ខេត្តព្រះសីហនុ ៖ យុវជន ២នាក់ កំពុងបើកទូកកន្ទុយវែង (ប្រភេទទូកទេសចរណ៍) ធ្វើដំណើរលើផ្ទៃសមុទ្រ បានជួបភ្លៀងខ្យល់រលកខ្លាំង ធ្វើឱ្យទូករសាត់វង្វេងទិស អណ្តែតលើផ្ទៃសមុទ្រ ដាច់បាយក្រហាយទឹកអស់ រយៈពេល១ថ្ងៃ ទីបំផុតត្រូវបានអ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារនិងអូប័រល្បឿនលឿន ស្វែងរកឃើញនិងសង្គ្រោះមកកាន់ដីគោកវិញ ដោយសុវត្ថិភាព។

ករណីយុវជន២នាក់ បើកទូកកន្ទុយវែង វង្វេងលើផ្ទៃសមុទ្រនេះ បានកើតឡើង កាលពីព្រឹកថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ពោលគឺរយៈពេលជាង២៤ម៉ោង ទើបត្រូវបានរកឃើញ និងជួយសង្គ្រោះ ដោយអូបរ័ល្បឿនលឿនរបស់អ្នកឧកញ៉ា ទៀ វិចិត្រ។

សូមបញ្ជាក់ថា ទូកកន្ទុយវែង ១គ្រឿង (ប្រភេទទូកទេសចរណ៍) បើកបរដោយយុវជន២នាក់ បានធ្វើដំណើរចេ ញពីកោះរ៉ុង សំដៅទៅក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២៤ តែក្រោយមក ស្រាប់តែបាត់ដំ ណឹងឈឹងតែម្តង។ បន្ទាប់ពីទទួលបានដំណឹងខាងលើនេះភ្លាម ប្រធានគណបញ្ជាការឯកភាពខេត្តព្រះសីហនុ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងសមត្ថកិច្ចចម្រុះ សហការពីក្រុមការងារសប្បុរសធម៌របស់អ្នកឧកញ៉ា ទៀ វិចិត្រ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកជនរងគ្រោះភ្លាមៗ។

រហូតដល់រសៀលថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២៤ ទើបក្រុមការងារអូប័រល្បឿនលឿន របស់អ្នកឧកញ៉ា ទៀ វិចិត្រ បានប្រទះឃើញទូកខាងលើ នៅម្តុំកោះព្រីង ដោយនៅលើទូក មានយុវជន ២នាក់ ម្នាក់ជាអ្នកបើកបរទូក ម្នាក់ទៀតជាអ្នករួមដំណើរជាមួយ។

តាមយុវជនទាំង២នាក់ខាងលើ បានប្រាប់ថា ពេលកំពុងធ្វើដំណើរលើផ្ទៃសមុទ្រ បានជួបភ្លៀងខ្យល់រលកខ្លាំង ធ្វើឱ្យទូករសាត់វង្វេងទិស អណ្តែតលើផ្ទៃសមុទ្រ ឆ្ងាយពីកោះរ៉ុង រហូតទៅដល់កោះព្រីង និងធ្វើឱ្យពួកខ្លួនទាំងពីរនាក់ដាច់បាយដាច់ទឹក អស់រយៈពេល១ថ្ងៃ តែសំណាងល្អ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានក្រុមការងារអូប័រល្បឿនលឿន របស់អ្នកឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះទាន់ពេល៕

