ភ្នំពេញ៖ពិធីការនីជើងចាស់អ្នកនាងយុគ ចិន្ដា គ្មានគម្រោងចូលរោងការនៅចុងឆ្នាំ២០២៤ នេះឡើយ បន្ទាប់ពីបានឆាចោលមង្គលការចំនួន២លើកមកហើយគឺនៅខែមីនា ឆ្នាំ២០២០ និងនៅឆ្នាំ២០២១ ។នេះបើតាមជំនួយការរបស់អ្នកនាងចិន្ដា លោកជីមមី បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះ។
លោកជីមមី អះអាងថាក្នុងឆ្នាំ២០២៤ នេះអ្នកនាងចិន្ដា អត់ចង់រៀបការតែម្ដង ព្រោះបើមានកម្មវិធីនោះមែនលោកដែលជាមនុស្សជំនិតបំផតរបស់ពិធីការិនីរូបនេះនឹងបានដឹងមុនគេ ហើយលោកនឹងចាត់ចែង រ៉ាប់រងពិធីនោះទៅតាមបញ្ជារបស់នាងជាមិនខាន។ជំនួយការរូបនេះបន្ថែមថាលោកក៍មិនបានដឹងច្បាស់ពីមូលហេតុដែលអ្នកនាងចិន្ដា មិនចាប់អារម្មណ៍រៀបការនៅឆ្នាំនេះដែរ តែនៅឆ្នាំ២០២៥ បានដឹងច្បាស់ថាមេលោកនឹងគិតគួររឿងរៀបការជាថ្មី ឬអត់មានជារៀងរហូតតែម្ដង ។
ថ្វីត្បិតតែមានការលើកឡើងរបស់លោកជីមមី បែបនេះក្ដី ប៉ុន្ដែតាមព័តមានថានៅថ្ងៃខួបកំណើតគម្រប់១៩ឆ្នាំរបស់កូនស្រីអ្នកនាងចិន្ដា ឈ្មោះយុគ ដាពេជ្រ ហៅស្រីអម កាលពីថ្ងៃទី១៦ ខែមិថុនា ពិធីការិនីជើងចាស់អ្នកនាងគង់ សុជាតិ ដែលបានចូលរួមពិធីនោះជម្រុញឲ្យអ្នកនាងចិន្ដា ឲ្យឆាប់ចូលរោងការទៅដើម្បីឲ្យកាន់តែមានភាពកក់ក្ដៅក្នុងគ្រួសារ ប៉ុន្ដែសំណើរនេះធ្វើឲ្យពិធីការិនីដ៍មានឥទ្ធិពលនេះនៅតែរារែកចិត្ត ហើយគ្មានការសន្យាជាក់លាក់ចំពោះសុជាតិ ថានាងនឹងរៀបការប្ដីនៅពេលណាឲ្យប្រាកដដដែល។
ជំនួយការអ្នកនាងយុគ ចិន្ដាលោកជីមមី បន្ថែមថាជាការពិតអ្នកនាងគង់ សុជាតិ ពិតជាតឿនអ្នកចិន្ដា ឲ្យប្រញ៉ាប់ចូលរោងការមែន ហើយមេ(យុគ ចិនា)របស់លោកថាបើគាត់រៀបការនឹងឲ្យអ្នកនាងសុជាតិ ធ្វើជាអ្នកកំដរតែម្ដង។លោកជីមមី ថាមើលទៅអ្នកនាងចិន្ដា មិនបានត្រៀមខ្លួនសម្រាប់ពិធីមង្គលការរបស់ខ្លួនឯងនោះក្នុងពេលឆាប់ៗទេ ។
ប្រភពបានឲ្យដឹងថាក្រោយអ្នកនាងយុគ ចិន្ដា ថាបើនាងរៀបការនឹងស្នើសុំឲ្យគង់ សុជាតិ ធ្វើជាអ្នកកមដរនោះពេលនោះសុជាតិ ហាក់គាំងតែម្ដង ពោលគឺនាងមិនបដិសេធនោះទេ ប៉ុន្ដែនិយាយលែងចេញ។ប៉ុន្ដែអ្នកនាងចិន្ដា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានៅពេលដែលកូនស្រីនាងឈ្មោះអម ពេញវ័យក្រមុំនាងនឹងរៀបការហើយឲ្យកូនធ្វើជាអ្នកកំដរ តែពេលនេះកញ្ញាដាពេជ្រ វ័យ១៩ឆ្នាំ ទៅហើយបែជានាងចង់ឲ្យសុជាតិ ដែលមានអាយុជាង៤០ឆ្នាំទៅធ្វើជាអ្នកកំដរមង្គលការរបស់នាងដែលមិនកំណត់ថ្ងៃខែឆ្នាំឲ្យច្បាស់លាស់នោះទៅវិញ ។
អ្នកនាងយុគ ចិន្ដា ក្រោយបរាជ័យស្នេហ៍ជាបន្តបន្ដបន្ទាប់នាងបានបើកចំហស្នេហ៍ថ្មីលើបុរសវ័យចំណាស់ម្នាក់ធ្វើការជាមន្រ្ដីសុរិយោដី ជាច្រើនឆ្នាំមកហើយដែលពេលនេះអ្នកទាំងពីររស់នៅផ្ទះវីឡារយ៉ាងប្រណិតនៅបុរីអង្គរភ្នំពេញ(គម្រោងទី២) ស្ថិតនៅសង្កាត់ឃ្មួញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ។ជំនួយការរបស់អ្នកនាងយុគ ចិន្ដា ថាមូលហេតុដែលអ្នកនាងចិន្ដា លុបចោលមង្គលការកាលពីឆ្នាំ២០២០ ដោយសារតែពេលនោះកូវីដផ្ទុះខ្លាំងពេក ធ្វើឲ្យលោកដែលបានកក់ចុងភៅ និងសំអាងការគេរួចហើយនៅឡើយតែទីតាំងអាគារប្រារពពិធីនោះត្រូវរំសាយពិធីចោលទាំងអស់ ។ដោយឡែកសម្រាប់នៅឆ្នាំ២០២១ អ្នកនាងចិន្ដា មិនអាចរៀបការបានព្រោះតែនាងជាប់កាន់ទុក្ខម្ដាយនាងលោកស្រីខឹម ផល្លី ដែលទទួលមរណភាពនៅថ្ងៃទី១២ ខែ៧ ឆ្នាំ២០២១ ។ការឆាចោលមង្គលការនៅឆ្នាំ២០២៤ នេះធ្វើឲ្យអ្នកនាងចិន្ដា លុបចោលគម្រោងធ្វើកូនក្រមុំមែនទែនចំនួន៣លើកមកហើយ នឹងនៅតែគ្មានការកំណត់ថ្ងៃក្រាបផ្ទឹមជាក់លាក់នោះទេ ។
ក្រៅពីអ្នកនាងយុគ ចិន្ដា តារាដែលសាងស្នេហ៍ដោយបើកចំហតែលែងច្បាស់ថ្ងៃចូលរោងការមានដូចជាពេជ្រ សោភា -ឆឹម សក្កដា ,ប៉ាច គីមមួយ -សយ រតនៈ និងម៉ានីកា-ចន ជាដើម ។ប្រភបានឲ្យដឹងថាចំណងស្នេហាអ្នកនាងចិន្ដា និងគូស្នេហ៍ថ្មីមានការចុះសម្រុងគ្នាបានល្អណាស់ ហេតុនេះពួកគេនឹងកាន់ដៃគ្នាបានយូរអង្វែងជាមិនខាន បើទោះជាមិនទាន់មានខាន់ស្លារតាមប្រពៃណីខ្មែរត្រឹមត្រូវក្ដី ប៉ុន្ដែពិធីការិនីជើងចាស់រូបនេះមិនក្វល់អ្នកមាត់ចាប មាត់ព្រាប ដែលខ្សឹបដាក់ត្រចៀកនាងថានាងមានឈ្មោះល្បីល្បាញនិងមានលុយប៉ុណ្ណឹងដែរគួរតែយកប្ដីក្មេងរូបសង្ហារវ័យក្មេងជាងនេះបានសាកសមនោះឡើយ ព្រោះពេលនេះនាងត្រូវការអ្នកច្បាស់លាស់ ហើយចិត្តគំនិតចាស់ទុំបន្ដិច ដែលចំណុចនេះលោកមន្រ្ដីសុរិយោដីរូបនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ៕