Sunday, September 8, 2024
Homeសង្គម និងជីវិតមួយគូទៀត ក្រមុំតូច ១ម៉ែត្រ២តឹក បានប្តីកំលោះសង្ហា ពូកែថ្នម

មួយគូទៀត ក្រមុំតូច ១ម៉ែត្រ២តឹក បានប្តីកំលោះសង្ហា ពូកែថ្នម

ខេត្តបន្ទាយមានជ័យ ៖ មានការចាប់អារម្មណ៍នឹងគូស្នេហ៍មួយគូទៀត ដែលមានរូបរាងខុសគ្នា ដោយស្ត្រីជាប្រពន្ធ មានរូបរាងតូចល្អិត កម្ពស់ត្រឹម ១ម៉ែត្រ២តឹក ចំណែកបុរសជាប្ដី មានរូបរាងសង្ហា កម្ពស់ ១ម៉ែត្រ៦តឹក វ័យក្មេង តែពូកែថ្នម មិនចាញ់ប្តីចាស់ ។

 ស្រ្តីតូចទាប កម្ពស់១ម៉ែត្រ២តឹក បានប្ដីខ្ពស់សង្ហានោះ មានឈ្មោះឌីន សុភា អាយុ២៥ឆ្នាំ សព្វថ្ងៃធ្វើការជាអ្នកលក់កាហ្វេ និងលក់ស៊ុមរូបថត តាមអនឡាញ រស់នៅក្រុងសិរីសោភ័ណ (ស្វាយស៊ីសុផុន) ខេត្តបន្ទាយមាន ជ័យ ។ ចំណែកបុរសជាប្ដី មានឈ្មោះ ឡុំ ឯក អាយុ២១ឆ្នាំ ។ អ្នកទាំងពីរ បានរៀបការតាមប្រពៃណីខ្មែរនៅ ក្នុងខែសីហា ឆ្នាំ២០២១ សព្វថ្ងៃទទួលបានចំណងដៃស្នេហា កូនប្រុសម្នាក់ ឈ្មោះ ឯក ណាមភូ កើតនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដែលគិតមកដល់ពេលនេះ មានអាយុជិត១ខួប ។

 ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ អ្នកស្រីឌិន សុភា បានបញ្ជាក់ថា នាងពិតជាចង់អរគុណដល់ប្ដីរបស់នាង ដែលបានយល់ព្រមរួមដំណើរជីវិតជាមួយនាង ដោយមិនគិតពីរូបរាងតូច ទាបរបស់នាង ហើយក្នុងន័យនេះ នាងក៏ចង់ប្រាប់ទៅមនុស្សស្រីដូចគ្នាដែរថា រឿងស្នេហា វាពឹងលើនិស្ស័យព្រេងសំណាង និងការសាងកុសលផលបុណ្យពីជាតិមុន និងជាតិនេះផងដែរ ព្រោះមានស្រ្តីខ្លះ មានរូបរាងស្រស់ស្អាត ប៉ុន្តែបែរជាមិនមានសំណាងបានជួបបុរសល្អ ឯនារីខ្លះទៀត មានរូបអាក្រក់ តែបែរជាសំណាងបានជួបបុរសល្អ ជាគូស្រករអស់មួយជីវិត ។

ទាក់ទងដល់កំណើតសេ្នហាជាមួយប្ដី ឌីន សុភា បានរលឹកថា ពីមុនមកទោះបីរស់នៅក្នុងសង្កាត់ក្រុង ខេត្តជាមួយគ្នា (ខុសតែភូមិគ្នា) ក៏ដោយ ក៏នាងមិនបានស្គាល់ បានឃើញគេម្ដងណាទេ ទើបនៅថ្ងៃមួយ នៅក្នុងអំឡុងឆ្នាំ២០១៩ ខណៈដែលនាងលេងទិកតុក ហើយមានអ្នកគាំទ្រច្រើន និងអ្នកខ្លះបានហៅនាងជាអាយដលនោះ គេបានឆាតមកនាង សុំរាប់អាន និងបានហៅនាងជាអាយដលដែរ នាងក៏ឆ្លើយតប (reply) ទៅគេវិញ ហើយពេលនិយាយត្រូវរ៉ូវគ្នា ក៏ណាត់ជួបគ្នា ។ ពេលគេចាប់ផ្ដើមស្គាល់នាងនោះ គេមើលក្នុងទិកតុក គិតថានាងទំនងជាមានរូបរាងខ្ពស់ដែរ លុះបានពេលបានឃើញផ្ទាល់នឹងភ្នែក ដោយការជួបទល់មុខគ្នា គេមិនបង្អាប់ ចម្អន់ឲ្យនាង ឬបង្ហាញការមិនចិត្តចំពោះរូបរាងតូចល្អិតរបស់នាងទេ ផ្ទុយទៅវិញ គេនិយាយថា នាង cute (គួរឲ្យស្រឡាញ់) ។ នៅពេលដែលគេជួបនាងហើយដែរ នាងមិនខ្វល់ថា គេដកចិត្ត មិនចាប់អារម្មណ៍នាង ឬចាប់ អារម្មណ៍នាងទេ គឺនាងថាបើគេពេញចិត្តនាង ក៏នៅបន្តទំនាក់ទំនងជាមួយនាងទៀតទៅ តែបើគេមិនពេញចិត្តនាង ក៏តាមហ្នឹងទៅ សម្រេចថា មាននិស្ស័យនឹងគ្នាតែប៉ុណ្ណឹង ។ ប៉ុន្តែមានអ៊ីចឹងឯណា នាងក្រោយបានជួបគ្នាលើកដំបូងនោះហើយ គេនៅតែ Call នៅតែឆាតមករកនាងជាធម្មតា ហើយបានណាត់ជួបគ្នារាល់ថ្ងៃ ដោយ សារតែនៅភូមិជិតគ្នា ។ ទីបំផុត ក្រោយទាក់ទងគ្នាបានជាង១ឆ្នាំ នាងនិងគេ ក៏បានស្រលាញ់គ្នាជាគូសង្សារ និងបានឈានទៅដល់ការរៀបការជាមួយគ្នា នៅក្នុងឆ្នាំ២០២១ ។

 ឌីន សុភា បានរលឹកបន្តថា នៅក្នុងអំឡុងឆ្នាំ២០២១ ដោយសារជំងឺកូវីដ កំពុងរាតត្បាតខ្លាំង ធ្វើឲ្យពិធីរៀបការរវាងនាងនិងប្ដី មិនអាចធ្វើបានធំដុំទេ គឺគ្រាន់តែរៀបចំមួយព្រឹក មានឪពុកម្ដាយ ចាស់ទុំទាំងសងខាងមកជួបជុំគ្នាបាចផ្កាស្លា ក្រាបសំពះផ្ទឹមប៉ុណ្ណោះ ដោយមិនបានអញ្ជើញភ្ញៀវកិត្តិយសពិសាភោជនាហារនៅពេលល្ងាចទេ ។ ទោះបីមិនបានរៀបការអធិកអធមក៏ដោយ ក៏នាងពិតជារំភើបខ្លាំងណាស់ នៅពេលដែលត្រូវម្ចាស់សម្អាងការ សម្អិតសម្អាងកាយឲ្យក្លាយជាកូនក្រមុំតូច ក្រាបសំពះផ្ទឹមជាមួយបុរសដែលមានរាងខ្ពស់សង្ហា ។ លើសពីនេះទៅទៀត ក្រោយរៀបការហើយ នាងនិងប្ដី មានអារម្មណ៍ថា កាន់តែស្រលាញ់គ្នាខ្លាំងឡើង ហើយបានចាប់ដៃគ្នារកស៊ី ធ្វើការ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតទទួលបានចំណងដៃស្នេហា កូនប្រុសម្នាក់ ។ រាល់ថ្ងៃនាងនិងប្តី ព្រមទាំងកូន រស់នៅតែ៣នាក់ ជាគ្រួសារតូចមួយ ដោយមិនបានរស់នៅជុំគ្នាជាមួយឪពុកម្ដាយ បងប្អូនទៀតទេ ហើយជីវភាពក៏ធូរធារសមរម្យដូចគេដូចឯង ដោយមិនខ្វល់ពីភាពអត់ឃ្លាន ព្រោះនាងនិងប្ដី សុទ្ធតែមានមុខរបរ ការងារដូចគ្នា ហើយកូនតូច ទោះបីបៅទឹកដោះគោ ក៏នាងរត់រួច មិនដែលខ្វះខាតទេ ។

អ្នកស្រី ឌីន សុភា បន្តថា «និយាយទៅ គ្រួសារនាងសប្បាយរហូត គ្រាន់តែរឿងគ្រួសារ វាដូចចានក្នុងរាវ តែងតែរណ្ដំខ្លះអ៊ីចឹង តែងតែឈ្លោះប្រកែកគ្នាបន្តិច ចៀសមិនរួចទេ ប៉ុន្តែឲ្យជាធំ ហែកហួរគ្នា អំពើហិង្សាលើគ្នា គឺមិនដែលមានទេ មានតែព្យាយាមយោគយល់ អត់ឱនអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ។ ជាពិសេសចំណុចដែលនាងពេញចិត្តប្ដីខ្លាំង គឺនៅមុនពេលដែលនាងសម្រាលកូន ដោយការវះកាត់ និងចេញពីបន្ទប់វះកាត់វិញ នៅសរសៃខ្ចី ប្តីមើលថែនាងខ្លាំងមែនទែន ។ ទោះបីជាប្តីនាងមិនសូវចេះនិយាយស្ដី ប៉ុន្តែតាមរយៈសកម្មភាព កាយវិការ បានបង្ហាញឲ្យនាងឃើញច្បាស់ថា គេពិតជាស្រលាញ់នាងនិងកូនខ្លាំងមែនទែន គេតែងរកពេលវេលានៅក្បែរប្រពន្ធនិងកូន នាំប្រពន្ធកូនដើរលេង ឲ្យសប្បាយចិត្ត។ មិនតែប៉ុណ្ណោះ ក្រៅពីជូនប្រពន្ធកូនដើរលេង ពេលនៅផ្ទះ ក៏គេចេះរ៉ាប់រងការងារផ្ទះ មិនឲ្យនាងជាប្រពន្ធ លំបាក ដូចជាបោសផ្ទះ ជូតផ្ទះ និងបោកខោអាវជាដើម ហើយពេលចប់ការងារផ្ទះ ពេលទំនេរក៏មកជួយអង្គុយមើលតូបឲ្យនាង និងពេលខ្លះ ជួយទៅទិញអីវ៉ាន់ឲ្យនាងផងដែរ ។ សូម្បីតែការងារក្នុងផ្ទះ ដូចជាធ្វើទ្វារ ធ្វើរបងផ្ទះ ក៏គេធ្វើបានដែរ មិនចាំបាច់ជួលជាងទេ ។

 ជាចុងក្រោយ អ្នកស្រីក្មេងតូច ឌីន សុភា បានពោលពាក្យចេញពីចិត្តរបស់នាងថា “ខ្ញុំមិនដែលគិតថា ខ្ញុំមានសំណាងជាងមនុស្សស្រីដែលមានរូបរាងខ្ពស់ជាងខ្ញុំទេ ព្រោះអីមនុស្សយើងមានសំណាងខុសគ្នា ។ អ្នកខ្លះគាត់ខ្ពស់ គាត់ស្អាត តែគាត់អត់សំណាង អ្នកខ្លះគាត់ខ្ពស់អត់ស្អាតទេ តែគាត់សំណាង ។ អ៊ីចឹងហើយជីវិតយើងវាមកជាមួយនឹងផលបុណ្យ ។ អ្នកខ្លះទៅ គាត់មានបុណ្យមានអីអ៊ីចឹងទៅ គាត់សំណាង គាត់បានជួបមនុស្សល្អ ។ ដូចខ្ញុំ ខ្ញុំមិនគិតថាខ្លួនឯងសំណាងអីខ្លាំងទេ គ្រាន់តែថា រាល់ថ្ងៃហ្នឹង យើងមានក្ដីសុខជាមួយនឹងគ្រួសាររបស់យើង ម៉ាក់ប៉ារបស់យើងទាំងអស់គ្នា ហើយរឿងធ្វើបុណ្យ ខ្ញុំចូលចិត្ត ខ្ញុំនាំប្ដី នាំកូនខ្ញុំ ទៅធ្វើបុណ្យ ថ្ងៃសីលអី ខ្ញុំទៅរាល់សីលហ្នឹង តាំងពីខ្ញុំនៅក្រមុំ រហូតដល់ខ្ញុំមានកូនមួយហើយ ក៏ខ្ញុំនៅតែចូលចិត្តធ្វើបុណ្យ ខ្ញុំជួយគេ ជួយឯងដែរ ប៉ុន្តែខ្ញុំមិនចូលចិត្តផុសឲ្យគេឃើញទេ ។ យ៉ាងណា ខ្ញុំគ្រាន់តែចង់ផ្ដាំទៅនារីដូចគ្នាថា យើងធ្វើល្អ តែងតែជួបមនុស្សល្អ ទោះអ្នកនេះ យើងធ្វើល្អជាមួយ គេមិនឲ្យផលយើង ក៏នៅមានអ្នកផ្សេង គេឲ្យផលយើង ។ អ៊ីចឹងហើយ មនុស្សម្នាក់ៗ មិនថាស្រី មិនថាប្រុសទេ យើងត្រូវធ្វើអំពើល្អឲ្យបានច្រើនអ៊ីចឹងទៅ យើងនឹងជួបមនុស្សល្អ ស្រលាញ់ម៉ាក់ប៉ា បងប្អូនឲ្យច្រើន ទើបយើងជួបមនុស្សដែលស្រលាញ់យើងស្មោះ ។ ក្នុងន័យនេះដែរ ខ្ញុំមិនខ្វល់ពីបុរសសង្ហាតែងតែមានស្រីច្រើនទេ គឺរឿងហ្នឹងសាមញ្ញទេ ព្រោះថា បើយើងជាគូនឹងគ្នា យើងដឺងតែនៅជាមួយគ្នាហើយ តែបើយើងមិនមែនគូទេ យើងសាងមកជាមួយគ្នាប៉ុនណា គឺវាអស់កម្មប៉ុណ្ណឹង អ៊ីចឹងទៅ យើងបណ្ដោយតាមហ្នឹងទៅ ។ រាល់ថ្ងៃហ្នឹង យើងគិតតែពីបច្ចុប្បន្នថា គ្រួសារយើងមានក្ដីសុខ មានប៉ាម៉ាក់និងកូន“ ៕ កុលបុត្រ

RELATED ARTICLES