ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ឃើញជនរងគ្រោះ២នាក់ប្តីប្រពន្ធ ជាជនបរទេស កំពុងខូចរថយន្ត បានឆ្លៀតឱកាសជិះម៉ូតូទៅឆក់កាបូបស្ពាយពីបុរសជាប្តី តែសំណាងល្អ ខ្សែកាបូបមិនដាច់ ក៏ត្រូវជនរងគ្រោះទាញកន្ត្រាក់មកវិញ បណ្តាលឱ្យដួលម៉ូតូ និងស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យ ភ័យស្លន់ស្លោ រត់ឡើងម៉ូតូបក្ខពួក ១គ្រឿងផ្សេងទៀត ជិះគេចខ្លួនបាត់ ដោយបន្សល់ទុក ម៉ូតូ ១គ្រឿង នៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅតាម ផ្លូវលេខ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ម៉ូតូដែលជនសង្ស័យរត់ចោល ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IN-1719។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានជនបរទេស ២នាក់ប្តីប្រពន្ធ ខូច រថយន្តនៅលើផ្លូវលេខ ១១០ ហើយជនរងគ្រោះទាំង២នាក់បានចុះចេញពីរថយន្ត ដោយបុរសជាប្តីជាអ្នកស្ពាយកាបូប កំពុងឈរនៅលើផ្លូវ មើលរថយន្ត ស្រាប់តែមាន ជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IN-1719 បានជិះមកក្បែរ រួចធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះ តែមិនបានសម្រេច ព្រោះខ្សែកាបូបមិនដាច់ ក៏ត្រូវជនរងគ្រោះកន្ត្រាក់ទាញមកវិញ ធ្វើឱ្យជនសង្ស័យដួលម៉ូតូ ភ័យស្លន់ស្លោ រត់ឡើងជិះម៉ូតូបក្ខពួកមួយគ្រឿងផ្សេងទៀត គេចខ្លួនបាត់។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចចុះទៅយកម៉ូតូជនសង្ស័យទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញានិងបក្ខពួក យកមកផ្តន្ទាទោសទៅតាមច្បាប់៕