Saturday, May 11, 2024
Homeសង្គម និងជីវិតប្រពន្ធឆ្លងទន្លេ៣ថ្ងៃ ប្តីពង្រត់ស្រីក្មេង

ប្រពន្ធឆ្លងទន្លេ៣ថ្ងៃ ប្តីពង្រត់ស្រីក្មេង

កំពត ៖ នាងអ៊ឹម ថុន អាយុ៣៧ឆ្នាំ រស់នៅភូមិតាព្រុំ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត បានរៀបរាប់ពីដំណើរជីវិតទាំងក្តុកក្តួលថា រូបនាងជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ (ស្រី៣ ប្រុស១) មានម្តាយឈ្មោះសូ និត អាយុ៧២ឆ្នាំ ឪពុកឈ្មោះ សូ អាន (ស្លាប់)។ កាលពីក្មេង នាងបានរៀនសូត្រចប់ថ្នាក់បឋមសិក្សា នឹងគេដែរ លុះធំពេញវ័យ រហូតមកដល់សព្វថ្ងៃ គាត់ធ្លាប់មានប្តីដល់ទៅ២នាក់។

នាងរំលឹកថា កាលពីទើបធំពេញក្រមុំអាយុ១៨ឆ្នាំ កំពុងតែស្រស់ស្អាតសាច់សខ្ចីដូចឃ្មុំ កំពុងពេញក្បាលទឹក ម្តាយទុកឪពុកដាក់ផ្សំផ្គុំឱ្យរៀបការជាមួយបុរសម្នាក់ ឈ្មោះម៉ឹក (នៅកំលោះក្រមុំដូចគ្នា) ជាអ្នកស្រុកត្រាំកក់ ខេត្តតាកែវ។ ពេលរៀបការហើយថ្មីថ្មោង នាងបានទៅរស់នៅខាងប្តីឯខេត្តតាកែវ ដោយចាប់របរធ្វើស្រែចម្ការ ច្បារដំណាំ ជាស្បៀងលៀងជីវិត ហើយពេលនោះ ប្តីប្រពន្ធនាងស្រលាញ់ល្អូកល្អិននឹងគ្នាណាស់ ដូចទឹកនិងត្រី ទៅណាមកណា បណ្តើរគ្នាឱ្យត្រសងដូចលលកញីឈ្មោល ប៉ុន្តែគួរឱ្យស្តាយ ក្រោយពីសាងក្បូនស្នេហ៍នឹងគ្នាបាន១ឆ្នាំ មិនទាន់បង្កើតបានកូនមួយគ្រាប់ ភ្ជាប់និស្ស័យស្នេហាជាមួយគ្នាផង ចំណងស្នេហ៍ប្តីប្រពន្ធនាងចាប់ផ្តើមមានភាពរង្គោះរង្គើនឹងគ្នា ដោយសារវត្តមានបងប្អូនប្តីជាអ្នកមកជ្រៀតជ្រែកស្នេហ៍ ធ្វើឱ្យនាងមិនអាចទ្រាំរួមរស់ជាមួយប្តីតទៅទៀតបាន ក៏ឱបបង្វេចរត់មកផ្ទះវិញតែម្តង ក្នុងរូបភាពផ្តាច់និស្ស័យស្នេហ៍ប្តីប្រពន្ធនឹងគ្នាចាប់ពីពេលនោះមក។

នាងអ៊ឹម ថុន និងលោកមុឹក (ក្នុងថ្ងៃរៀបការ), នាងអុឹម ថុនកំពុងបីកូន

នាងថុន បន្តឱ្យដឹងទៀតថា ក្រោយពីធ្លាក់ខ្លួនជាស្រីមេម៉ាយក្តៅស្រួយតែមួយរយៈខ្លី នាងបានជួបស្នេហ៍ជាមួយប្តីទី២ ឈ្មោះហ៊ី ក្រួច នៅកំលោះបរិសុទ្ធដូចដាវមិនទាន់ដកចេញពីស្រោម និងចាប់របរធ្វើស្រែចម្ការចិញ្ចឹមជីវិត ហើយឆ្លៀតពេលទំនេរពីការងារស្រែចម្ការ ប្តីចាប់របរអូសរទេះលក់ដូង នៅក្នុងទីក្រុងភ្នំពេញ ជួយដោះស្រាយជីវភាពប្រចាំថ្ងៃមួយកម្រិតទៀត។ តាមពិតទៅ មុខរបរលក់ដូងមួយនេះមានភាពកាក់កបណាស់ ដែលអាចស្វែងរកប្រាក់ចំណេញបានច្រើនគួរសម ប៉ុន្តែប្តីរបស់នាងជាមនុស្សល្មោភកាម មានស្រីញីជាបន្តបន្ទាប់រាប់មិនអស់ ព្រមទាំងវក់លេងល្បែងស៊ីសងទៀត ទើបធ្វើឱ្យប្រាក់ចំណេញពីការលក់ដូងទាំងប៉ុន្មាន មិនដែលបានយកមកចិញ្ចឹមប្រពន្ធកូនម្តងណាឡើយ ថែមទាំងយកលុយផ្ទះធ្វើដើមទុនទៀតផង រហូតអស់ចុងអស់ដើមរលីង នាងក៏សម្រេចចិត្តហៅប្តីត្រឡប់មកផ្ទះវិញ ជួយការងារស្រែចម្ការ ពេញដៃពេញជើងតែម្តង ដោយសង្ឃឹមថា ប្តីកែចរិតបោះបង់ល្បែង ស្រីស្រាចោល តែដឹងអី! ប្តីរបស់នាងកាន់តែវក់លេងល្បែងខ្លាំងឡើង ដោយមួយថ្ងៃៗដើរបាត់ៗពីផ្ទះ ទៅលេងបៀ អាប៉ោង ព្រឹកបាត់ ល្ងាចទើបមកដល់ មិនខ្វាយខ្វល់ពីការងារស្រែចម្ការចិញ្ចឹមប្រពន្ធកូនឡើយ ព្រមទាំងលួចទៅមានស្រី (សុំមិនបញ្ចោញឈ្មោះ) នៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុកដងទង់ ទៀតផង។ លុះពេលប្តីភ្លើតភ្លើនដើរស៊ីចាយ លេងល្បែង ស្រីញីអូនបងអស់លុយពីខ្លួន ទើបធ្វើល្អដាក់ប្រពន្ធ ដោយលួងលោមនាងឱ្យយកប្លង់ដីស្រែមួយកន្លែង ទៅបញ្ចាំនៅធនាគារ យកប្រាក់ទៅធ្វើដើមរកស៊ីអូសរទេះលក់ដូង នៅក្នុងទីក្រុងភ្នំពេញ វិញ។ ចំណែកនាងវិញ ដោយនឹកស្មានថា ប្តីភ្ញាក់រលឹកកែខ្លួនសង្វាតរកប្រាក់ឡើងវិញ ក៏ជួយបំពេញបំណងប្តី យកប្លង់ដីទៅខ្ចីប្រាក់ពីធនាគារ។

ផ្ទះរបស់នាងអ៊ឹម ថុន

នាងអ៊ឹម ថុន បន្តទាំងអួលដើមកថា លុះពេលបានប្រាក់ដល់ដៃហើយ ប្តីបានទៅរកស៊ីនៅក្រុងភ្នំពេញ មែន ប៉ុន្តែប្តីនាងមិនព្រមចោលចរិតចាស់ឡើយ មិនខុសពីឆ្កែកន្ទុយខ្វៀនទេ ដោយងប់ងុលដើរលេងល្បែង ស្រីញី អូនបងដដែល គ្មានបានប្រាក់មួយរៀលចូលផ្ទះ សម្រាប់បងបំណុលធនាគារឡើយ ដែលពេលនោះ តម្រូវឱ្យនាងយកប្លង់ដី ទៅដាក់បញ្ចាំខ្ចីប្រាក់ពីធនាគារផ្សេងជាបន្តបន្ទាប់ ដើម្បីយកប្រាក់បង់ធនាគារមុនៗ រហូតរកសងបង្វិលលែងបាន ខាងធនាគាររឹបអូសលក់ឡៃឡុងដី ស្រែចម្ការរបស់នាងអស់គ្មានសល់ ក៏ប្តីរបស់នាង មិនឈឺក្បាលវិលមុខឡើយ ប៉ុន្តែអ្វីដែលធ្វើឱ្យនាងឈឺចាប់បំផុតនោះ គឺពេលដែលនាងទើបតែសម្រាលកូនទី២ បាន៣ថ្ងៃ ស្រាប់តែប្តីហេងស៊យនេះ បានពង្រត់ស្រីស្នេហ៍ដែលរស់នៅភូមិក្រាំងលាវ នោះ ទៅបាត់ស្រមោល ទុកម្តាយកូនពួកនាងឱ្យរស់នៅយ៉ាងលំបាកវេទនា គ្មានទ្រព្យសម្បត្តិអ្វីនៅជាប់ខ្លួនទៀតឡើយ។

លោកម៉ាង វណ្ណៈ អាយុ២៤ឆ្នាំ ជាប្អូនបានឱ្យដឹងថា លោកមានចិត្តអាណិតបងស្រីណាស់ ព្រោះតែជួបប្តីជាមនុស្សញៀនល្បែង ស្រី ស្រា ទើបត្រូវវិនាសទ្រព្យសម្បត្តិដីស្រែចម្ការកេរអាករ ទាំងប៉ុន្មានអស់គ្មានសល់។ មិនត្រឹមតែប៉ុណ្ណោះ បងថ្លៃកំហូចនោះ បានចុះចោលផ្ទះ ពង្រត់ស្រីក្មេងបាត់ស្រមោល ទុកប្រពន្ធកូនខ្ចីឱ្យនៅតែម្នាក់ឯង គ្មានអាណិតអាសូរឡើយ កុំតែបានក្រុមគ្រួសារជួយយកអាសាទឹកក្តៅទឹកត្រជាក់ បោក កន្ទប ដាំបាយទឹក មិនដឹងជាបងស្រីជួបការលំបាកដល់កម្រិតណាទេ។

 

លោកយាយសូ និត ជាម្តាយបានឱ្យដឹងថា គាត់ឆ្អែតចិត្តជាមួយនឹងកូនប្រសារូបនេះខ្លាំងណាស់។ គេមិនត្រឹមតែធ្វើបាបចិត្តប្រពន្ធ ដោយសារលេងល្បែង ស៊ីសង មានស្រីញីនៅខាងក្រៅទេ ថែមទាំងបោកកូនស្រីគាត់ឱ្យយកប្លង់ដីទៅបញ្ចាំធនាគារ ត្រូវគេរឹបអូសបំផ្លាញអស់គ្មានសល់ តើឪពុកម្តាយក្មេកណាមិនខឹងនោះ? ហើយបើកូនប្រសាជើងល្អនេះ អស់ផ្លូវដើរ បោលក្បាលចូលផ្ទះវិញនោះ គាត់មិនឱ្យចូលផ្ទះឡើយ ព្រោះគេបំផ្លាញទ្រព្យសម្បត្តិកេរអាករខ្ទេចខ្ទីអស់។

ជុំវិញនឹងការលើកឡើងខាងលើនេះ អ្នកយក ព័ត៌មានយើងមិនអាចទាក់ទងលោកហ៊ី ក្រួច ជាប្តីទី២ របស់នាងអ៊ឹម ថុន សុំការបកស្រាយបានទេ ប៉ុន្តែ យ៉ាងណា យើងនឹងរង់ចាំការបំភ្លឺពីលោកជានិច្ច៕                                      គីម ថីសួន

RELATED ARTICLES