Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដុតបំផ្លាញគ្រឿងញៀន ជាង៧០០គីឡូ

ដុតបំផ្លាញគ្រឿងញៀន ជាង៧០០គីឡូ

ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្រេចដុតកម្ទេចគ្រឿងញៀន ជាច្រើនប្រភេទ សរុបជាង៧០០គីឡូក្រាម ដែលត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបង្ក្រាបបាននាពេលកន្លងមក និងបន្ទាប់ពីគ្រឿង ញៀនទាំងនោះ ត្រូវបានតុលាការអនុវត្តច្បាប់ចូលជាស្ថាពរ រួចរាល់ ។

ការដុតបំផ្លាញគ្រឿងញៀន ជាង៧០០គីឡូក្រាមនេះ បានរៀបចំឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅបរិវេណក្បែរសាលាខេត្តស្ទឹងត្រែង។

គ្រឿងញៀនដែលត្រូវដុតបំផ្លាញទាំងនោះ មានទម្ងន់សរុប ៧០២គីឡូក្រាម និង១៣៦,១៨ក្រាម តាមអំណាចសាលក្រមក្នុងសំណុំរឿងព្រហ្មទណ្ឌ ចំនួន៥ ក្នុងនោះ រួមមានប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធសរុប ៦០៣គីឡូក្រាម និង៤៣១,០៣ក្រាម។ គ្រឿងញៀន ប្រភេទហេរ៉ូអ៊ីន ទម្ងន់សុទ្ធសរុប ២០គីឡូក្រាម និង៩៩២, ៥៧ក្រាម។ គ្រឿងញៀនប្រភេទកេតាមីន ទម្ងន់សុទ្ធសរុប ៣១គីឡូក្រាម និង ៩២៣,២ក្រាម។ គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធសរុប ១១គីឡូក្រាម និង៩៩១,៨៦ក្រាម និងសារធាតុញៀនមិនច្បាស់ ទម្ងន់សុទ្ធសរុប ៣៧គីឡូក្រាម និង២១៧,៩២ក្រាម។

ជាមួយគ្នានេះ មន្ត្រីអនុវត្តច្បាប់បានចុះពង្រឹងការអនុវត្តវិធានការច្បាប់ តាមរូបភាពនៃការបង្ក្រាប ទប់ស្កាត់ ការចរាចរណ៍ ចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន១៧ករណី ឃាត់ខ្លួនជនសង្ស័យសរុប ៣៨នាក់ ភេទប្រុស ក្នុងនោះមានជនជាតិវៀតណាម ១នាក់ និង ជនជាតិថៃ ៣នាក់ផងដែរ ។

ដោយសារខេត្តស្ទឹងត្រែង ជាខេត្តគោលដៅនៃការឆ្លងកាត់ អាជ្ញាធរខេត្ត បានពង្រឹងសមត្ថកិច្ចទទួលខុសត្រូវរបស់ការិយាល័យទំនាក់ទំនងព្រំដែន (BLO) នៅតាមច្រកទ្វារអន្តរជាតិច្រកតំបន់ព្រំដែន និងដាក់ប៉ុស្តិ៍ត្រួត ពិនិត្យ ជាទៀងទាត់ ជាប់ព្រំដែន ទាំងផ្លូវទឹក (ទន្លេមេគង្គ) និងផ្លូវគោកសំខាន់ៗ ដើម្បីបង្ក្រាបការជួញដូរគ្រឿង ញៀនខុសច្បាប់ សារធាតុគីមីផ្សំផលិតគ្រឿងញៀន ដើម្បីទប់ស្កាត់លំហូរចូលគ្រឿងញៀនពីប្រទេសជិតខាងផងដែរ ។

ពាក់ព័ន្ធការរឹតបន្តឹងនិងអនុវត្តច្បាប់ក្រោមប្រធានបទ រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន។ អាជ្ញាធរថ្នាក់ក្រោមជាតិ បានបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជាលេខ ០១បប គោលការណ៍ “សម្អាតចក ចេញពីផ្ទៃបឹង” ដោយត្រូវត្រួតពិនិត្យជាប្រចាំ ចំពោះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ និងត្រូវមានវិធានការទាន់ពេលចំពោះមន្ត្រីទាំងឡាយណាដែលពាក់ព័ន្ធនឹងគ្រឿង ញៀន ដើម្បីលើកកម្ពស់ភាពស្អាតស្អំ និងគំរូនៃការអនុវត្តច្បាប់៕

RELATED ARTICLES