Tuesday, July 2, 2024
Homeតារាខ្មែរនាយចឺម ៖សង្សារចាស់ ចង់កប់ស្រមោលស្នេហ៍

នាយចឺម ៖សង្សារចាស់ ចង់កប់ស្រមោលស្នេហ៍

ភ្នំពេញ៖តារាចម្រៀងលោកសុខ មេសា ហៅនាយចឺម បានលុបចោលគម្រោងការប្រពន្ធនៅឆ្នាំ២០២៤ ដែលនាយមានអាយុគម្រប់២៩ឆ្នាំនេះ ដោយសារតែថារកអត់បានសង្សារថ្មី បន្ទាប់ពីនាយបានចែកផ្លូវជាមួយអ្នក​មេម៉ាយសុខឃីម រយៈពេលជាង១ឆ្នាំមកហើយ ។ប៉ុន្ដែនាយចឺម ដែលគេតែងចាត់ទុកថាជាអ្នកពូកែថ្វីមាត់ញ៉ែបានៗ នោះពេលនេះបែជាពិបាករកម្ចាស់ស្នេហាថ្មីមកស្អំរបួសបេះដូងទៅវិញ ។ប្រភពខ្លះថានាយចឺម ធ្លាប់មានសង្សារសុទ្ធតែស្រីស្អាតសាច់សខ្ចីម៉ដខៃទាំងអស់ ហេតុនេះការសម្លឹងរកស្រីស្នេហ៍ទី៥ មកធ្វើជាបណ្ដូលចិត្តធ្វើ​ឲ្យនាយពិបាកព្រោះមើលអត់ចូលភ្នែក ។ប៉ុន្ដែអ្នកខ្លះសង្ស័យថាលោកមេសា នៅអាល័យអ្នកមេម៉ាយកូន១សាច់​សខ្ចីសេង សុខឃីម ច្រើនជាងអតីតសង្សារ៣រូបផ្សេងទៀត ព្រោះនាងឃីម មានសម្រស់ផូផង់ ពិបាកយកនារីផ្សេងទៀតប្រៀប ហើយក្រោយបែកនាយចឺម នាងនៅតែបង្ហោះរូបផ្អែមល្ហែមស្នេហ៍ជាមួយតារាចម្រៀងសាន់ដេរូបនេះជាញឹកញាប់នៅលើតិកតុក ដែ​ល​​បញ្ជាក់ថានាងហាក់អាលោះអាល័យអនុស្សាវរីយ៍ចាស់ជាមួយលោកមេសា ឬបើអាចចង់វិលត្រឡប់ទៅស្អិតល្មូតគ្នាដូចមុនវិញ ។តែក្រោយមានការរិះគន់ពីនាងអ៊ីត ម្ដាយមីងរបស់នាយចឺម ថានាងឃីម មិនគួរបញ្ចេញរូបចាស់ៗជាមួយក្មួយនាងនាំឲ្យមហាជនមានការភ័ន្រ្ដច្រឡំនោះពេលនេះសង្សារចាស់ទី៤របស់លោកមេសា រូបនេះថានាងត្រូវតែរៀនបំភ្លេចពីអតីតកាលឲ្យអស់ និងផ្ដោតគិតតែលើរឿងណាដែលមានខ្លឹមសារប៉ុណ្ណោះ ។

 សេង សុខឃីម បានចេញសារដោយដាក់ល័ក្ខខណ្ឌឲ្យខ្លួនឯងកាលពីថ្ងៃទី២៧ មិថុនា ថា”ស្រលាញ់គ្នាត្រូវបំភ្លេចរឿងអតីតកាលរបស់មនុស្សដែលយើងស្រលាញ់ ព្រោះគ្រប់គ្នាមិនមែនរស់នៅជាមួយមនុស្សអតីតកាលទេ គឺបច្ចុប្បន្នទេតើ ដែលត្រូវខ្វល់ខ្វាយ ម្យាងទៀតកុំចងចាំរឿងណា ដែលនាំឲ្យក្ដីស្រលាញ់របស់អ្នកទាំងពីរចុះខ្សោយ ឬបាត់បង់ក្ដីស្រលាញ់ពីគ្នា រៀន​បំភ្លេចរឿងឥតប្រយោជន៍ ខំប្រឹងស្រវាឱបរឿងមានខ្លឹមសារ “។

 តាមរយៈការតាំងចិត្តរបស់អតីតសង្សារទី៤នាយចឺម បែបនេះបញ្ជាក់ថានាងព្យាយាមមិនរំលឹករឿងជាមួយនាយចឺម តទៅទៀតទេ ហើយក៍គ្មានផ្លូវវិលទៅជួបជុំគ្នាជាថ្មីជាមួយសង្សារ​ចាស់ទៀតដែរ ព្រោះនាងចង់គិតតែលើរឿងណាដែលមានប្រយោជន៍វិញម្ដង។ចំណែកនាយចឺម ធ្លាប់ប្រាប់ថាអតីតសង្សារនាយទាំងអស់សុទ្ធតែនៅចូលចិត្តនាយ បើទោះជាបែកបាក់គ្នាហើយក៍ដោយ ដែលចំណុចនេះបញ្ជាក់ថាមកពីនាយជាមនុស្សល្អ បើជាប្រុសសាវ៉ា ព្រាននារីដូចគេចោទមែន ម្លេះមិនមែនពេលនាយជួបសង្សារចាស់ពួកនាងនៅតែមកប្រ​លែងលេងជាមួយនាយនោះទេ ។តែនាយចឺម សារភាពថាពិតជាមានការសោកស្ដាយចំ​ពោះការបាត់បង់អតីតស្រីស្នេហ៍ទាំងនោះមែន ហើយនាយថាលើលោកនេះគ្មានអ្នកណាចង់បែកបាក់ពីសង្សារទេ រួមទាំងអ្នកកាសែតផងដែរ ។

 គួរបញ្ជាក់ថាតារាវ័យ២៩ឆ្នាំនាយ​ចឺម បានថ្លោះធ្លោយតែបន្ដិចសោះរបូតសង្សារម្ដងអស់ដល់ទៅ៤នាក់គឺសុទ្ធតែជាតារាសម្ដែងស្រីស្អាតសាច់សខ្ចីនោះគឺនាងអៀ ម៉េងលិ ហៅអូនម៉ី ,ពុធ ស្រីខួច ,ហ្វា ហ្វា ហៅស្រីយី និងសេង សុខឃីម ។នាយចឺម សច្ចារ្យថានាយ នឹងយក​សង្សារថ្មីជាអ្នកនៅក្រៅសិល្បៈសុទ្ធសាធ ព្រោះបើយកសង្សារជាតារាទៀតគឺច្បាស់ជាមិនអាច​​រក្សារចំណងស្នេហាបានគង់វង្សនោះទេ ។

 នាយ​ចឺម ក្រោយស្ងាត់រឿងប្ដូរដៃគូស្នេហា រយៈពេលចុងក្រោយនេះនាយក៍មិនសូវលេច​ធ្លោដូចមុនទៀតដែរ ហើយតាមព័តមានពីម្ដាយតារាស្រីដែលសម្ដែងMV ជាមួយនាយចឺម ប្រាប់ថាលោកមេសា ស្លូតបូតជាងមុនពោលគឺពេលប៉ះឈុតអោបថើបនាយចេះស្ដាប់បញ្ជា​របស់Director លែងគិតតែពីចាប់គ្រញិចថើបតួស្រីបែបរោលរាយដោយគ្មានការបង្គាប់ពីអ្នកដឹកនាំទៀតហើយ។ នេះគឺជាយុទ្ធសាស្រ្ដថ្មីមួយទៀតរបស់នាយចឺម ដែលធ្វើឲ្យស្រីស្អាតៗចាប់ផ្ដើមងាកមកទុកចិត្តលោកមេសា វិញជាបណ្ដើរៗ ។ប៉ុន្ដែគេចាំមើលថានាយចឺម ពិតជាព្រមបន្ធូដៃរឿងញ៉ែស្រីស្អាតៗទៀតមែន ឬមួយក៍ស្លូតបានតែមួយប្រាវ ហើយក៍ប្រែទៅជាពូកែទាក់ស្រីលើសដើម ?

 ក្រៅពីនាយចឺម តារាដែលពូកែញ៉ែស្រីស្អាតៗ ហើយបានសម្រេចមានដូចជានាយពែកម៉ី ,នាយក្រូច និងលោកអីណូ ជាដើម ៕

RELATED ARTICLES