ខេត្តឧត្ដរមានជ័យ ៖ ប្រាសាទតាក្របី ដែលជាមរតកស្នាដៃដូនតាខ្មែរ បន្សល់ទុក មានអាយុកាលជិត ១ពាន់ឆ្នាំមកហើយ មានទីតាំងស្ថិតនៅស្រុកបន្ទាយអម្ពិល ខេត្តឧត្ដរមានជ័យ ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ដោយសារប្រាសាទបុរាណនេះ លាក់ខ្លួននៅក្នុងព្រៃ ក្នុងតំបន់ប្រទាញប្រទង់គ្នាជាមួយភាគីថៃ ផងនោះ ទើបពុំសូវមានភ្ញៀវទេសចរទៅទស្សនា ។
មន្រ្តីទេសចរណ៍ និងមន្រ្តីវប្បធម៌ ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា ការដែលប្រាសាទតាក្របី មិនសូវសម្បូរភ្ញៀវ និងមិនងាយមានអ្នកទៅដល់ ក៏ព្រោះតែចម្ងាយផ្លូវឆ្ងាយផង ហើយប្រាសាទនេះ មិនស្ថិតនៅក្នុងតំបន់ប្រជុំប្រាសាទ ឬក៏កន្លែងដែលអាចកម្សាន្តបានច្រើនកន្លែងនោះទេ ។
លោកស្រី ធិននី មុនីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា មានភ្ញៀវជាតិ ក្នុង១ខែ ចន្លោះពី១០០០ ទៅ១៥០០នាក់ ឬក៏ប្រហែលជា៤០ ទៅ៥០នាក់ប៉ុណ្ណោះ ក្នុង១ថ្ងៃ ដែលបានទៅទស្សនាប្រា សាទតាក្របី ។ អ្នកស្រីថា ចំនួននេះ គឺតិចតួច បើធៀបទៅនឹងប្រាសាទខ្មែរ ដទៃទៀត ហើយចំនួនអ្នកទេសចរតិចតួចនេះ មិនបានចូលរួមចំណែកចែករំលែកផ្នែកសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងតំបន់ប្រាសាទច្រើននោះទេ ។
កាលពីឆ្នាំ២០០៨ ក្នុងព្រឹត្តិការណ៍ចូលលុកលុយប្រាសាទព្រះវិហារ ពីសំណាក់កងទ័ពថៃ ប្រាសាទតាក្របី ក៏បាន ស្ថិតក្រោមការប្រទាញប្រទង់ជាមួយនឹងកងទ័ពប្រទេសក្បែរខាងនេះដែរ ។ រហូតមកដល់ពេលនេះ មានកងទ័ពថៃ ចំនួន៥នាក់ និងកងទ័ពកម្ពុជា ចំនួន៥នាក់ ឈរជើងប្រចាំការនៅតំបន់ប្រាសាទនេះ ។
លោកហុង យឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា បើទោះបីជាមានវត្តមានកងទ័ពទាំងពីរ ប៉ុន្តែភ្ញៀវទេសចរ នៅតែអាចទៅទស្សនាប្រាសាទ ដោយសេរី និងមិនចាំបាច់ភ័យខ្លាចនោះទេ ។
លោកពិន ប៊ុនហន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ ទទួលបន្ទុកប្រវត្តិសាស្រ្តយោធា នៅតំបន់ប្រាសាទតាក្របី បានលើកឡើងថា ការមកកម្សាន្តរបស់ប្រជាពលរដ្ឋ គឺជាកម្លាំងចិត្តដល់កងទាហានដែលកំពុងប្រចាំការនៅតំបន់ប្រាសាទតាក្របី ។
យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្ត ក្រៅពីភ្ញៀវទេសចរជាតិ ទៅទស្សនាប្រាសាទតាក្របី មានចំនួនតិច សម្រាប់ទេសចរណ៍បរទេសដែលទស្សនាទីនោះ ក៏មានចំនួនតិចដែរ គឺចន្លោះពី២០ ទៅ១០០នាក់ប៉ុណ្ណោះ ហើយភាគច្រើន គឺជាជនជាតិថៃ ។
គួរបញ្ជាក់ថា ប្រាសាទតាក្របី ឬប្រាសាទតង្វាយ កសាងនៅចន្លោះសតវត្សរ៍ទី១១ ដល់ទី១៣ នៅក្នុងព្រៃជ្រៅ លើខ្នងភ្នំដងរែក នៃស្រុកបន្ទាយអម្ពិល ខេត្តឧត្ដរមានជ័យ មានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីក្រុងសំរោង ខេត្តឧត្ដរមានជ័យ និងមានចម្ងាយត្រឹមតែជាង១០ម៉ែត្រប៉ុណ្ណោះ ពីព្រំដែនថៃ គឺជាប្រាសាទដែលមានផ្លូវឡើងចោតខ្លាំង មុននឹងទៅដល់ទីតាំងប្រាសាទ លើកំពូលភ្នំដងរែក ។ ប្រាសាទនេះ ជាស្ថាបត្យកម្មខ្មែរ ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទឧទយាទិត្យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ព្រះឥសូរ ដូចគ្នាទៅនឹងប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដែលស្ថិតនៅលើជួរភ្នំដងរែក។ ប្រាសាទនេះ សង់ឡើងដើម្បីឧទ្ទិសទៅដល់អាទិទេពនៅក្នុងព្រាហ្មញ្ញសាសនា ។ ប្រាសាទបុរាណនេះ សាងសង់ឡើងពីថ្មភក់ និងថ្មបាយក្រៀម នៅជាប់ដី មានគោបុរៈបែរទៅរកទិសទាំងបួន ដែលមានទំហំ ៣០ម៉ែត្រ គុណនិង ៣០ម៉ែត្រ និងមានចម្លាក់ក្នុងប្រាសាទពិពណ៌នាអំពីព្រះយម: ទ្រង់ជិះក្របី ។
ប្រាសាទតាក្របី ចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្រោយពេលមានការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុងស្រុក កាលពីប៉ុន្មានសិបឆ្នាំមុនថា កងទាហានកម្ពុជា និងថៃ មានការវាយប្រយុទ្ធគ្នា ដើម្បីគ្រប់គ្រងប្រា សាទតាក្របី នេះ។ នៅលើប្រាសាទតាក្របី មានទាហានថៃ និងទាហានខ្មែរ យាមល្បាតការពារនៅតំបន់នោះ ពីព្រោះប្រាសាទនោះ នៅកៀកព្រំប្រទល់ដែនកម្ពុជា-ថៃ។ បើសិនជាជនជាតិខ្មែរ ចង់ទៅមើលប្រាសាទនេះ ហើយចូលទៅតាមច្រកផ្លូវពីប្រទេសកម្ពុជា ពេលទៅដល់ គឺទាហានខ្មែរ ជាអ្នកជូនដំណើរមើលប្រាសាទ និងដើម្បីប្រាប់ដំណឹង អំពីកន្លែងណាដែលអាចទៅបាន និងកន្លែងណាដែលមិនអាចទៅបាន ពីព្រោះទីនោះជាតំបន់ទាហានគ្រប់គ្រង ៕