Sunday, September 8, 2024
Homeតារាខ្មែរចំរើន សុភ័ក្រ្ត រង់ចាំសម្រាលកូន ចុងខែនេះ

ចំរើន សុភ័ក្រ្ត រង់ចាំសម្រាលកូន ចុងខែនេះ

ភ្នំពេញ ៖ តារាចម្រៀង ចំរើន សុភ័ក្ត្រ ម្ចាស់ពាន The Mask Singer Cambodia បានឲ្យដឹងថា ពេលនេះនាងបានពពោះកូនក្នុងផ្ទៃ ជិតគ្រប់ខែហើយ នឹងត្រូវសម្រាលនៅចុងខែកក្កដា ឆ្នាំ២០២៤ នេះ។

សូមបញ្ជាក់ថា ចំរើន សុភ័ក្ត្រ ជាម្ចាស់ពាន The Mask Singer Cambodia ដែលសព្វថ្ងៃបានក្លាយជាតារាចម្រៀងល្បី មួយដួង ដែលទស្សនិកជនសរសើរថា មានទឹកដមសំឡេងល្អ។

ចំរើន សុភ័ក្ត្រ បានរៀបការជាមួយស្វាមីរបស់នាង ឈ្មោះ ថុន ច័ន្ទមុន្នី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ១ឆ្នាំ ២០២៣ ។ ចំណងអាពាហ៍ពិពាហ៍របស់នាង និងស្វាមី ពេលនេះកំពុងទទួលបានចំណងដៃ កូនក្នុងផ្ទៃ អាយុជិត៩ខែ ហើយបើតាមការពិនិត្យអេកូ គ្រូពេទ្យបានប្រាប់ថា កូនក្នុងផ្ទៃរបស់នាង នឹងត្រូវសម្រាល នៅថ្ងៃទី២៧ ខែខែកក្កដា ឆ្នាំ២០២៤

ចំរើន សុភ័ក្ត្រ បានបង្ហាញរូបថតពពោះរបស់នាង ជាមួយស្វាមី ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ដោយនាងបញ្ជាក់ថា ខែកក្កដា នេះ   គឺជាខែដែលនាងនិងស្វាមី រង់ចាំទទួលកូននាគ (កើតឆ្នាំរោង) របស់នាង ចូលមកក្នុងគ្រួសារ

ចំរើន សុភ័ក្ត្រ បានសរសេរថា «ខែកក្កដា គឺជាខែដែលប៉ាម៉ាក់ រង់ចាំទទួលកូននាគចូលមកក្នុងគ្រួសារ ជួបគ្នាឆាប់ៗកូននាគរបស់ប៉ាម៉ាក់»។

យ៉ាងណា ចំរើន សុភ័ក្ត្រ មិនទាន់ប្រាប់ថា កូនក្នុងផ្ទៃរបស់នាង ជាកូនប្រុស ឬស្រីទេ ។ ប៉ុន្តែ មហាជន អ្នកគាំទ្រ និងមិត្តភក្តិមួយចំនួន ទាយថា កូនដំបូងរបស់ចំរើន សុភ័ក្ត្រ ប្រាកដជាកូនប្រុស ហើយបើជាកូនប្រុសមែន អាចជាតារាចម្រៀងវ័យក្មេង ពេជ្រ រដ្ឋា ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ នោះ មកចាប់ជាតិ តាមការចង់បានរបស់ចំរើន សុភ័ក្ត្រ នោះក៏ថាបាន។

សុមរំលឹកថា តារាចម្រៀងវ័យក្មេង សំឡេងផ្អែមស្រទន់ យុវជន ពេជ្រ រដ្ឋា ដែលទទួលបានការពេញចិត្តពីសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបគ្រោះអកុសល ដួលម៉ូតូលើដងផ្លូវ បណ្តាលឱ្យបាត់បង់ជីវិត កាលពីវេលាម៉ោង ១២និង៤៨នាទីអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើផ្លូវស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នៅពេលធ្វើដំណើរមកពីច្រៀងនៅក្នុងកម្មវិធីមង្គលការមួយ។

ក្រោយទទួលដំណឹងស្តីពីការស្លាប់របស់ពេជ្រ រដ្ឋា តារាចម្រៀង ចំរើន សុភ័ក្រ្ត ដែលកាលនោះទើបរៀបការប្តីថ្មោងថ្មី បានបង្ហាញនូវការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់មិត្តរួមអាជីពម្នាក់យ៉ាងលឿនបែបនេះ ដោយនាងថា ពេជ្រ រដ្ឋា ទើបតែនិយាយលេងជាមួយនាងសោះ បែរជាទៅបាត់រហូត។ ជាមួយគ្នានេះ ចំរើន សុភ័ក្រ្ត បានបួងសួងឲ្យវិញ្ញាណក្ខន្ធពេជ្រ រដ្ឋា បានទៅកាន់ទីស្ងប់សុខ ហើយបើសិនជាអាច សូមឲ្យមកចាប់កំណើតជាថ្មី នៅក្នុងផ្ទៃរបស់នាងចុះ។

តារាចម្រៀង ចំរើន សុភ័ក្ត្រ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា «ឱ រដ្ឋា ប្អូនបងអើយ! បងមិនដឹងនិយាយថាម៉េចទេ ហេតុអីទៅអូន? ទើបនិយាយលេងជាមួយបងសោះ ហេតុអីជីវិតមនុស្សយើងផុយស្រួយម្ល៉េះ? សូមឲ្យប្អូនបានទៅកាន់ទីស្ងប់សុខ។ បើសិនជាអាច បងសូមឲ្យប្អូនមកនៅជាមួយបងណា Pich Ratha ប្អូនបង»។

បន្ទាប់ពីបានសរសេរបួងសួងដូចខាងលើនេះ បានមិនដល់១ខែផង ស្រាប់តែចំរើន សុភ័ក្ត្រ បានទម្លាយថា នាងមានផ្ទៃពោះហើយ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងយល់ថា កូនក្នុងផ្ទៃរបស់ចំរើន សុភ័ក្រ្ត អាចជាពេជ្រ រដ្ឋា មកចាប់កំណើតជាថ្មី៕ ខៀវទុំ

RELATED ARTICLES