Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពិនិត្យជាតិស្រវឹងពេលយប់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាង៥០ភាគរយ

ពិនិត្យជាតិស្រវឹងពេលយប់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាង៥០ភាគរយ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា ការត្រួតពិនិត្យជាតិស្រវឹងចំពោះអ្នកបើកបរយានយន្ត អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាង៥០ភាគរយ នៅពេលយប់ ហើយកម្លាំងសមត្ថកិច្ចចម្រុះ នឹងបន្តការត្រួតពិនិត្យជាតិ ស្រវឹង ដូចភ្លៀងរលឹម ចំពោះអ្នកបើកបរពេលយប់ ទូទាំងប្រទេស ជាពិសេសគឺនៅក្នុងរាជធានីភ្នំពេញ ដែលមានចរាចរណ៍មមាញឹក។

ការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានលើកទីពីរ ដែលរៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លើប្រធានបទការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសភាគច្រើន បានកើតឡើងនៅពេលយប់ ពោលគឺ៥៥ភាគរយ ដោយសារកត្តាបើកបរបញ្ជាយានយន្តក្នុងល្បឿនលឿន និងមានផ្ទុកជាតិស្រវឹងក្នុងខ្លួនអ្នកបើកបរបញ្ជាយានយន្តតែម្តង។ ផ្អែកកត្តានេះហើយ ដើម្បីការពារអាយុជីវិតអ្នកបើកបរ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ កម្លាំងសមត្ថកិច្ចនឹងមិនដកថយក្នុងការត្រួតពិនិត្យជាតិស្រវឹង នៅទូទាំងប្រទេសឡើយ ជាពិសេសនៅក្នុងរាជធានី តាមភូមិសាស្ត្រទាំង១៤ខណ្ឌ ដោយសមត្ថកិច្ចបានដាក់កម្លាំងចម្រុះផ្លាស់ប្តូរវេនគ្នា ដើម្បីអនុវត្តការត្រួតពិនិត្យចន្លោះពីម៉ោង ១០យប់ រហូតដល់ម៉ោង៤ភ្លឺ។

លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា ក្រៅពីជួយកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ហើយ ការត្រួតពិនិត្យពេលយប់នេះ ក៏ជួយកាត់បន្ថយបទល្មើសព្រហ្មទណ្ឌនៅរាជធានីភ្នំពេញ ពេលយប់ផងដែរ។

លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបញ្ជាក់ថា “ការត្រួតពិនិត្យគ្រឿងស្រវឹងពេលយប់នេះ បានជួយកាត់ បន្ថយករណីគ្រោះថ្នាក់ចរាចរណ ដែលបណ្តាលឱ្យមនុស្សបាត់បង់ជីវិត ជាង៥០ភាគរយ ដោយសារអ្នកបើកបរលឿន និងមានជាតិស្រវឹង ដូច្នេះយើងបន្តរឹតបន្តឹងការអនុវត្តបន្ថែមទៀតនៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញ”។

យោងតាមរបាយការណ៍ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងសរុបចំនួន ១ ២៩៦ករណី ក្នុងនោះ៥៥ភាគរយ កើតឡើងនៅពេលយប់។ បើតាមលោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ចំនួនអ្នកស្លាប់បានកើនឡើង ៧ភាគរយ ធៀបនឹង ឆ្នាំ២០២៣ ខណៈមូលហេតុនៃគ្រោះថ្នាក់មាន៤០ភាគ រយ កើតឡើងដោយសារបើកហួសល្បឿន មិនគោរពសិទ្ធិអាទិភាព មាន២៤ភាគរយ មិនប្រកាន់ស្តាំ ៩ភាគរយ និងមិនប្រយ័ត្ន ៨ភាគរយ៕

RELATED ARTICLES