Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបគ្រឿងញៀន ១៤៥គីឡូ វ៉ៃខ្នោះចិន-ជប៉ុន ៥នាក់

បង្ក្រាបគ្រឿងញៀន ១៤៥គីឡូ វ៉ៃខ្នោះចិន-ជប៉ុន ៥នាក់

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានរៀបចំធ្វើសន្និសិទកាសែត បង្ហាញពីស្នាដៃបង្ក្រាបករណីជួញដូរនិងចែកចាយគ្រឿងញៀន ជាលក្ខណៈទ្រង់ទ្រាយធំមួយកម្រធ្លាប់មាន ដោយឃាត់ខ្លួនជនឧក្រិដ្ឋ ចំនួន៥នាក់ ក្នុងនោះមានជនជាតិចិនតៃវ៉ាន់ ៤នាក់ និងជនជាតិជប៉ុនម្នាក់ ព្រមទាំងរឹបអូសថ្នាំញៀនប្រភេទ “កេតាមីន” សរុបទម្ងន់ចំនួន១៤៥គីឡូក្រាម។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងការិយាល័យជំនាញប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនគរបាលខណ្ឌជ្រោយចង្វា បានបើកប្រតិបត្តិការបង្ក្រាបជាក់ស្តែង នូវករណីជួញដូរគ្រឿងញៀន ខាងលើនេះ ដោយឃាត់ខ្លួនបានជនសង្ស័យជន ជាតិចិនតៃវ៉ាន់ ម្នាក់ឈ្មោះ ហ្វាន យានគួយ ភេទប្រុស អាយុ២៦ឆ្នាំ នៅចំណុចក្នុងបុរីអ័រគីដេ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ដោយបានដកហូតវត្ថុតាងថ្នាំញៀនប្រភេទ “កេតាមីន” ចំនួន៣ដុំ ស្មើនឹង៣គីឡូក្រាម។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បន្តថា បន្ទាប់មកនៅវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កម្លាំង សមត្ថកិច្ចជំនាញ បានបន្តការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប និងចាប់ខ្លួនបក្ខពួកជន សង្ស័យ ចំនួន៤នាក់ទៀត ដែលជាជនជាតិចិនតៃវ៉ាន់ ៣នាក់ និងជនជាតិជប៉ុនម្នាក់ នៅចំណុចបុរីអ័រគីដេ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៤នាក់ រួមមាន ទី១-ឈ្មោះស៊ូ ឈិនហៅ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិនតៃវ៉ាន់។ ទី២-ឈ្មោះហ័ង ហឺជៀន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់។ ទី៣-ឈ្មោះហ្វាង ចឹងជីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិនតៃវ៉ាន និងទី៤-ឈ្មោះណូមូរ៉ា សូគីជី ភេទប្រុស អាយុ៧៦ឆ្នាំ ជនជាតិជប៉ុន។

លោកស្នងការ បានបន្ថែមថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានរឹបអូសថ្នាំញៀនប្រភេទ “កេតាមីន” ចំនួន១៤២ដុំ ស្មើនឹង១៤២ គីឡូក្រាម រួមមាន ម្សៅសារធាតុផ្សំគ្រឿងញៀន ចំនួន២គីឡូក្រាម ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន៣គ្រឿង ឧបករណ៍សម្ភារៈសម្រាប់ វេចខ្ចប់គ្រឿងញៀន មួយចំនួន និងសំបកកញ្ចប់ថង់រូបតែ សម្រាប់ច្រកថ្នាំញៀន (ខ្នាត១គីឡូក្រាម) ចំនួន២០០កញ្ចប់។

ក្រោយធ្វើសន្និសីទបង្ហាញមុខជនសង្ស័យទាំង៥នាក់ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES