Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបទីតាំងស្ងោរលៀស ៣កន្លែង ឱ្យរុះរើចេញ

បង្ក្រាបទីតាំងស្ងោរលៀស ៣កន្លែង ឱ្យរុះរើចេញ

ខេត្តពោធិ៍សាត់ ៖ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចម្រុះខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ចុះត្រួតពិនិត្យទីតាំងស្ងោរកែច្នៃលៀស ចំនួន៣កន្លែង ដោយបាន ធ្វើការដកហូតសម្ភារៈជាវត្ថុតាងមួយចំនួន និងតម្រូវឱ្យម្ចាស់ទីតាំងនីមួយៗ បន្តរុះរើដោយខ្លួនឯង។

ករណីនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចគុជនប់ ស្ថិតនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ។

តាមប្រភពព័ត៌មានពីមន្ត្រីដែលចុះអនុវត្តផ្ទាល់ បានបង្ហើបប្រាប់ថា កម្លាំងចម្រុះ បានរកឃើញទីតាងកែច្នៃស្ងោរលៀស ចំនួន៣កន្លែង ដែលមានម្ចាស់ទី១-ឈ្មោះលឿង សំខាន់ ទី២-ឈ្មោះហ៊ិន សៀម និងទី៣-ឈ្មោះឡេ យ៉ាំងទៀង ដោយទីតាងកែច្នៃស្ងោរលៀសទាំងនេះ ពុំមានលិខិតអនុញ្ញាតនោះទេ ទើបសមត្ថកិច្ចសម្រេចធ្វើការដកហូតសម្ភារៈជាបណ្តោះអាសន្ន។

ប្រភពដដែល បន្តថា ចំពោះសម្ភារៈដែលជាវត្ថុតាងត្រូវបានដកហូត រួមមាន ទីតាំងរបស់ឈ្មោះលឿង សំខាន់ ធ្វើការរុះរើឡស្ងោរលៀស ចំនួន២៦ ដកហូតគម្រប់ឆ្នាំងចំនួន១៨ ដងកូចំនួន២៣ និងកន្ត្រង ចំនួន១៣។ ទីតាំងរបស់ឈ្មោះហ៊ិន សៀម រុះរើឡស្ងោរលៀស ចំនួន៦ ដកហូត ធុងទឹកកកចំណុះ ៨០០លីត្រ ចំនួន២ ធុងទឹកចំនួន២ កញ្ច្រែងចំនួន៦ និងរថយន្ត ១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A 7710 និងទីតាំងរបស់ឈ្មោះឡេ យ៉ាំងទៀង រុះរើឡស្ងោរលៀស ចំនួន៦ ដកហូតធុងទឹកកក ចំណុះ៨០០លីត្រ ចំនួន០២ ធុងទឹក ចំនួន២ ឆ្នាំង ចំនួន១ និងកញ្ច្រែង ចំនួន១៥។

សម្ភារៈដែលជាវត្ថុតាងត្រូវបានដកហូត សមត្ថកិច្ចយកមករក្សាទុកជាបណ្តោះអាសន្ន នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តពោធិ៍សាត់ ដើម្បីរង់ចាំបន្តនីតិវិធី។ ចំណែកសម្ភារៈ និងឧបករណ៍ផ្សេងៗដែលនៅសេសសល់ កម្លាំងសមត្ថកិច្ចតម្រូវឱ្យម្ចាស់ទីតាងនីមួយៗ រុះរើដោយខ្លួនឯង ត្រឹមយៈពេល២០ថ្ងៃ៕

RELATED ARTICLES