ខេត្តព្រះវិហារ ៖ សេដ្ឋិនីម្នាក់ នៅខេត្តព្រះវិហារ ដែលមានកូនក្រមុំ ២នាក់ បានប្រកាសរើសកូនប្រសាប្រុស សម្រាប់ធ្វើជាប្តីរបស់កូនស្រី ដោយគាត់មិនគិតពីទ្រព្យសម្បត្តិទេ ឲ្យតែជាមនុស្សល្អ ស្រឡាញ់និងចេះមើលថែកូនស្រីគាត់ ហើយក្រោយរៀបការរួច គាត់នឹងចែកទ្រព្យសម្បត្តិឲ្យ រួមមាន ដីចម្ការចន្ទី ១០០ហិកតារ លុយ ៤០ម៉ឺនដុល្លារ ផ្ទះវីឡា១ និងឡានទំនើប១គ្រឿង ដូច្នេះអ្នកណាដែលមានសំណាងបានក្លាយជាកូនប្រសាគាត់ រៀបការហើយ ក្លាយជាអ្នកមានតែម្តង ។

គួរបញ្ជាក់ថា ថ្មីៗនេះ មានសេដ្ឋិនីស្រុកស្រែចម្ការម្នាក់ នៅខេត្តព្រះវិហារ ដែលគេស្គាល់ថាត្រូវជាបងស្រីរបស់តារាសម្តែងល្បីឈ្មោះ ដេននី ក្វាន់ បានប្រកាសជ្រើសរើសស្វាមីឲ្យកូនស្រី ដោយមិនទាមទារលក្ខខណ្ឌអ្វីតឹងតែងនោះទេ សំខាន់គឺត្រូវតែជាមនុស្សល្អក្នុងសង្គម ដោយគាត់មិនប្រកាន់ពីទ្រព្យសម្បត្តិ ឋានៈតួនាទី បុណ្យស័ក្ដិនោះទេ ដែលធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពិសេសកំលោះៗ កំពុងជ្រួលជ្រើម ចង់ដាក់ពាក្យ រួមទាំងឪពុកម្តាយដែលមានកូនកំលោះមួយចំនួន ក៏ចង់ភ្ជាប់សាច់ឈាមជាដន្លងជាមួយសេដ្ឋិនីនៅខេត្តព្រះវិហារ នេះ តែមិនដឹងថា តើកំលោះរូបណាទៅដែលមានសំណាងជាងគេ?

ស្រ្ដីដែលប្រកាសរើសកូនប្រសាប្រុសនេះ មានឈ្មោះ ជួន ស៊ីនីម អាយុជាង៤០ឆ្នាំ មានកូន៣នាក់ (កូនប្រុសច្បង១ និងកូនស្រីក្រមុំ ២) ក្នុងនោះកូនស្រីពៅ ឈ្មោះលាប រ៉ូម៉ា អាយុ១៤ឆ្នាំ ធ្លាប់ជាបេក្ខភាព Miss Preteen Cambodia 2024 ដែលចូលរួមប្រកួតជាមួយប្អូនជីដូនមួយ ជូរី ល្អហួស ផងដែរ។

លោកស្រី ជួន ស៊ីនីម បានបង្ហោះរូបថតកូនស្រីទាំងពីរដ៏ស្រស់ស្អាត ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី ជាមួយសំណេរថា “កូនក្រមុំទាំង២ កូនប្រសាប្រុស ម៉ាក់រើសមិនគិតពីទ្រព្យសម្បត្តិ ឲ្យតែជាមនុស្សល្អ ចេះមើលថែកូនម៉ាក់ ដីចម្ការចន្ទី 100ហិតតារ ម៉ាក់ប្រគល់ឲ្យ ម៉ាក់ចែកលុយឲ្យ 40ម៉ឺនដុល្លារ ទុកឲ្យកូន ផ្ទះវីឡា និងមុខរបរឲ្យកូន និងម៉ាក់ទិញឡានទំនើបទុកឲ្យមួយគ្រឿង; តើអ្នកណាអាចក្លាយជាកូនប្រសារបស់ម៉ាក់?“ ។

ជុំវិញការប្រកាសរើសកូនប្រសា ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់ពីលោកស្រី ជួន ស៊ីនីម បានទេ កាលពីម្សិលមិញ ប៉ុន្តែលោកស្រី ធ្លាប់បានប្រាប់បណ្ដាញព័ត៌មានថា ក្រោយពេលលោកស្រីបង្ហោះរើសកូនប្រសា តាមបណ្តាញសង្គម ដូចខាងលើ មានអ្នកខ្លះពុំជឿឡើយ ដោយគេសង្ស័យលោកស្រីបង្ហោះលេងសើច តែលោកសូមអះអាងថា នេះជាការពិត បើមិនជឿ អាចមកមើលដល់ផ្ទះលោកស្រី នៅខេត្តព្រះវិហារ បាន។

លោកស្រី ជួន ស៊ីនីម បានបញ្ជាក់ថា លោកស្រី មិនមែនជ្រើសកូនប្រសាប្រុស សម្រាប់កូនស្រីទាំង ២នាក់ របស់លោកស្រីទេ គឺជ្រើសរើសរើសសម្រាប់តែកូនស្រីបង ដែលមានអាយុ២២ឆ្នាំ និងបានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ ។ ចំណែកូនស្រីពៅ មិនទាន់ជ្រើសរើសកូនប្រសាទេ ព្រោះនាងកំពុងស្ថិតនៅក្នុងវ័យសិក្សានៅឡើយ ហើយលោកស្រីថា បើសិនជាការជ្រើសរើសកូនប្រសាប្រុសនេះបានជោគជ័យ លោកស្រីនឹងប្រកាសជ្រើសរើសកូនប្រសាស្រីវិញម្ដង ដើម្បីក្លាយជាប្រពន្ធរបស់កូនប្រុសច្បងលោកស្រី ។ លោកស្រីបញ្ជាក់បន្ថែមថា មិនខ្វះទេអ្នកចូលស្ដីដណ្ដឹងកូនស្រីរបស់លោកស្រី តែលោកស្រីមិនពេញចិត្ត ដូច្នេះលោកស្រីពិតជាចង់បានកូនប្រសាល្អម្នាក់ ដែលអាចមើលថែរក្សាកូនស្រីលោកកស្រីបានលុះអវសានជីវិត ដ្បិតអីលោកស្រី លែងខ្វះអ្វីហើយនៅពេលនេះ គឺខ្វះតែកូនប្រសាល្អប៉ុណ្ណោះ៕




