Sunday, June 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្ទះចាប់ហួយ ខូចខាត៣ពាន់ដុល្លារ

ភ្លើងឆេះផ្ទះចាប់ហួយ ខូចខាត៣ពាន់ដុល្លារ

ខេត្តបាត់ដំបង ៖ ផ្ទះតៀមលក់ចាប់ហួយ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងវេលាទៀបភ្លឺ បង្កឱ្យខូចខាតអស់ទាំងស្រុង គិតជាទឹកប្រាក់ប្រមាណ ៣ពាន់ដុល្លារ និងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ អស់ទឹកចំនួន៣ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ហេតុការណ៍អគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រហែល ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះលេខ៧៤៧ ក្រុមទី២៣  ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុង បាត់ដំបង។

ផ្ទះដែលរងការឆាបឆេះ ជាប្រភេទផ្ទះតៀមលក់ចាប់ហួយ មានទំហំ ៩ម៉ែត្រ គុណនឹង ១២ម៉ែត្រ សង់អំពីបេតុង ដំបូលប្រក់ស័ង្កសី មានម្ចាស់ឈ្មោះសុខ ចិន្តា ភេទស្រី អាយុ៤០ឆ្នាំ មានលំនៅ ចំណុចកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានដឹងថា មុនពេលកើតហេតុ ខណៈដែលមនុស្សម្នាមិនទាន់ភ្ញាក់ពីដេកស្រួលបួលផង ស្រាប់តែគេបានលាន់ឮសម្រែកម្ចាស់ផ្ទះ ស្រែកឆោឡោថា “ភ្លើងឆេះផ្ទះហើយ ជួយផង!ៗ” ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិ នាំគ្នាចេញមកមើល ឃើញភ្លើងឆេះផ្ទះលក់ចាប់ហួយខាងលើយ៉ាងសន្ធោសន្ធៅ ក៏ប្រញាប់នាំគ្នាជួយដងទឹកជះពន្លត់ ខ្លះទៀតទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យទាក់ទងបន្តទៅសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះមកជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ចុះអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ៣រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ជុំវិញហេតុការណ៍អគ្គិភ័យខាងលើ នៅមិនទាន់ដឹងច្បាស់ពីមូលហេតុនៅឡើយ ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវ ជ្រាវ។ ចំពោះការខូចខាត រួមមាន ឆេះផ្ទះចាប់ហួយខាងលើទាំងស្រុង  និងឆេះសម្ភារៈទំនិញចាប់ហួយ អស់មួយចំនួនធំ សរុបគិតជាទឹកប្រាក់ អស់ប្រមាណ ៣០០០ដុល្លារ។ យ៉ាងណា ហេតុការណ៍នេះ មិនបង្កឱ្យមនុ ស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ហើយក៏មិនបានឆេះរាលដាលដល់លំនៅឋានប្រជាពលរដ្ឋផ្សេងទៀតនោះទេ៕

RELATED ARTICLES