លោក នឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសបន្ថែម ទៅកាន់អ៊ុយក្រែន រួមទាំងប្រព័ន្ធ Patriot ចំនួន ៣ និងកាំជ្រួចផ្សេងៗ៕ ខៀវទុំ

RELATED ARTICLES