Sunday, September 8, 2024
Homeសង្គម និងជីវិតមេម៉ាយរូបស្រស់ ជួបទុក្ខផ្ទួនៗ ចោរលួចម៉ូតូ ថៅកែបញ្ឈប់ការងារ

មេម៉ាយរូបស្រស់ ជួបទុក្ខផ្ទួនៗ ចោរលួចម៉ូតូ ថៅកែបញ្ឈប់ការងារ

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ជាកម្មការិនីរោងចក្រ ប្រឹងធ្វើការរកប្រាក់ចិញ្ចឹមឪពុកពិការ ម្តាយជរា និងទើបសន្សំប្រាក់បង់រំលស់ម៉ូតូ ជិះទៅធ្វើការបានតែ២ខែ ស្រាប់តែត្រូវចោរលួចម៉ូតូបាត់ ធ្វើឱ្យស្ត្រីរងគ្រោះ សំពះសុំលាកឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ ជួយរកម៉ូតូរបស់នាងផង។

នារីរងគ្រោះ មានឈ្មោះ ផន គា អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង សព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល។

នារីរងគ្រោះ បានរៀបរាប់ថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ មានករណីចោរចូលមកលួចម៉ូតូ អស់ ចំនួន៤គ្រឿង នៅក្នុងប្លុកផ្ទះជួលដែលនាងស្នាក់នៅ ស្ថិតក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌ កំបូល ដោយក្នុងនោះមានម៉ូតូរបស់នាង ១គ្រឿង ដែរ គឺម៉ាកហុងដា ប៊ីត ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1KS-4446។ ក្រោយពេលដឹងថា បាត់ម៉ូតូភ្លាម នាងបានពឹងសុំឱ្យម្ចាស់ផ្ទះជួល ជួយឆែកកាមេរ៉ាមើលដែរ ប៉ុន្តែម្ចាស់ផ្ទះជួលនោះបានប្រាប់ថា ពេលថ្ងៃ អត់ដាក់កាមេរ៉ាទេ គឺដាក់កាមេរ៉ាតែពេលយប់ប៉ុណ្ណោះ។ បន្ទាប់មកនាងក៏បានទៅប្តឹងនគរបាលប៉ុស្តិ៍កំបូល ឱ្យជួយអន្តរាគមន៍ដែរ ប៉ុន្តែរយៈពេល៤ថ្ងៃហើយ ដូចគ្មានតម្រុយ ឬសង្ឃឹមថានឹងអាចរកម៉ូតូឃើញវិញសោះ។

នារីរងគ្រោះរូបនេះ បានបន្តថា ម៉ូតូរបស់នាងដែលត្រូវចោរលួចយកទៅបាត់នោះ គឺនាងទើបតែទិញបង់រំលស់បានរយៈពេល២ខែប៉ុណ្ណោះ ដើម្បីជិះទៅធ្វើការ ស្រាប់តែត្រូវចោរលួចយកទៅបាត់។ មិនតែប៉ុណ្ណោះ ខណៈដែលនាងរវល់តែតាមរកម៉ូតូនេះ នាងមិនសូវបានទៅធ្វើការងារ ក៏ត្រូវបានថៅកែបណ្តេញចេញថែមទៀត ធ្វើឱ្យនាងជួបទុក្ខជាន់លើទុក្ខហើយពេលនេះ។

នារីរងគ្រោះ បានបញ្ជាក់ប្រាប់ថា នាងជាស្រីមេម៉ាយ ដែលបានលែងលះគ្នាជាមួយប្តី ក្រោយបង្កើតបានកូន១នាក់ ហើយនាងត្រូវទទួលបន្ទុករ៉ាប់រងចិញ្ចឹមឪពុកពិការ ម្តាយចាស់ និងកូនផង តាមរយៈការងាររោងចក្រ ហើយនាងក៏បានទិញម៉ូតូ ១គ្រឿង ម៉ាកហុងដា ប៊ីត ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1KS-4446 ក្នុងតម្លៃ១៨០០ដុល្លារ ដើម្បីជិះទៅធ្វើការ។

មុនពេលកើតហេតុ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ក្រោយត្រឡប់មកពីធ្វើការរោងចក្រវិញ នាងបានទុកម៉ូតូនៅខាងក្រោមជាមួយម៉ូតូអ្នកដទៃច្រើនគ្រឿងទៀត ដូចរៀងរាល់ថ្ងៃ រួចនាងក៏បានឡើងទៅដេកនៅក្នុងបន្ទប់ជួល ជាន់ទី២។ លុះដល់ព្រឹកឡើង ថ្ងៃទី១៩ ខែមិថុនា ដោយមិនស្រួលខ្លួន នាងអត់បានទៅធ្វើការនោះទេ បានសុំច្បាប់រោងចក្រសម្រាក ១ព្រឹក ហើយក៏អត់បានចុះទៅមើលម៉ូតូឡើយ រហូតដល់វេលាម៉ោង១១ព្រឹក ថ្ងៃដដែលទើបចុះទៅយកម៉ូតូ ដើម្បីជិះទៅធ្វើការ ស្រាប់តែបាត់ម៉ូតូ ។

កម្មការិនីមេម៉ាយរូបនេះ បានឱ្យដឹងទៀតថា ដោយសារតែវីវក់នឹងរឿងតាមរកម៉ូត នាងមិនបានទៅធ្វើការទេ រហូតដល់ត្រូវថៅកែបណ្តេញចេញពីការងារតែម្តង។ ចំណែកម៉ូតូរបស់នាងបាត់៤ថ្ងៃហើយ ទំនងជាគ្មានសង្ឃឹមថាអាចរកឃើញទេ ណាមួយនាងត្រូវថៅកែដក ចោលទៀតទើបនាងរត់រកក្រុមអ្នកសារព័ត៌មានឱ្យជួយផ្សាយ ដើម្បីឱ្យលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជ្រាបពីរឿងនេះ។

ពេលនេះនាងអស់សង្ឃឹមខ្លាំងណាស់ ម៉ូតូ ក៏បាត់ ជំពាក់ប្រាក់បង់រំលស់ម៉ូតូគេ ហើយនាងគ្មានប្រាក់សម្រាប់បង់ថ្លៃម៉ូតូ និងចិញ្ចឹមឪពុកពិការម្តាយចាស់និងកូនតូចទៀតទេ ព្រោះត្រូវថៅកែបញ្ឈប់ការងារទៀត៕

RELATED ARTICLES