ភ្នំពេញ៖ក្នុងជំនួបជាមួយអ្នកកាសែតកាលពីពេលថ្មីៗនេះមាស សុខសោភា បានសារភាពថាពេលនេះនាងមានអាយុ៤៣ឆ្នាំហើយ ។នាងថាសម័យនេះហើយទោះជាអាយុ២០ ,៣០ ,៤០ឬ៥០ឆ្នាំ គឺអត់បញ្ហាទេ គឺឲ្យតែយើងតាំងចិត្តថានៅតែស្អាត ។តាមរយៈការទម្លាយអាយុពិតនេះបញ្ជាក់ថាសុខសោភា ប្អូន៦ឆ្នាំលោកព្រាប សុវត្ថិ ដែលមានអាយុ៤៩ឆ្នាំ តែនាងបង៤ឆ្នាំលោកខេមរៈ សិរីមន្ដ ដែលមានអាយុ៣៩ឆ្នាំ ។សោភា ក៍បង៥ឆ្នាំឱក សុគន្ធកញ្ញា ដែលមានអាយុ៣៨ឆ្នាំ និងបង២ឆ្នាំលើពេជ្រ សោភា និងសុគន្ធ និសា ដែលមានអាយុ៤១ឆ្នាំដូចគ្នានោះ ខណៈដែលនាងក៍បងដល់ទៅ៩ឆ្នាំតារាចម្រៀងសុខ ពិសី ដែលមានវ័យទើប៣៤ឆ្នាំ ។
ដោយឡែកការអះអាងថា”អាយុគ្រាន់តែជាតួលេខ “របស់មាស សុខសោភា នាពេលនេះបញ្ជាក់ថានាងនៅមានសម្រស់វ័យក្មេងជាងវ័យហើយនឹងមានវិធីពន្យាអាយុមិនឲ្យជ្រីវជ្រួញទៅតាមទិន្នន័យអាយុពិតដែរ តាមរយៈការប្រើប្រាស់ផលិតផលផ្សេងៗ ។អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះសុខសោភា បានទទួលស្គាល់ជាលើកទី១ថានាងពិតជាមានកូនប្រុស១អាយុ១៨ឆ្នាំមែន ប៉ុន្ដែនាងមិនប្រាប់លម្អិតថាតើឪពុកក្មេងប្រុសនោះជាលោកអ៊ឹត រ៉ាដា អាណិកជនខ្មែរមកពីកាណាដា ឬជាអ្នកណាទេ ព្រោះតាមព័តមានថានាងមានទំនាក់ទំនងស្នេហាជាមួយលោកគ្រូពេទ្យនេះគឺទើបតែមានរយៈពេល១៧ឆ្នាំ(២០០៧-២០២៤) ប៉ុន្ដែហេតុអ្វីបានជាមានកូនអាយុ១៨ឆ្នាំ ?នេះជាចម្ងល់របស់មហាជន។នៅមានការសង្ស័យមួយចំនួនទៀតដូចជាសុខសោភា មិនប្រាប់ពីពេលវេលាពពោះ ហើយសម្រាលកូនដំបូងនៅឆ្នាំណា? នៅទីណា?នោះទេ ខណៈដែលនៅស្រុកខ្មែរវិញតាំងពីសោភា ច្រៀងច្រៀងនៅផលិតកម្មU2 កាលពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០២៤ ពោលគឺមានរយៈពេល២០ឆ្នាំគត់នេះគេមិនដែលបានឃើញនាងពពោះម្ដងណាឡើយ ។ប៉ុន្ដែគេចាំបានថាអំឡុងពេលដែលសុខសោភា ច្រៀងនៅថោន ដល់ទៅ៩ឆ្នាំ (២០១១-២០២០) នាងធ្លាប់បាត់ខ្លួនម្ដងគត់មានរយៈពេលដល់ទៅជាង១ឆ្នាំ ដែលពេលនោះសាច់ញាត្តិរបស់នាងធ្លាប់ប្រាប់ថាសោភា ទៅច្រៀងសម្ដែងនៅកាណាដា ហើយស្នាក់នៅផ្ទះគូស្នេហ៍របស់នាងលោករ៉ាដា ដោយនាងថែមទាំងមានគម្រោងរស់នៅប្រទេសទី២នេះជាអចិនត្រេយ៍ទៀតផង។តែក្រោយមកនាងបានប្ដូរចិត្តមករស់នៅខ្មែរវិញ ហើយលោករ៉ាដា បានមករស់នៅតាមនាងរហូតដល់បច្ចុប្បន្នតែម្ដង ។នៅពាក់កណ្ដាលឆ្នាំ២០២២ សុខសោភា ប្រកាសថានាងមានកូនប្រុសឈ្មោះBovee Hundley ដែលពេលនោះរូបគេមានវ័យ១៦ឆ្នាំ នោះទៅវិញ បើទោះជាមានអ្នកស្និតបំផុតអះអាងថាយុវជនរូបនោះជាក្មួយរបស់នាងហើយនាងស្រលាញ់ដូចកូនបង្កើតក្ដី ក៍នាងនៅតែមានៈហើយថាជាកូនប្រុសនាងដដែល ។អ្វីដែលគួរឲ្យចាប់អារម្មណ៍សុខសោភា នៅចំពោះមុខអ្នកសារព័តមាននាង បាននិយាយច្បាស់ៗថានាងពិតជាមានកូនប្រុស១អាយុ១៨ឆ្នាំមែន ។
គួររំលឹកថាមាស សុខសោភា បានរៀបការជាមួយលោកអ៊ឹត រ៉ាដា ចំនួន២ដងហើយគឺកាលពីឆ្នាំ២០០៨ នាងការតាមបែបគ្រីស្ទាន នៅព្រះវិហារមួយនៅកាណាដា និងការលើកទី២ នាងការនៅខ្មែរតាមបែបប្រពៃណីតែរៀបចំបែបលាក់លៀមបំផុតនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៩ ។ដោយឡែកនៅឆ្នាំ២០២០ មានព័តមានថាសុខសោភា ចង់រៀបការធំដូចតារាល្បីៗផ្សេងទៀតដោយបើកចំហ ប៉ុន្ដែពិធីនោះបានលុបចោលទៅវិញយ៉ាងទាន់ហន់ ដោយសារតែផ្ទុះកូវីត ។ទាក់ទងសម្រស់ដែលសោភា ថាអាយុច្រើនគ្មានបញ្ហា នេះដែរសោភា ធ្លាប់ទទួលស្គាល់ថានាងបានកែច្រមុះ តែផ្នែកផ្សេងៗទៀតដូចជាដើមទ្រូង ឬចង្កា នោះនាងមិនធ្លាប់សារភាពនោះទេបើទោះជាមានFan ខ្លះសង្ស័យថានាងបានធ្វើក្ដី។ អ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់ប្រាប់ថាតារាចម្រៀងនៅល្បីឬមិនល្បីមិនមែនស្ថិតនៅលើអាយុទេ ប៉ុន្ដែនៅលើសម្ថភាពនិងសុខភាព និងការតុបតែងខ្លួនឲ្យសាកសមជាតារា ហើយបើច្រៀងនៅផលិតកម្មគេសួរថាគេលើកឬអត់? បើថៅកែមិនលើកមិនល្បីទេ ៕