Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្មកររោងចក្រផលិតនាឡិកា ធ្វើកូដកម្មទាមទារ៧ចំណុច

កម្មកររោងចក្រផលិតនាឡិកា ធ្វើកូដកម្មទាមទារ៧ចំណុច

ខេត្តស្វាយរៀង ៖ កម្មករ-កម្មការិនីរោងចក្រផលិតនាឡិកាដៃ (NISSEV) ប្រមាណជិត ១ពាន់នាក់ បានផ្ទុះការតវ៉ា និងធ្វើកូដកម្មមិនចូលធ្វើការ សុំឱ្យគណៈកម្មាធិការកណ្តាលនៃក្រសួងការងារចុះដោះស្រាយបញ្ហាថៅកែក្រុមហ៊ុនរោងចក្រ មិនគោរពច្បាប់ការងារ។

ការតវ៉ានេះ បានកើតឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅខាងមុខតំបន់សេដ្ឋកិច្ចពិសេសនាគរាជ ស្ថិតក្នុងភូមិព្រែកទប់ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត។

តំណាងកម្មករម្នាក់ បានបញ្ជាក់ប្រាប់ថា កម្មករ-កម្មការិនីធ្វើកូដកម្ម ទាមទារសូមឱ្យថៅកែក្រុមហ៊ុន (NISSEV) ផលិតនាឡិកា គោរពច្បាប់ការងារ និងគោរពសិទ្ធិរបស់កម្មករ កម្មការិនី ពេលមានជំងឺ មិនត្រូវកាត់លុយ និងត្រូវបើកប្រាក់បំណាច់ឆ្នាំជូនកម្មករ-កម្មការិនី។

ប្រភពដដែល បន្តថា ការតវ៉ានាពេលនេះ គឺក្រុមកម្មករ-កម្មការិនី ទាមទារនូវលក្ខខណ្ឌចំនួន៧ រួមមាន ៖ ទី១-បញ្ហាក្រដាសច្បាប់ពេលមានជំងឺ ត្រូវប្រើក្រដាស់ពេទ្យ ប.ស.ស គ្មានប្រសិទ្ធភាព (ក្រុមហ៊ុនមិនទទួលស្គាល់)។ ទី២-លែងផ្លាស់ប្តូរវេន ថ្ងៃឈប់សម្រាកនិងថ្ងៃបុណ្យ។ ទី៣-សូមក្រុមហ៊ុនអនុគ្រោះពេលមានបញ្ហាជាយថាហេតុ មិនអាចដឹងមុន ដូចជាមាន បងប្អូន ឬឪពុកម្តាយ ជួបបញ្ហា ស្លាប់ឬមានជំងឺ មិនអាចមកដាក់ច្បាប់មុន សុំដាក់ច្បាប់ពេលត្រឡប់មកចូលធ្វើការវិញ។ កន្លងមក ការប្រើច្បាប់ពិសេស ហើយក្រុមហ៊ុននៅតែកាត់លុយ ហើយព្រមានកម្មករទៀត។ ៤-កម្មករ-កម្មការិនី ស្នើសុំទម្លាក់បុគ្គលិករដ្ឋបាលម្នាក់ ឈ្មោះអាន សាមុត ចេញពីតំណែង។ ទី៥-បញ្ហាប្រាក់បំណាច់ឆ្នាំ ប្រសិនបើមិនបើកប្រាក់បំណាច់ឆ្នាំឱ្យទេ ឈប់គិតលុយឱ្យគេ។ ទី៦-ក្រុមហ៊ុនត្រូវគិតប្រាក់ខែ កម្មករ កម្មការិនីឱ្យបានត្រឹមត្រូវ និងទី៧-សូមក្រុមហ៊ុនយោគយល់ពេលកម្មករ កម្មការិនីមានជំងឺបន្តិចបន្តួច ដូចជា រាក ក្អួត ខ្យល់ចាប់មិនអាចមកធ្វើការបាន ត្រូវអនុគ្រោះ។ ជាក់ស្តែង កន្លងមក កម្មករ-កម្មការិនីមានជំងឺរាក ក្អួត ពុលចំណីអាហារ មកធ្វើការមិនកើត ឈប់មួយថ្ងៃ ពេលត្រឡប់មកធ្វីការវិញ ក្រុមហ៊ុនទាមទារក្រដាសពេទ្យ ប.ស.ស ហើយច្បាប់ការងារ ចេញតែពីមាត់ ខុសពីគោលការណ៍ច្បាប់របស់ក្រសួងការងារ។

ជុំវិញករណីកម្មករ កម្មការិនីធ្វើកូដកម្មនេះ ក្រុមការងាររដ្ឋបាលខេត្តស្វាយរៀង បានចុះទៅសម្របសម្រួល ដោយអញ្ជើញតំណាងកម្មករ-កម្មការិនី ចំនួន៥នាក់ ឱ្យចូលទៅការិយាល័យ រោងចក្រ ដើម្បីដោះស្រាយ លទ្ធផលយ៉ាងណានោះ នឹងផ្តល់នៅពេលក្រោយ៕

RELATED ARTICLES