Saturday, June 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចរបស់វត្ត ចរចាដោះដូរលុយចៅអធិការ ជាប់ខ្នោះ២

លួចរបស់វត្ត ចរចាដោះដូរលុយចៅអធិការ ជាប់ខ្នោះ២

ខេត្តកណ្តាល ៖ ជនសង្ស័យ ចំនួន២នាក់ ជាមុខសញ្ញាសកម្មខាងធ្វើសកម្មភាពដើរលួចសម្ភារៈ និងទ្រព្យសម្ប ត្តិតាមវត្ត និងសាលារៀន ដោយធ្លាប់លួចបានសម្រេច ចំនួន៥លើករួចមកហើយ ទីបំផុតអស់លក្ខណ៍ ក្រោយពីជនសង្ស័យបានលួចសម្ភារៈក្នុងវត្ត បានសម្រេចហើយ បែរជាមកចចារទារប្រាក់ពីព្រះចៅអធិការ ជាថ្នូរនឹងការ យកសម្ភារទាំងនោះមកប្រគល់ឱ្យព្រះសង្ឃវិញ លុះព្រះចៅអធិការដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះស្រាវជ្រាវ ចាប់វាយខ្នោះជនសង្ស័យទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីចោរលួចសម្ភារៈក្នុងវត្តនេះ បានកើតលើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចវត្តព្រែកអម្ពិល ស្ថិតនៅភូមិព្រែកអម្ពិល សង្កាត់ព្រែកអម្ពិល ក្រុងអរិយក្សត្រ។ រហូតមកដល់វេលាម៉ោង ៦និង៣០នទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះផល្លឹង សុភាព ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិព្រែកដូនហែម សង្កាត់ព្រែកអម្ពិល ក្រុងអរិយក្សត្រ (ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) និងទី២-ឈ្មោះជា ឆាយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែកអម្ពិល សង្កាត់ព្រែកអម្ពិល ក្រុងអរិយក្សត្រ។ ចំពោះវត្ថុតាងដកហូតបាន រួមមាន ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង ឆ្នាំងដាំបាយធំ ចំនួន២ និងអាគុយ ១គ្រាប់។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក នៅក្នុងវត្តព្រែកអម្ពិល ចេះតែឧស្សាហ៍បាត់បង់សម្ភារៈជាច្រើននៅក្នុងវត្ត ដូចជា ឆ្នាំងបាយ អាគុយ ដែក ទើបគណៈកម្មការវត្ត មានការស្រាវជ្រាវរកអ្នកលួច។ លុះមកដល់វលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ឈ្មោះញឹប រី ជាគណៈកម្មការវត្ត បានយកម៉ាស៊ីនកាត់ស្មៅ ១គ្រឿង មកទុកក្នុងសាលាឆាន់នៅក្នុងវត្តព្រែកអម្ពិល លុះស្អែកឡើង នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ឈ្មោះញឹប រី បានទៅយកម៉ាស៊ីនដើម្បីកាត់ស្មៅនៅក្នុងវត្តបន្ត ក៏ស្រាប់តែបាត់ ហើយ ព្រះសង្ឈ និងគណៈកម្មាការក្នុងវត្ត បាននាំគ្នារក តែមិនឃើញ។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ស្រាប់តែលេចមុខជនសង្ស័យឈ្មោះជា ឆាយ បានមកនិយាយជាមួយព្រះចៅអធិការវត្តថា បើសិនត្រូវការចាន ឆ្នាំង និងអាគុយ ទាល់តែឱ្យលុយមកខ្លួនគេ បានគេយកសម្ភារៈ ទាំងនោះឱ្យ ពេលនេះព្រះសង្ឈ ក៏យល់ព្រម លុះពេលប្រគល់លុយឱ្យជនសង្ស័យឈ្មោះជា ឆាយ រួចហើយ ស្រាប់តែជនសង្ស័យរូបនោះ បានយកអាគុយមកប្រគល់ឱ្យព្រះសង្ឈវិញមែន។

ដោយសារតែមានការសង្ស័យទៅលើជនសង្ស័យឈ្មោះជា ឆាយ ថាជាអ្នកលួចសម្ភារៈនៅក្នុងវត្ត ទើបនៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ព្រះចៅអធិការវត្ត បានទូរស័ព្ទប្រាប់គណៈកម្មការវត្ត ទើបឈ្មោះមុត ផាត់ តំណាងឱ្យគណៈកម្មការវត្ត បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអម្ពិល ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយទទួលបានបណ្តឹងខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអម្ពិល បានសហការជាមួយកម្លាំងជំនាញ ធ្វើការស្រាវជ្រាវ និងឈានដល់ការនាំខ្លួនជនសង្ស័យទាំង២នាក់ខាងលើ មកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាអ្នកលួចសម្ភារៈក្នុងវត្ត និងបានប្រគល់ទៅឱ្យជនសង្ស័យម្នាក់ទៀត ជាអ្នកចាត់ចែងលក់ ហើយកន្លងពួកខ្លួនធ្លាប់បានលួចសម្ភារៈនៅក្នុងសាលារៀន នៅក្នុងវត្ត បានចំនួន ៥លើករួចមកហើយ រាល់សម្ភារៈដែលលួចបាន គឺយកប្រគល់ឱ្យឈ្មោះជា ឆាយ ជាអ្នកលក់បន្ត ពេលលក់បានប្រាក់ ពួកគេទាំង២នាក់ តែងយកទៅទិញថ្នាំញៀន មកជក់ជុំគ្នា និងចាយវាយជាមួយគ្នា។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES