Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសាច់បង្កក១តោន ចាប់បានដុតចោល

សាច់បង្កក១តោន ចាប់បានដុតចោល

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចចម្រុះ បានឃាត់រថយន្ត ១គ្រឿងដឹកសាច់បង្កក រួមមាន សាច់មាន់ជើងមាន់ កោះមាន់ ខួរគោ ពោះវៀនជ្រូក សរុបជាង១តោន ត្រូវបានដុតកម្ទេចចោល កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅជាយក្រុងសិរីសោភ័ណ។

មន្ត្រីគយនិងរដ្ឋាករតំបន់៥ បានប្រាប់ថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចសាលាក្រហម ស្ថិតភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មន្ត្រីចម្រុះ មានស្ថាប័នគយនិងរដ្ឋាករតំបន់៥ និងមន្ត្រី កបប សាខាខេត្ត និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត មន្ត្រីផលិតកម្មនិងបសុព្យាបាលខេត្តបន្ទា យមានជ័យ បានឃាត់រថយន្ត ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ ៣ឌ-៩០៧៥ បានធ្វើការឆែកឆេររកឃើញសាច់បង្កកចម្រុះទម្ងន់ជាង១តោន។

មន្ត្រី កបប សាខាខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយមន្ត្រីចម្រុះឃាត់រថយន្ត ១គ្រឿង ដឹកសាច់បង្កក ទម្ងន់១២៥៤គីឡូក្រាម ក្នុងនោះមានប្រភេទ ជើងមាន់ ៨កេស ស្មើ៥៦០គីឡូក្រាម កោះមាន់ ៨កេស ស្មើ៦២៤ គីឡូក្រាម ខួរគោ ១កេស ស្មើ៥៦គីឡូក្រាម និងពោះវៀនជ្រូក ១កេស ស្មើ៧០គីឡូក្រាម។

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានបញ្ជាក់ថា ទំនងជាប្រភេទសាច់បង្កកចម្រុះ ដែលត្រូវបានសមត្តកិច្ចចម្រុះឃាត់បាន ជាប្រភេទទំនិញឈ្មួញលួចលាក់នាំចូលពីប្រទេសថៃ តាមច្រករបៀង បម្រុងនាំចេញទៅលក់នៅភ្នំពេញ ដែលដឹកគ្មានច្បាប់ និងខុសលក្ខណៈបច្ចេកទេស ខូចគុណភាព ដែលប្រឈមប៉ះពាល់សុខភាពប្រជាពលរដ្ឋបរិភោគ ត្រូវយកទៅដុតកម្ទេចចោល នៅជាយក្រុងសិរីសោភ័ណ និងរថយន្ត ត្រូវបានប្រគល់ជូនមន្ត្រីគយនិងរដ្ឋាករចាត់ការតាមច្បាប់៕

RELATED ARTICLES