Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប្លុងឡានចោល១យប់ អ្នកស្រុកប្តឹងប៉ូលីស

 ប្លុងឡានចោល១យប់ អ្នកស្រុកប្តឹងប៉ូលីស

ភ្នំពេញ ៖ រថយន្តទំនើប ១គ្រឿង ត្រូវបានជនមិនស្គាល់មុខ បើកយកទៅប្លុងចោលនៅតាមផ្លូវលំ ១កន្លែង ស្ថិតនៅកែងផ្លូវបេតុង ចូលភូមិព្រៃឈូក សង្កាត់ស្នោ ខណ្ឌកំបូល រួចចាកចេញទៅបាត់ ដោយពុំដឹងថា រថយន្តនោះខូចបើកទៅមុខលែងរួច ឬក៏ជាប់ពាក់ព័ន្ធបទល្មើសអ្វី លុះអ្នកភូមិប្រទះឃើញ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ករណីប្រទះឃើញរថយន្តទំនើបប្លុងចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ រហូតមកដល់វេលាម៉ោងជាង១០ព្រឹក ថ្ងៃដដែល ដោយមិនឃើញម្ចាស់ទៅយកវិញទៀត ទើបអ្នកភូមិរាយការណ៍ជូននគរបាល ចុះមកពិនិត្យ។

រថយន្តខាងលើ ម៉ាកអូឌី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2O-0078 ចាក់សោទ្វារជាប់ ប្រឡាក់ដីនិងភក់ មិនដឹងថាបើកចេញពីកន្លែងណា ហើយអ្នកយកទៅប្លុងចោលនោះ គឺជាជនជាតិខ្មែរ ឬជាជនបរទេសនោះទេ។តាមប្រភពអ្នកភូមិ បានឱ្យដឹងថា ពួកគាត់មិនបានឃើញថា រថយន្តខាងលើ ទៅឈប់នៅកន្លែងកើតហេតុនោះ តាំងពីពេលណាមកនោះទេ ប៉ុន្តែព្រឹកឡើងពេលភ្ញាក់ពីដេក ប្រទះឃើញតែម្តង។ បន្ទាប់មក ពួកគាត់បានរង់ចាំមើលក្រែងមានម្ចាស់ត្រឡប់ទៅយកវិញ ប៉ុន្តែ រហូតដល់វេលាម៉ោងជាង១០ព្រឹក ថ្ងៃដដែល នៅតែមិនឃើញម្ចាស់រថយន្តមកយក ទើបរាយការណ៍ជូននគរបាលប៉ុស្តិ៍ស្នោ ខណ្ឌកំបូល ឱ្យចុះពិនិត្យតែម្តង។

ក្រោយទទួលបានដំណឹងនេះហើយ កម្លាំងនគរបាលប៉ុស្តិ៍ស្នោ និងនគរបាលខណ្ឌកំបូល បានចុះទៅពិនិត្យជាក់ស្តែង បន្ទាប់មកបានយករថយន្តខាងលើ ទៅរក្សាទុក ដើម្បីបន្តធ្វើការស្រាវជ្រាវរកម្ចាស់ និងមូលហេតុដែលយករថយន្តទៅប្លុងចោល៕

RELATED ARTICLES