ភ្នំពេញ ៖ លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានគាំទ្រសម្តេចនាយក រដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្នុង ការស្នើអាមេរិក លុបចោលបំណុលកម្ពុជា ដែល ជំពាក់អាមេរិកប្រមាណ៥០០លានដុល្លារ កាល ពីសម័យសាធារណរដ្ឋខ្មែរ (លន់នល់) នោះ ហើយលោកប្រកាសថានឹងដាក់ញត្តិនៅស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីស្នើសុំឱ្យប្រធានាធិបតីអាមេរិកថ្មី លោកដូណាល់ ត្រាំ ពិចារណា ពីរឿងលុបបំណុលកម្ពុជានេះ។
គួរបញ្ជាក់ថា បំណុលរបស់កម្ពុជា ដែល បានជំពាក់អាមេរិកត្រូវបានអ្នកសិក្សាប្រវត្តិ– សាស្ត្រសង្គ្រាម អ្នកស្រាវជ្រាវព្រឹត្តិការណ៍សង្គម និងមជ្ឈដ្ឋានអ្នកនយោបាយដឹងថា មានប្រមាណ ៥០០លានដុល្លារ ដែលបំណុលអាមេរិកទូទាត់ ក្នុងសម័យសាធារណរដ្ឋខ្មែរ លន់ នល់ ពីឆ្នាំ ១៩៧០ ដល់១៩៧៥។
អតីតថ្នាក់ដឹកនាំកំពូលគណបក្សហ៊្វុនស៊ិនប៉ិច និងបច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួម ជាតិ លោកញឹក ប៊ុនឆៃ បានចាត់ទុកថា បំណុល របស់អាមេរិក នៅពេលនោះ មិនគួរឱ្យកម្ពុជា នៅពេលនេះសងទេ ព្រោះនៅពេលនោះ អាមេរិក បានទម្លាក់ទាំងគ្រាប់បែកចង្កោម និង គ្រាប់បែកគីមី សម្លាប់ប្រជាពលរដ្ឋខ្មែរជាច្រើន។ ហេតុនេះហើយទើបលោកគាំទ្រប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការស្នើសុំឱ្យសហរដ្ឋអាមេរិកលុបបំណុល នេះ ហើយក៏សង្ឃឹមថា អ្នកនយោបាយផ្សេងៗ ទៀត នឹងគាំទ្រចំពោះជំហរនេះដែរ ព្រោះដើម្បី ផលប្រយោជន៍ជាតិ។
លោកញឹក ប៊ុនឆៃ បញ្ជាក់ថា តាមរយៈ ការប្រកាសគាំទ្រនេះ នៅពេលឆាប់ៗខាងមុខ នេះ លោកនឹងដឹកនាំសមាជិកបក្ស និងអ្នកគាំទ្រ យកញត្តិទៅដាក់នៅស្ថានទូតអាមេរិក ប្រចាំ កម្ពុជា ដើម្បីស្នើសុំឱ្យលោកដូណាល់ ត្រាំ ប្រធានាធិបតីថ្មីនៃសហរដ្ឋអាមេរិកពិចារណាពីរឿង នេះ។
លោកញឹក ប៊ុនឆៃ មានប្រសាសន៍ថា “បាទ! អាហ្នឹងបើយើងមើលទៅហើយ បើ ជំនួយនោះជាជំនួយដែលយកមកជួយប្រជា– ពលរដ្ឋកាលហ្នឹង វាមិនជាស្អីទេ ប៉ុន្តែជំនួយនេះ យកមកជាគ្រាប់បែកទម្លាក់ គ្រាប់ស្អីមក ដែល ធ្វើឱ្យប្រជាពលរដ្ឋហ្នឹងរបួស ស្លាប់ ពិការ ហើយ ដល់រាល់ថ្ងៃ។ អ៊ីចឹងខ្ញុំហ្នឹងមានជំហរមួយថា សុំឱ្យថ្នាក់ដឹកនាំអាមេរិកហ្នឹង ពិចារណាអំពី បំណុលដែលយើងជំពាក់ហ្នឹង តើអាចលុបចោល ឬក៏អាចបង្វែរមក ដើម្បីជួយមកដល់ប្រទេស កម្ពុជាវិញ ក្នុងការអភិវឌ្ឍ ដើម្បីជួយដល់ ប្រជាពលរដ្ឋដែលរងគ្រោះនៅសម័យនោះ ឬ ក៏ជួយខាងស៊ីម៉ាក់ ហ្នឹង ដើម្បីបោសសម្អាតកាក– សំណល់គ្រាប់សម័យហ្នឹង កុំឱ្យមានគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ។ ដូច្នេះញត្តិនេះ ប្រហែលជា អាចដាក់ក្នុងខែនេះហើយ ពីព្រោះដូចថា ធ្វើ ព្រមដំណាលគ្នាជាមួយប្រជាពលរដ្ឋ ព្រោះ ប្រជាពលរដ្ឋឥឡូវក៏ឃើញមានកំពុងតែរៀបចំ ធ្វើញត្តិហ្នឹង ដើម្បីដាក់ទៅស្ថានទូតហ្នឹងដែរ។ ប៉ុន្តែខ្ញុំអត់មានជាការដើរដង្ហែអីទេ ខ្ញុំមានជា លិខិតជាលាយលក្ខណ៍អក្សរ ដើម្បីដាក់ជូន ទៅស្ថានទូត”។
លោកញឹក ប៊ុនឆៃ បានមានប្រសាសន៍ បន្តថា “បាទ! ខ្ញុំគ្រាន់តែថា អំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋពិចារណាអំពីចំណុចហ្នឹង ព្រោះយើងបានសង្កេតឃើញប្រទេសជិតខាង យើងក៏មានបញ្ហាដូចគ្នាហ្នឹងដែរ ក៏ប៉ុន្តែប្រជា– ពលរដ្ឋរបស់គេនោះ ស្នើទៅឃើញថា សហរដ្ឋ អាមេរិកនោះ បានបង្វែរអាបំណុលហ្នឹងមកជា ថវិកាមកជួយដល់ប្រទេសហ្នឹង ដើម្បីធ្វើ់ការ អភិវឌ្ឍ ដល់អីចឹងហើយ កម្ពុជាយើងក៏គ្មាន បំណងអត់ខុសគ្នាអ៊ីចឹងទេ បើសំណងនោះត្រូវ សងទៅ គួរតែសហរដ្ឋអាមេរិកហ្នឹង ពិចារណា ដើម្បីបង្វែរថវិកាហ្នឹង មកជួយអភិវឌ្ឍដល់ ប្រទេសកម្ពុជា មកជួយដល់ប្រជាពលរដ្ឋដែល រងគ្រោះពីសម័យហ្នឹង ដែលគ្រោះថ្នាក់នៅ សម័យនោះ ហើយជួយខាងស៊ីម៉ាក់ ដើម្បីបោស សម្អាតគ្រាប់មិនទាន់ផ្ទុះដែលនៅសល់ពីសម័យ នោះហ្នឹងឱ្យបានល្អ កុំឱ្យប្រជាពលរដ្ឋយើងហ្នឹង គ្រោះថ្នាក់តទៅទៀត។ សង្ឃឹមថា សហរដ្ឋ អាមេរិក នឹងពិចារណាពីបំណុលហ្នឹង ក៏ក្នុង មនុស្សធម៌ អាមេរិកក៏អាចពិចារណាដែរថា បំណុលនោះ វាមិនមែនបំណុលយើងខ្ចីមកធ្វើអី បំណុលហ្នឹង សម័យហ្នឹង អ្នកដឹកនាំហ្នឹង ទៅខ្ចី យកគ្រាប់រំសេវ យកស្អីមក ធ្វើឱ្យប្រជាពលរដ្ឋ ហ្នឹងស្លាប់ របួស គ្រោះថ្នាក់ រងទុក្ខវេទនា អី អ៊ីចឹងទៅ។ អ៊ីចឹងហើយយើងចង់ឱ្យអាមេរិក ហ្នឹងពិចារណាពីចំណុចហ្នឹង ដើម្បីជួយដល់ ប្រទេសកម្ពុជា ក្នុងបំណងថា ទំនាក់ទំនងគ្នាល្អ ដូចថាយល់អំពីបញ្ហាហ្នឹង ដែលយើងវារងគ្រោះ យើងវាគ្រោះថ្នាក់អី”។
ការប្រកាសរបស់លោកញឹក ប៊ុនឆៃ បាន ធ្វើឡើងក្រោយពេលដែលសម្តេចនាយករដ្ឋ– មន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងពិធី បញ្ចុះខណ្ឌសីមាព្រះវិហារ វត្តព្រែកប្រា ស្ថិត ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានស្នើ សុំជាថ្មីឱ្យអាមេរិក កុំទារលុយខ្មែរទៀត ព្រោះ អាមេរិក ជាអ្នកវាយខ្មែរ មិនសមមកទារលុយ ខ្មែរទេ ហើយសម្តេចក៏សុំឱ្យប្រជាពលរដ្ឋ និង បក្សនយោបាយនានាគាំទ្របញ្ហានេះ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មាន ប្រសាសន៍នៅពេលនោះថា “អាមេរិកាំងអ្ហើយ អាមេរិកាំង! ប្រធានាធិបតីដូណាល់ ត្រាំ អ្ហើយ! យ៉ាងម៉េចទៅ វ៉ៃទារលុយនេះ? វ៉ៃយើងហើយ ទារលុយយ៉ាងនេះ? វាមិនយលអាកន្លែងហ្នឹង! ឥឡូវហ្នឹងមានចលនាប្រជាពលរដ្ឋច្រើនកន្លែង បានគាំទ្រឱ្យលុបបំណុល សង្ឃឹមថា បក្សនយោ– បាយនៅកម្ពុជា ក៏គាំទ្រឱ្យលុបបំណុលដែរ តែ បក្សប្រឆាំងមិនទាមទារទេ ព្រោះគាត់ហ្នឹងខ្លាច ព្រោះកូនចៅអាមេរិក…”។
ការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី កម្ពុជា នៅពេលនោះ ជាការអំពាវនាវលើកទី៣ បន្ទាប់ពីលោកដូណាល់ ត្រាំ បានជាប់ឆ្នោតជា ប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក។ ដោយក្នុងនោះ ការអំពាវនាវលើកទី១ របស់ សម្តេចហ៊ុន សែន ធ្វើឡើងក្នុងពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ កាលពីខែធ្នូ ឆ្នាំ២០១៦ និងអំពាវនាវលើកទី២ នៅក្នុងវេទិកាសេដ្ឋកិច្ច ពិភពលោក នៅប្រទេសស្វីស កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ផៃ ស៊ីផាន ក៏បានលើកឡើងថា អាមេរិកគួរពិចារណាលុប បំណុលរបស់កម្ពុជា ដើម្បីផ្សះផ្សាមិត្តភាព មិន គួរណាឱ្យអ្នកសល់ជីវិតពីសង្គ្រាមជាប់បន្ទុកធ្ងន់ធ្ងរ បន្ថែមទៀត នៃការសងបំណុលចូលរួមសង្គ្រាម ឥណ្ឌូចិន បម្រើគោលនយោបាយបរទេសអាមេរិក ជំនាន់ឆ្នាំ១៩៧០ ដល់១៩៧៥។
លោកផៃ ស៊ីផាន បានបញ្ជាក់ថា “ការ ពិសោធន៍ដ៏អាក្រក់របស់មនុស្សជាតិ រួមទាំង ការទទួលស្គាល់ផងដែរ របស់ប្រធានាធិបតី សហរដ្ឋអាមេរិកទី៤៥ ដូណាល់ ត្រាំ ចំពោះ គោលនយោបាយបរទេសរបស់សហរដ្ឋអាមេរិក ក្នុងការជ្រៀតជ្រែកដែលធ្វើឱ្យបាត់បង់ស្ថិរភាព និងសន្តិភាពរបស់ប្រជាជាតិដទៃ ហើយលោក សន្យាប្រាប់ពិភពលោកថា នឹងបញ្ឈប់គោលនយោបាយនេះ។ ការលុបបំណុលនេះ គឺជា ផ្នែកសីលធម៌មួយរបស់សហរដ្ឋអាមេរិក ចំពោះ កម្ពុជា ដែលបានលើកឡើងដោយសម្តេចនា– យករដ្ឋមន្ត្រីហ៊ុន សែន ហើយក៏ជាការផ្សះផ្សា ផ្លូវចិត្តដល់ជនរងគ្រោះដោយសង្គ្រាម និងក៏ជា ដំណើរការមនុស្សធម៌ពង្រឹងបន្ថែមនូវទំនុកចិត្ត ទំនាក់ទំនងល្អរួមជាមួយសហប្រតិបត្តិការរវាង សហរដ្ឋអាមេរិក និងកម្ពុជា។
ការស្នើសុំលុបបំណុលនេះ គឺជាឆន្ទៈរួម របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់និន្នាការ ចំពោះ រដ្ឋបាលវ៉ាស៊ីងតោន នៃទំព័រប្រវត្តិសាស្ត្រថ្មី នៃ គោលនយោបាយបរទេសរបស់សហរដ្ឋអាមេរិក។ កម្ពុជា ចង់ឃើញមានការដោះស្រាយមួយ ក្នុង ពេលវេលាសមស្រប និងរាល់ទិដ្ឋភាពណាមួយ ដែលកម្ពុជា និងរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ទទួលបានជោគជ័យ ចាកចេញពីទំព័រប្រវត្តិសាស្ត្រនៃសង្គ្រាមដ៏ជូរចត់ពិបាកទទួលយក បានពីភាគីទាំងពីរ”។
ជុំវិញការប្រកាសរបស់លោកញឹក ប៊ុនឆៃ គាំទ្រការស្នើឱ្យសហរដ្ឋអាមេរិក លុបបំណុល កម្ពុជានេះដែរ លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បាន សរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក កាលពី រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “ចុះ គណបក្សដទៃ? លោកញឹក ប៊ុនឆៃ គ្រោងដឹកនាំសមាជិកខ្លួនដាក់ញត្តិជូនប្រធានាធិបតីអាមេរិក ឱ្យពិចារណា លុបបំណុលកម្ពុចាជំពាក់។
លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែរ រួបរួមជាតិ គ្រោងនឹងដឹកនាំសមាជិករបស់ខ្លួន ដាក់ញត្តិជូនលោកដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឱ្យរដ្ឋាភិបាលអាមេរិក ពិចារណាក្នុងលុប បំណុល ដែលកម្ពុជាជំពាក់ និងបង្វែរបំណុល នោះទៅជាការអភិវឌ្ឍន៍ប្រទេសកម្ពុជាវិញ”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានលើកឡើងថា កម្ពុជា ជាប្រទេសដែលរងនូវទម្ងន់ពីការទម្លាក់គ្រាប់ បែកច្រើនប្រភេទ រួមទាំងគ្រាប់បែកគីមី ពី សំណាក់មហាអំណាចអាមេរិក នៅចន្លោះឆ្នាំ ១៩៧០ ដល់១៩៧៥ ប្រមាណជិត៣លានតោន ប៉ុន្តែបែរជាត្រូវអាមេរិក ទារបំណុលជិត៥០០ លានដុល្លារទៅវិញ។ បានន័យថា អាមេរិកមិន ក្លាហានទទួលស្គាល់កំហុសរបស់ខ្លួន ដូចជប៉ុន។
ជុំវិញបញ្ហាបំណុលនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោកវីល្លៀម ហេដថ៍ ធ្លាប់បានលើកឡើងឆ្លើយតបក្នុងជំនួប សន្ទនាតុមូលជាមួយអ្នកសារព័ត៌មាននៅស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៧ថា កម្ពុជា មិនមាន ឈ្មោះនៅក្នុងបញ្ជីនៃការលុបបំណុលរបស់ អាមេរិកទេ ដោយសារតែសេដ្ឋកិច្ចកម្ពុជា មាន កំណើនជាបន្តបន្ទាប់។ ដូច្នេះកម្ពុជា មិនគប្បី សម្លឹងមើលទៅអតីតកាលឡើយ តែត្រូវសម្លឹង មើលទៅអនាគត៕ កុលបុត្រ