ខេត្តព្រៃវែង ៖ ទំនប់ទឹក ចាំក្តាន់ បាននិងកំពុងទាក់ទាញភ្ញៀវទេសចរ ទៅលេងកម្សាន្តយ៉ាងច្រើនកុះករ នៅថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យទាន ដោយសារតែទំនប់នេះ សម្បូរទៅដោយពពួកសត្វស្លាប ជាច្រើនប្រភេទ ដែលមានចំនួនរាប់ពាន់ក្បាល កំពុងរស់នៅតាមព្រៃរបោះ និងព្រៃរនាម ក្នុងដែនទំនប់នេះ។

ទំនប់ទឹកនេះ គឺជាទំនប់ដ៏ធំមួយ ហ៊ុមព័ទ្ធផ្ទៃដីប្រមាណ ១០ហិកតារ សម្រាប់ស្តុកទឹកទុកឱ្យប្រជាពលរដ្ឋធ្វើស្រែប្រាំង មានទីតាំងស្ថិតនៅក្នុងឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

អាជ្ញាធរឃុំព្រៃព្នៅ បានឱ្យដឹងថា ទំនប់ចាំក្តាន់ ពីមុនឡើយធ្វើសម្រាប់ស្តុកទឹកទុកឱ្យប្រជាពលរដ្ឋប្រើប្រាស់ធ្វើ ស្រែចម្ការ ក្នុងរដូវប្រាំង។ ប៉ុន្តែពី ១ឆ្នាំទៅ ១ឆ្នាំ ផ្ទៃដីនៅផ្នែកកណ្តាល បានដុសកើតជាព្រៃរបោះ ព្រៃរនាម ច្រើនទៅៗ ជាហេតុទាក់ទាញឱ្យសត្វស្លាប នាំគ្នាចូលមករស់នៅកើតកូនកើតចៅស្អេកស្កះ ពេញព្រៃ រហូតដល់រាប់រយរាប់ពាន់ក្បាល។

អាជ្ញាធរឃុំព្រៃព្នៅ បានបញ្ជាក់ថា ដោយមើលឃើញតំបន់នេះ មានសត្វស្លាបរស់នៅច្រើន ទើបអាជ្ញាធរឃុំ បានចាត់វិធានការណែនាំឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចូលរួមជួយការពារ និងអភិរក្សសត្វស្លាប នៅតំបន់នេះ ដើម្បីប្រែក្លាយតំបន់នេះ ឱ្យទៅជាតំបន់ទេសចរណ៍ និង អាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឱ្យមកលេងកម្សាន្តឱ្យបានច្រើន។

ដោយឡែក ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ បានបង្ហាញនៅអារម្មណ៍សប្បាយរីករាយផងដែរ នៅពេលឃើញវត្តមានសត្វស្លាបគ្រប់ប្រភេទ រស់នៅក្នុងទំនប់ចាំក្តាន់ នេះ និងមានភ្ញៀវទេសចរមកលេងកម្សាន្តនៅតំបន់នេះច្រើន។ ពួកគាត់បានសំណូមពរឱ្យអាជ្ញាធរ ជួយរៀបចំ កែលម្អតំបន់នេះ ឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាតមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្តកាន់តែច្រើន ដែលអាចជួយឱ្យពួកគាត់ប្រកបមុខរបររកប្រាក់ចំណូលនៅក្នុងតំបន់នេះ បានកាន់តែច្រើនផងដែរ៕

