ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋទីទ័លក្រ រស់នៅទីជនបទដាច់ស្រយាល ក្នុងមូលដ្ឋានឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលខ្វះខាតក្នុងជីវភាព អត់អង្ករច្រកឆ្នាំង បានរត់មកសាលាឃុំ ដើម្បីស្នើសុំឱ្យលោកមេឃុំជួយ ហើយត្រូវបានលោកមេឃុំរាម ជួយឧបត្ថម្ភតាមលទ្ធភាព ដូចជាផ្តល់អង្ករ និងលុយកាក់មួយចំនួន គ្រាន់បានបណ្តោះទុក្ខលំបាករបស់ប្រជាពលរដ្ឋមួយគ្រាៗ។

ជាក់ស្តែង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ មានស្ត្រីម្នាក់ បានរត់មកជួបលោកមេឃុំរាម ទួញយំសុំជំនួយពីលោក ដោយប្រាប់ថា អត់អង្ករច្រកឆ្នាំង ទើបលោកមេឃុំ បានផ្តល់ថវិកាខ្លះ ឲ្យស្ត្រីរូបនោះ យកទៅទិញអង្ករដាំបាយហូប។

លោកហ៊ឹន ត្រឹង មេឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះស៊ីហនុ បានបង្ហោះវីដេអូឃ្លីបមួយ ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក បង្ហាញពីស្ត្រីម្នាក់ បានមកទួញយំសុំជំនួយពីលោក ដល់សាលាឃុំរាម ភ្ជាប់ជាមួយសំណេរថា “អត់អង្ករ រត់មកសាលាឃុំ សុំអង្ករ ខ្ញុំក៏ជូនថវិកាខ្លះ ទៅទិញអង្ករ នេះហើយជីវិតអ្នកក្រ…”។

បន្ទាប់មក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោកមេឃុំរាម ហ៊ឹន ត្រឹង បាននាំយកអង្ករ ១បាវ ៥០គីឡុក្រាម និងថវិកាចំនួន ៣ម៉ឺនរៀល ទៅជូនលោកយាយជរាគ្មានទីពឹងម្នាក់ វ័យ៨០ឆ្នាំប្លាយ ដែលរស់នៅតែម្នាក់ឯង កំពុងជួបការខ្វះខាត អត់អង្ករដាំបាយហូប ហើយបានស្នើសុំឲ្យលោកជួយ។

លោកមេឃុំរាម បានបញ្ជាក់ថា ថ្ងៃនេះលោកបានយកអង្ករ ព្រមទាំងថវិកាមួយចំនួន មកជូនលោកយាយ ក្រោយពីលោកយាយបានសុំលោក ពីថ្ងៃមុន ហើយលោកយាយក៏បានស្នើសុំឱ្យលោកជួយចិញ្ចឹម រហូតដល់អស់ព្រេងអស់សំណាង ហើយផ្តាំថា បើគាត់អស់សង្ខារ ជួយធ្វើបុណ្យសពគាត់ផង ដែលសំណើនេះ លោកបានយល់ព្រមទទួលយក ដោយទទួលចិញ្ចឹមលោកយាយទុរគតរហូតអស់មួយជីវិត។

ឆ្លើយតបទៅនឹងអំពើល្អរបស់លោកមេឃុំរាម ខាងលើនវេះ លោកយាយជរាទុរគត បានថ្លែងអំណរគុណដល់លោកមេឃុំ និងបានជូនពរលោកមេឃុំ មានសុខភាពល្អ អាយុវែង ដើម្បីជួយមើលថែ ផ្តល់ភាពកក់ក្តៅដល់រូបគាត់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសពលរដ្ឋដែលក្រីក្រ ចាស់ជរាគ្មានទីពឹង និងជនងាយរងគ្រោះទាំងឡាយ៕ ខៀវទុំ