Friday, October 18, 2024
Homeព័ត៌មានជាតិសមាគមធនាគារនិងមីក្រូហិរញ្ញវត្ថុ ចាត់ទុកសារព័ត៌មាន មានតួនាទីសំខាន់ក្នុងវិស័យហិរញ្ញវត្ថុ

សមាគមធនាគារនិងមីក្រូហិរញ្ញវត្ថុ ចាត់ទុកសារព័ត៌មាន មានតួនាទីសំខាន់ក្នុងវិស័យហិរញ្ញវត្ថុ

ភ្នំពេញ ៖ ស្ថាប័នហិរញ្ញវត្ថុ៣ នៅក្នុងវិស័យឯកជនកម្ពុជា បានចាត់ទុកប្រព័ន្ធផ្សព្វផ្សាយ ឬអ្នកសារព័ត៌មាន មានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយពីវិស័យហិរញ្ញវត្ថុ ដើម្បីបញ្ជ្រាបចំណេះដឹងអំពីឥណទានធនាគារ ផលវិជ្ជមាន និងអវិជ្ជមាន ទៅដល់សាធារណជន ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Fairfield រាជធានីភ្នំពេញ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក.) បានរៀបចំវគ្គបណ្តុះបណ្តាលជាលើកទី៤ ស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា» ដល់មានអ្នកសារព័ត៌មាន ពិសេសអ្នកសារព័ត៌មានសេដ្ឋកិច្ច ចំនួន ២៩នាក់ មកពី ២៧ស្ថាប័ន ដោយមានកិច្ចសហការជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ។ បន្ទាប់ពីបណ្ដុះបណ្ដាលចប់ នៅល្ងាចថ្ងៃដដែលនោះ ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) បានរៀបចំកម្មវិធីជួបជុំអ្នកសារព័ត៌មានសម្រាប់វិស័យហិរញ្ញវត្ថុ ចែកវិញ្ញាបនបត្រ និងលៀងសាយភោជន៍ ដោយមានការអញ្ជើញចូលរួមពីលោកពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) លោករ័ត្ន សោភ័ណ ប្រធានសមាគមធនាគារកម្ពុជា និងលោកស្រីឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ។

ថ្លែងជាចំណាប់អារម្មណ៍ នៅក្នុងកម្មវិធីជួបជុំអ្នកសារព័ត៌មានសម្រាប់វិស័យហិរញ្ញវត្ថុ នោះ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) បានលើកឡើងថា តាងនាមឱ្យក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី ហៅកាត់ថា ស៊ីប៊ីស៊ី លោកពិតជាមានសេចក្តីរីករាយ ដែលបានចូលរួមក្នុងកម្មវិធីស្តីពីការជួបជុំអ្នកសារព័ត៌មានសម្រាប់វិស័យហិរញ្ញវត្ថុ ក្រោមកិច្ចសហការរវាងស៊ីប៊ីស៊ី ជាមួយនឹងក្លឹបអ្នកកាសែតកម្ពុជា។ ក្រោមកិច្ចសហប្រតិបត្តិការនេះ បានបង្កើតជាវគ្គបណ្តុះបណ្តាលដោយផ្តោតសំខាន់ទៅដល់អ្នកសារព័ត៌មាន ក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចជា ១. ផ្សព្វផ្សាយអំពីចំណេះដឹងហិរញ្ញវត្ថុ ជាពិសេសលើប្រព័ន្ធចែករំលែកព័ត៌មានឥណទាន និងសិទ្ធិក្នុងការទទួលបានព័ត៌មានរបស់អតិថិជនឱ្យបានកាន់តែទូលំទូលាយ ដោយហេតុថា​ ចំណេះដឹងហិរញ្ញវត្ថុ អំពីប្រធានបទនេះ នៅមានកម្រិតនៅឡើយ ។ ២. រឹតបន្តឹងចំណងទំនាក់ទំនងរវាងក្រុមហ៊ុនស៊ីប៊ីស៊ី ជាមួយនឹងអ្នកសារព័ត៌មាន និយាយដោយឡែក និងរវាងស័យធនាគារ និងហិរញ្ញវត្ថុ និយាយជារួម ឲ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីឲ្យស្ថាប័នសារព័ត៌មានអាចធ្វើការផ្សព្វផ្សាយកាន់តែទូលំទូលាយអំពីព័ត៌មានហិរញ្ញវត្ថុ និងឈានដល់ការលុបបំបាត់ការភ័ន្តច្រឡំនានារបស់សាធារណជន លើប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ក៏ដូចជាវិស័យហិរញ្ញវត្ថុទាំងមូល ។ ៣. ជាវេទិកាដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ដែលបានអនុវត្តនាពេលកន្លងមក រវាងគ្នានិងគ្នា ក្នុងគោលបំណងអាចឱ្យអ្នកសារព័ត៌មានលើកជាសំណួរនានាទាក់ទងនឹងតួនាទីប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ។ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងមានចំនួន ០៤វត្ត ដោយមួយវគ្គៗ មានរយៈពេល ០១ថ្ងៃ ។ វគ្គនីមួយៗ មានប្រធានបទសំខាន់ៗចំនួន ០៤ ទាក់ទងនឹងប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា និងផលប៉ះពាល់ជាវិជ្ជមានរបស់ប្រព័ន្ធនេះសម្រាប់អតិថិជន ស្ថាប័ន និងប្រទេសកម្ពុជា សិទ្ធិរបស់អតិថិជននិងសុខភាពហិរញ្ញវត្ថុ ដំណោះស្រាយផ្សេងៗដែលបានជួយដល់ស្ថាប័នហិរញ្ញវត្ថុ និងទន្នន័យ ក៏ដូចជារបាយការណ៍នានាដែលអ្នកសារព័ត៌មានអាចទាញយកទៅប្រើប្រាស់ និងសិក្សាអំពីវិស័យហិរញ្ញវត្ថុបាន។ បន្ថែមពីលើនេះ អ្នកចូលរួមក៏ទទួលបានវិញាបនបត្របញ្ជាក់ នៅពេលដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល។ ជាលទ្ធផលជាទីគាប់ចិត្ត យើងបានបញ្ចប់វគ្គបណ្តុះបណ្តាលចំនួន ០៤វគ្គ ហើយដូចការរំពឹងទុក ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលទាំង ០៤វត្តរួច អ្នកសារព័ត៌មានប្រមាណជា ១០០នាក់ មកពី ៧២ស្ថាប័ន រួមមាន ស្ថានីយទូរទស្សន៍ ស្ថានីយវិទ្យុ និងសារព័ត៌មាននានា ទទួលបានចំណេះដឹងបន្ថែម និងយល់កាន់តែច្បាស់អំពីប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា។ លោកក៏បានកត់សម្គាល់ឃើញថា មានអ្នកសារព័ត៌មានមួយចំនួន បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីប្រព័ន្ធចែករំលែកឥណទាន ដែលការណ៍នេះជាបច្ច័យវិជ្ជមាននៃការរួមចំណែកដល់បរិយាបន្នហិរញ្ញវត្ថុ។

ត្រង់ចំណុចនេះ លោក អឿ សុធារ័ត្ន បានបញ្ជាក់សង្កត់ធ្ងន់ថា តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ មិនត្រឹមតែជួយដល់ប្រជាជន យល់ដឹងពីនិន្នាការថ្មីៗក្នុងវិស័យហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពន្យល់ពីសារសំខាន់នៃការផ្លាស់ប្តូរនេះ ថាតើវាអាចជួយសម្រួលដល់ប្រជាជន និងរបៀបដែលប្រជាជនអាចទាញយកផលប្រយោជន៍ពីការផ្លាស់ប្តូរនេះបាន។ លោកបន្តថា វិស័យហិរញ្ញវត្ថុ និងប្រព័ន្ធផ្សព្វផ្សាយនានា ទាមទារភាពជាដៃគូ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីផ្តល់ជាចំណេះដឹងជូនប្រជាជន។ ជាពិសេស លោកសង្កេតឃើញថា នៅកម្ពុជា មានអ្នកសារព័ត៌មាន និងអ្នកធ្វើការក្នុងវិស័យនេះ ជាច្រើននាក់។ ក្នុងនោះ សារព័ត៌មានអាជីព មានគោលការណ៍សំខាន់ ០៣ គឺច្បាប់ វិជ្ជាជីវៈ និងក្រមសីលធម៌ ដែលជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងមានប្រសិទ្ធភាពនៅក្នុងសង្គម ហើយស្ថាប័ននេះ ដើរតួនាទីសំខាន់ក្នុងការធានាថា ប្រជាជនខ្មែរ មានព័ត៌មានពិត គ្រប់គ្រាន់ និងទាន់សភាពការណ៍។ ប៉ុន្តែដើម្បីលុបបំបាត់ការភ័ន្តច្រឡំដែលបាននិងកំពុងកើតមានឡើង ត្រូវការសារព័ត៌មានអាជីពទាំងអស់ ជួយប្រជាជនយល់ដឹងកាន់តែច្រើនអំពីចំណេះដឹងហិរញ្ញវត្ថុ ក៏ដូចជាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ទៅសាធារណជន ឱ្យកាន់តែទូលំទូលាយ តាមរយៈបណ្តាញផ្សព្វផ្សាយដែលគ្របដណ្តប់ទូទាំងផ្ទៃប្រទេស សំដៅសម្រេចគណនេយ្យភាពសង្គម រវាងវិស័យហិរញ្ញវត្ថុ និងសង្គមជាតិ ។

ចំណែកលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងនៅក្នុងកម្មវិធីលៀងសាយភោជន៍រវាងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា និងអ្នកសារព័ត៌មាននោះដែរថា តាងនាមឱ្យសមាគមធនាគារនៅកម្ពុជា លោកសូមចូលរួមអបអរសាទរដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលដោយជោគជ័យ ក្នុងកម្មវិធីបណ្តុះបណ្តាល ស្តីអំពីដំណើរការនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ដែលរៀបចំឡើងដោយ CBC ។ ជាមួយនេះ លោកបានស្នើឱ្យមានកិច្ចសហការ និងការចូលរួមឱ្យបានផុសផុលពីអ្នកសារព័ត៌មាន និងការីនិពន្ធ ដើម្បីធានាថា មានការផ្សព្វផ្សាយព័ត៌មានល្អៗ ទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុ និងព័ត៌មាននៃរបាយការណ៍ឥណទានកាន់តែប្រសើរឡើង ហើយលោកចង់ឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងយល់ពីសុខភាពហិរញ្ញវត្ថុរបស់ពួកគេឱ្យបានកាន់តែច្បាស់ផងដែរ។

លោករ័ត្ន សោភ័ណ បានបញ្ជាក់ថា ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) និងសមាគមធនាគារនៅកម្ពុជា គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ចាប់តាំងពីការបង្កើតក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា)។ ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ដែលគ្រប់គ្រងដោយ CBC ផ្តល់ព័ត៌មានឥណទាន អំពីអ្នកខ្ចីប្រាក់ពីធនាគារ ពិតជាមានតម្លៃក្នុងការវាយតម្លៃឥណទាន។ សមាគមធនាគារនៅកម្ពុជា (ABC) បានដើរតួនាទីក្នុងការប្រឹក្សា ការគាំទ្រដល់សមាជិករបស់ខ្លួន ព្រមទាំងជាវេទិកានៃការចែករំលែក ជាពិសេសទាក់ទងនឹងការរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ដើម្បីយល់កាន់តែច្បាស់អំពីសារសំខាន់នៃប្រព័ន្ធចែករំលែកព័ត៌មានឥណទានដែលអាចទុកចិត្តបាន។ នៅក្នុងស្ថាប័ននីមួយៗវិញ គ្រឹះស្ថានធនាគារ បានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីពង្រឹងសមត្ថភាពលើប្រព័ន្ឋឌីជីថល និងការវិភាគទិន្នន័យរបស់ពួកគេ។ ហេដ្ឋារចនាសម្ព័ន្ធរបស់ CBC មានសារសំខាន់ក្នុងការជួយសម្រួលដល់ការសម្រេចចិត្តរបស់ធនាគារដោយស្វ័យប្រវត្តិ។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនៃកិច្ចសហការពី ភាគីទាំងពីរ វិស័យធនាគារ និងហិរញ្ញវត្ថុ កំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការគ្រប់គ្រងហានិភ័យ។ ក្រៅពីកិច្ចសហការ ABC និង CBC ជាតួអង្គជំរុញប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ដ៏សំខាន់ ជាពិសេសការសហការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសង្គមមួយ ប្រកបដោយបរិយាបន្ន។ CBC គឺជាដៃគូដ៏សំខាន់របស់យើងក្នុងការលើកកម្ពស់ចំណេះដឹងអំពីសារសំខាន់នៃកិច្ចសិក្សារបស់ ABC-CBC សម្រាប់ការពង្រឹងវិស័យហិរញ្ញវត្ថុ ។ ABC និង CMA បានអនុវត្តក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ បានទូលំទូលាយ ហើយ CBC ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រក្នុងការតាមដានការអនុលោមរបស់សមាជិក។

ចំណែកលោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងនៅពេលនោះថា កាលពីឆ្នាំ២០២២ សមាគមនិងភាគីពាក់ព័ន្ធ បានរៀបចំវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន អំពីមូលដ្ឋានគ្រឹះនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីបង្កើនការយល់ដឹងអំពីវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងបង្កើនទំនាក់ទំនងរវាងស្ថាប័នធនាគារ និងហិរញ្ញវត្ថុជាមួយអ្នកសារព័ត៌មាន។ វគ្គបណ្តុះបណ្តាលនេះ ក៏រួមមានទាំងការប្រកួតសរសេរអត្ថបទអំពីហិរញ្ញវត្ថុផងដែរ។ នៅឆ្នាំ២០២៣ សមាគមនិងភាគីពាក់ព័ន្ធ បានដំណើរការវគ្គបណ្តុះបណ្តាលអំពីវិស័យនេះម្តងទៀត ដោយចែកចេញជា ២ផ្នែក គឺវគ្គទី១ សម្រាប់ការីនិពន្ធ និងវគ្គទី២ សម្រាប់អ្នកសរសេរអត្ថបទ សរុបមានអ្នកចូលរួមចំនួន៧៨នាក់។ សម្រាប់ឆ្នាំ២០២៤នេះ សមាគមមីក្រូហិរញ្ញវត្ថុ សូមចូលរួមគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ក្នុងការបណ្តុះបណ្តាលអ្នកសារព័ត៌មានអំពីរបាយការណ៍ផ្សេងៗ ដែលក្រុមហ៊ុនទិន្នន័យហិរញ្ញវត្ថុដ៏ធំមួយនេះបានផ្សព្វផ្សាយសម្រាប់អ្នកសារព័ត៌មាន និងផ្តល់ជូនជាប្រភពព័ត៌មានដ៏សម្បូរបែបសម្រាប់អ្នកសារព័ត៌មាន ។

ឆ្លៀតក្នុងឱកាសនេះ លោកស្រីឌិត នីតា បានរំលេចជូនបងប្អូនទាំងអស់គ្នាអំពីអំណាចរបស់អ្នកសារព័ត៌មាន ដោយបញ្ជាក់ថា បងប្អូនទាំងអស់គ្នាមានអំណាចនិងឥទ្ធិពលដ៏ធំក្នុងការផ្លាស់ប្តូរនូវការគិតរបស់អ្នកអាន អ្នកស្តាប់ អ្នកទស្សនា ឬសាធារណជន តាមរយៈការផ្សព្វផ្សាយនូវអត្ថបទដែលប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ តម្លាភាព គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។ មិនត្រឹមតែប៉ុណ្ណោះ បងប្អូនអាចផ្លាស់ប្តូរនូវពិភពលោកទាំងមូល តាមរយៈអត្ថបទ និងប្រព័ន្ធផ្សព្វផ្សាយរបស់បងប្អូន។ ក្នុងន័យនេះ ទំនួលខុសត្រូវដ៏ធំមួយរបស់អ្នកសារព័តមាន គឺការផ្តល់នូវព័ត៌មានពិតប្រាកដ ដែលមិនមានចេតនាលម្អៀង។ ទន្ទឹមនឹងនេះ វិស័យដែលជាប្រភពនៃព័ត៌មាន ក៏ត្រូវមានទំនួលខុសត្រូវក្នុងការបញ្ជូនព័ត៌មានពិតប្រាកដ និងទាន់ពេលវេលាផងដែរ ។ ជាក់ស្តែងសម្រាប់វិស័យធនាគារនិងហិរញ្ញវត្ថុ ដែលជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ត្រូវការនូវការមើលថែយ៉ាងជិតដល់អំពីសុខុមាលភាព ដើម្បីឲ្យវិស័យមួយនេះអាចបង្ហូរនូវសាច់ប្រាក់ចូលទៅក្នុងសេដ្ឋកិច្ច ដោយគ្មានភាពរអាក់រអួល។ ព័ត៌មានមួយចំនួនធំបានចូលរួមយ៉ាងសកម្មក្នុងការធ្វើឲ្យសុខភាពរបស់វិស័យមានភាពប្រសើរ។ ព័ត៌មានខ្លះទៀតបង្កជាការបំពុលបរិយាកាស ដោយយកករណីដាច់ដោយឡែកណាមួយនោះ មកធ្វើជាករណីទូទៅរបស់វិស័យទាំងមូល ដែលអាចនឹងឈានទៅធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាតិទាំងមូល។ ក្នុងនាមសមាគមមីក្រូហិរញ្ញវត្ថុ ដែលជាសមាគមវិជ្ជាជីវៈ លោកស្រី ស្វាគមន៍នូវរាល់ការស្នើសុំព័ត៌មានផ្សេងៗ ដើម្បីអត្ថបទរបស់បងប្អូនសារព័ត៌មាន មានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនេះ សមាគមក៏មាននូវប្រព័ន្ធទទួលបណ្តឹងអតិថិជនផងដែរ ក្នុងករណីដាច់ដោយឡែកណាមួយនោះ ដែលអតិថិជនមិនពេញចិត្តនឹងសេវាកម្មរបស់សមាជិកសមាគម។ ទាំងនេះជាការយកចិត្តទុកដាក់របស់សមាគម ទៅលើកិច្ចការពារអតិថិជន និងក្រមប្រតិបត្តិរបស់វិស័យ។ លោកស្រីសង្ឃឹមថា បងប្អូនអ្នកសារព័ត៌មាន នឹងបន្តចូលរួមយ៉ាងសកម្មជាមួយវិស័យហិរញ្ញវត្ថុកម្ពុជា និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវសុខុមាលភាពនៃវិស័យ ដើម្បីភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ក្នុងដំណើរឆ្ពោះទៅឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង ២០៥០ ជាប្រទេសចំណូលខ្ពស់  ៕ កុលបុត្រ

RELATED ARTICLES