ភ្នំពេញ៖លោកយ៉ែម សំអូន បានវិលមករកភាពផ្អែមល្ហែមស្នេហ៍ជាមួយអតីតប្រពន្ធអ្នកនាងយ៉ាន លីនដា បាន៣ខែហើយ ក្រោយពួកគេចែកផ្លូវគ្នាអស់៩ឆ្នាំ ។ប៉ុន្ដែការជួបជុំនេះធ្វើឲ្យតារារួមអាជីពមិនអស់ចិត្តព្រោះនៅមានអ្នកថាលោកនិងអ្នកនាងលីនដា កំពុងឆ្ពិនភ្នែកទស្សនិកជនច្រើនជាងជឿរថាប្ដីប្រពន្ធតារា១គូនេះត្រូវរ៉ូវគ្នាមែនទែន ដោយសារតែអ្នកនាងលីនដា តែងតែប្រាប់អ្នកជិតស្និតបំផុតថានាងមិនអាចយកលោកសំអូន បានជាដាច់ខាត ដោយសារតែនាងមានភស្ដុតាងរឿងរបស់លោកសំអូន ណែនពេញក្នុងដៃនាង ។អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះនៅពេលដែលលោកសំអូន បង្ហាញក្ដីស្នេហ៍ដូចផ្ដើមដំបូងនោះនាំឲ្យប្រុសក្មេងម្នាក់ឈ្មោះថាជលសារ ដែលខ្លះថាជាកូនលោកសំអូន និងខ្លះទៀតថាមិនមែននោះបានចែកផ្លូវគ្នាជាមួយលោកសំអូន តាមរយៈការទៅចាប់ដៃធ្វើការជាមួយលោកអាឡិច ចាន់ត្រា ដែលជាក្រុមហ៊ុនប្រជែងជាមួយលោកសំអូន ទៅវិញ ។នេះជាភាពចម្រូងសម្រាសមួយដែលលោកសំអូន វិលមករកអោបប្រពន្ធវិញ តែត្រូវបាត់ដៃស្ដាំរបស់ខ្លួននោះគឺប្រុសក្មេងជលសារ ដែលលោកធ្លាប់តែជួយបណ្ដុះបណ្ដាលឲ្យចេះពីវិធីថតរូបហ្វិគនិងវីដេអូ នៅក្រុមហ៊ុនកម្សាន្ដរបស់លោក តែពេលនេះជលសារ បានយកចំណេះដែលខ្លួនធ្លាប់មានទាំងប៉ុន្មានពីការបម្រើការឲ្យលោកសំអូន ទៅធ្វើការឲ្យលោកអាឡិច ចាន់ត្រាវិញម្ដង ។
អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកយ៉ែម សំអូន សាកសួរពីប្រុសក្មេង ឬគេថាជាកូនធ័មរបស់លោកសំអូន គឺលោកជលសារ ដែលដើរចេញពីលោកហើយទៅធ្វើការនៅក្រុមហ៊ុនលោកអាឡិច ចាន់ត្រា នោះតែលោកនិយាយដដែលៗថាមិនទាន់ដល់ពេលត្រូវបកស្រាយ ហើយឲ្យអ្នកយកព័តមានយើងតាមដានរឿងមួយនេះតទៅទៀត។ចំណែកតារាដែលស្និតលោកសំអូន បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទក្នុងល័ក្ខខណ្ឌមិនបញ្ចេញឈ្មោះថាពួកគេមិនជឿរថាលោកសំអូន និងប្រពន្ធវិលមកត្រូវរ៉ូវគ្នាពិតទេ ហើយថារឿងលោកសំអូន មិនចេញមុខបកស្រាយពីបញ្ហាលោកជលសារ ដើរចេញពីលោកទៅធ្វើការឲ្យលោកអាឡិច ចាន់ត្រា នោះធ្វើឲ្យកាន់តែមានអាថ័កំបាំងខ្លាំងឡើងៗ ពិសេសគឺអ្នកខ្លះធ្លាប់តែជឿថាលោកជលសារ ជាកូនរបស់លោកសំអូន នោះឥឡូវចាប់ផ្ដើមឲ្យសង្ស័យកាន់តែច្រើនថាតើទំនាក់ទំនងរបស់លោកសំអូន និងជលសារ ត្រូវជាអ្វីគ្នាឲ្យប្រាកដ ?
យ៉ែម សំអូន ថាលោកហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដើម្បីកូនស្រីសំណព្វចិត្តរបស់លោកនាងសំអូន វិថាណា សប្បាយចិត្ត ក្នុងនោះមានទាំងការត្រូវរ៉ូវគ្នាជាមួយភរិយាផងដែរ ។ប៉ុន្ដែតាមព័តមានថាលោកសំអូន ធ្វើជាជួបជុំជាមួយប្រពន្ធវិញ ព្រោះតែលោកចង់ពង្រឹងក្រុមហ៊ុនកម្សាន្ដរបស់ខ្លួនឲ្យរឹងមាំតាមរយៈការមានដៃគូធ្វើជាMC ជាមួយគ្នាម្ដងទៀតដើម្បីឲ្យអតិថិជនមានជំនឿរចិត្តនិងចង់ជួលតាមកម្មវិធីផ្សេងៗ ខណៈដែលអ្នកនាងលីនដា វិញរក្សារភាពស្ងៀមស្ងាត់ ។តែយ៉ាងណាគេជឿរថា”ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ” ហេតុនេះមិនយូឡើយរឿងលោកសំអូន និងអ្នកនាងលីនដា ដែលគេសង្ស័យថាពួកគេកំពុងតែលេងបិតពួននោះនឹងត្រូវបានលាតត្រដាងជាមិនខាន ក្នុងនោះអ្វីដែលរសើបខ្លាំងនោះថាហេតុអ្វីបានជាលោកសំអូន ផ្សារភ្ជាប់ស្នេហ៍ជាមួយប្រពន្ធវិញទើបាន៣ខែសោះ បែជាត្រូវខ្ទាតប្រុសក្មេងជាជំនិតបំផុតរបស់លោកបែបនេះទៅវិញ ។
គួររំលឹកថាតារាចម្រៀងយ៉ែម សំអូន បានប្រេះឆាស្នេហាជាមួយអ្នកនាងយ៉ាន លីនដា កាលពីឆ្នាំ២០១៥ ដែលតាមព័តមានថាពេលនោះអ្នកនាងលីនដា ប្រចណ្ឌលោកសំអូន ជាមួយតារាប្រុសម្នាក់ ហើយនាងមានទាំងភស្ដុតាងគ្រប់គ្រាន់ដើម្បីឲ្យប្ដីប្រកែកមិនរួចទៀតផង ។តែលោកសំអូន និងលីនដា មិនព្រមយកគូស្នេហ៍ថ្មីដូចគ្នាជិត១០ឆ្នាំមកនេះ ហើយទីបំផុតបែជាពួកគេប្រកាសពីការវិលមកស្អិតល្មូតជាមួយគ្នាម្ដងទៀត ទើបនាំឲ្យកូនធ័មលោកសំអូន បានខ្ទាតចេញ ។គេចាំមើលថាចំណងស្នេហាលោកសំអូន និងអ្នកនាងលីនដា អាចរក្សារបានយូអង្វែងដែរ ឬទេ ព្រោះតាមព័តមានថាតារាប្រុសដែលធ្លាប់ស្និតស្នាលលោកសំអូន ដូចជាកោសខ្យល់ឲ្យលោកជាដើមនោះចាប់ផ្ដើមរក្សារគម្លាតពីលោកទៅហើយ ព្រោះខ្លាចអ្នកនាងលីនដា ឆេះដុំម្ដងទៀតក្នុងនោះមានទាំងលោកជលសារ ផងដែរ ៕