Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគយចាប់ឡានប៉ូលិស អត់ពន្ធ ពាក់ស្លាកលេខក្លែងក្លាយ

គយចាប់ឡានប៉ូលិស អត់ពន្ធ ពាក់ស្លាកលេខក្លែងក្លាយ

ខេត្តស្វាយរៀង ៖ រថយន្តឡិចស៊ីស ១គ្រឿង ត្រូវបានមន្ត្រីគយចុះចាប់ដល់ផ្ទះ សង្ស័យជារថយន្តអត់ពន្ធ ហើយយកស្លាកលេខសេះហោះ មកបំពាក់ បិទបាំងភ្នែកមន្ត្រីគយ រួចអូសយកទៅទីស្នាក់ការគយនិងរដ្ឋាករ សាខាខេត្តស្វាយរៀង ដើម្បីបង់ពន្ធតាមនីតិវិធី ខណៈដែលម្ចាស់រថយន្ត ជាមន្ត្រីនគរបាលមួយរូប បានអះអាងថា រថយន្តនេះ គាត់ទិញតពីគេ នៅភ្នំពេញ ហើយទើបជិះបាន ៣-៤ខែប៉ុណ្ណោះ។

ប្រតិបត្តិការ បង្ក្រាបរថយន្តអត់ពន្ធនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

រថយន្តដែលសង្ស័យអត់ពន្ធ ត្រូវមន្ត្រីគយចុះចាប់ដល់ផ្ទះនោះ ម៉ាក Lexus RX-400h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-6448។

តាមសម្តីបុរសជាម្ចាស់រថយន្តខាងលើ បានបញ្ជាក់ប្រាប់ថា រថយន្ត ម៉ាក Lexus RX-400h ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2AK-6448 នេះ គាត់ទើបទិញតពីគេ (ម្ចាស់ដើមនៅរាជធានីភ្នំពេញ) រយៈពេល ៣-៤ខែ ប៉ុណ្ណោះ មិននឹកស្មានថា សមត្ថកិច្ចគយ ចុះមកចាប់ និងប្រាប់ថា ជារថយន្តអត់ពន្ធ ប្រើប្រាស់ស្លាកលេខមិនប្រកតីទៅវិញ។

ទាក់ទិនករណីនេះ មន្ត្រីគយម្នាក់ នៅទីស្នាក់ការគយនិងរដ្ឋាករ សាខាខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ថា រថយន្តម៉ាក Lexus RX-400h នេះ គឺជារថយន្តអត់ពន្ធ ហើយត្រូវបានបំពាក់ស្លាកលេខមិនប្រក្រតី បំភាន់ភ្នែកសមត្ថកិច្ច ក៏ប៉ុន្តែធ្វើយ៉ាងណាក៏ដោយ មិនអាចបំភាន់ភ្នែកមន្ត្រីគយ បានទេ ដូច្នេះសមត្ថកិច្ចជំនាញ ត្រូវឃាត់រថយន្ត នាំយកទៅពិនិត្យ បើគ្មានឯកសារបង់ពន្ធត្រឹមត្រូវទេ ត្រូវចាប់ឱ្យបង់ពន្ធតាមច្បាប់ជាកំហិត៕

RELATED ARTICLES