Tuesday, July 2, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ខ្លួនប្រធានសហគមន៍ភ្នំជម្រកសត្វ ទន្ទ្រានដីព្រៃខុសច្បាប់

ចាប់ខ្លួនប្រធានសហគមន៍ភ្នំជម្រកសត្វ ទន្ទ្រានដីព្រៃខុសច្បាប់

ខេត្តស្ទឹងត្រែង ៖ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានចេញមកច្រានចោលចំពោះការផ្សាយព័ត៌មានរបស់វិទ្យុបរទេសមួយ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ដែលថា មន្ទីរបរិស្ថាន បានឃាត់ខ្លួនសកម្មជនព្រៃឈើ ឈ្មោះម៉ឹង រដ្ឋា កសាងសំណុំរឿង បញ្ជួនទៅតុលាការ ដើម្បីដាក់គុក ដោយសារ សកម្មជនរូបនេះ បានរារាំង តវ៉ា ការពារដីព្រៃសហគមន៍ ជាង៣ពាន់ហិកតារ នៅក្នុងតំបន់ភ្នំជម្រកសត្វ ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ការបំភ្លឺរបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានបញ្ជាក់ថា លោកម៉ឹង រដ្ឋា ដែលជាប្រធានសហគមន៍ភ្នំជម្រកសត្វ បានពាក់ព័ន្ធក្នុងបទល្មើសកាប់រានទន្ទ្រានដីព្រៃរបស់រដ្ឋ ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ឆែប ព្រះរកា អតីតរបៀងអភិរក្សជីវៈចម្រុះ ចាប់តាំងពីឆ្នាំ២០២៣ មកម៉្លេះ។

សេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានធ្វើការគូសបញ្ជាក់ថា យោងតាមសភាពជាក់ ស្តែង កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានចាត់មន្ត្រីឧទ្យានុរក្ស ចុះល្បាតក្នុងតំបន់ការពារធម្មជាតិ នៅចំណុចអូរឆ្កួត ឃើញមានការកាប់រុករាន ទន្ទ្រានយកដីព្រៃ ធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ ប្រព្រឹត្តឡើងដោយ (អញ្ញាតជន) ស្ថិតក្នុងភូមិសាស្ត្រភូមិឆ្នាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងបានកសាងសំណុំរឿង បញ្ជូនអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី រហូតដល់ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២៤ មន្ទីរបរិស្ថាន បានចាត់មន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរបរិស្ថានខេត្ត ធ្វើការចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាអំពីអ្នកដែលពាក់ព័ន្ធកាប់រុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ។ ក្នុងពេលចុះស្រាវជ្រាវនេះ មន្ត្រីជំនាញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅភូមិឆ្នាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានផ្តល់ព័ត៌មានដល់មន្ត្រី ជំនាញដូចៗគ្នាថា ចំពោះដីដែលបានកាប់រុករានទន្ទ្រានព្រៃខាងលើនេះ ជាដីរបស់ជនសង្ស័យឈ្មោះម៉ឹង រដ្ឋា ភេទប្រុស អាយុ៤៨ឆ្នាំ មានលំនៅបច្ចុប្បន្ន ភូមិឆ្នាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ បន្ទាប់មកក្រុមការងារបានបន្តចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្តែង ដោយមិនបានឃើញជនដែលបានប្រព្រឹត្តនៅទីកន្លែងនោះឡើយ។

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរបរិស្ថានខេត្ត បានកោះហៅជនសង្ស័យឈ្មោះម៉ឹង រដ្ឋា ភេទប្រុស មានលំនៅបច្ចុប្បន្ន ភូមិឆ្នាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង តាមដីការបញ្ជាឱ្យចូលខ្លួនលេខ៧៦០ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីសាក សួរពាក់ព័ន្ធទៅនឹងការកាប់រុករាន ទន្ទ្រានដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ ស្ថិតនៅដែនជម្រកសត្វព្រៃ ឆែប ព្រះ រកា (អតីតរបៀងអភិរក្សជីវៈចម្រុះ)។ បន្ទាប់ពីបានសាកសួររួច មន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរបរិស្ថានខេត្ត បានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី។

ជាមួយគ្នានេះ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លើកឡើងថា ចំពោះព័ត៌មានដែលបានចេញផ្សាយនោះ ជាករណីមិនពិតនោះទេ មន្ទីរបរិស្ថាន សូមច្រានចោលព័ត៌មាននោះទាំងស្រុង ដែលបានចោទប្រកាន់ថា មន្ទីរបរិស្ថាន និងរដ្ឋបាលខេត្ត មានពាក់ព័ន្ធជាមួយក្រុមហ៊ុនលីន វតី។ ចំពោះការកោះហៅនិងឃាត់ខ្លួនបុគ្គលឈ្មោះ ម៉ឹង រដ្ឋា ដែលជាប្រធានសហគមន៍ភ្នំជម្រកសត្វ គឺជាករណីកាប់គាស់រុនរានទន្ទ្រានដីព្រៃ យកធ្វើជាកម្មសិទ្ធិ ដែលមាន ភ័ស្តុតាង និងសាក្សីគ្រប់គ្រាន់ ហើយករណីកសាងសំណុំរឿងបញ្ជូនជនសង្ស័យឈ្មោះម៉ឹង រដ្ឋា ទៅអយ្យការអមសាលាដំបូងខេត្ត គឺអនុវត្តតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ តាមនីតិវិធី៕

RELATED ARTICLES