Wednesday, July 17, 2024
Homeព័ត៌មានជាតិកឹម សុខា និយាយក្នុងសវនាការ ៖ ទោះកាំភ្លើងភ្ជង់ក្បាល ក៏ខ្ញុំមិនក្បត់ជាតិ

កឹម សុខា និយាយក្នុងសវនាការ ៖ ទោះកាំភ្លើងភ្ជង់ក្បាល ក៏ខ្ញុំមិនក្បត់ជាតិ

ភ្នំពេញ ៖ សហការីលោកកឹម សុខ អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានលើកឡើងថា លោកកឹម សុខា ដែលត្រូវតុលាការកាត់ទោសដាក់គុក ២៧ឆ្នាំ (ឃុំខ្លួនក្នុងផ្ទះ) ពីបទ “សន្ទិដ្ឋភាពជាមួយបរទេស” នោះ បាននិយាយក្នុងសវនាការនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ថា «ទោះយកកាំភ្លើងភ្ជង់ក្បាលខ្ញុំ ក៏ខ្ញុំមិនក្បត់ជាតិខ្ញុំដែរ» ។

អតីតសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិ លោកបោយ រើយ ដែលជាសហការីលោកកឹម សុខា បានលើកឡើងនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា  ៖ចំពោះមុខតុលាការ មេធាវីរដ្ឋាភិបាល អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ អ្នកការទូត ក៏ដូចអ្នកចូលតាមដានសវនាការ ធ្លាប់បានឮលោកកឹម សុខា និយាយក្នុងលក្ខណ:មានសិទ្ធិពេញលេញថា “ទោះបីយកកាំភ្លើងភ្ជង់ក្បាលខ្ញុំ ក៏ខ្ញុំមិនក្បត់ជាតិខ្ញុំដែរ” ។

បន្ថែមលើការលើកឡើងតាមហ្វេសប៊ុក ខាងលើនេះ លោកបោយ រើយ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ថា ការដែលលោករំលឹកពាក្យដែលលោកកឹម សុខា បាននិយាយក្នុងសវនាការខាងលើនេះ គ្រាន់តែចង់ឲ្យតុលាការ ពិចារណាឡើងវិញ ក្នុងការដោះលែងលោកកឹម សុខា ឲ្យមានសេរីភាព បានចូលធ្វើនយោបាយឡើងវិញ ព្រោះលោកកឹម សុខា មិនបានក្បត់ជាតិ ដូចការចោទប្រកាន់របស់តុលាការនោះទេ ។ ដូច្នេះគាត់សមតែទទួលបានការទម្លាក់បទចោទប្រកាន់ និងមានសេរីភាពបានធ្វើនយោបាយដោយអហិង្សាឡើងវិញ ។

លោកបោយ រើយ បានមានប្រសាសន៍ថា “ អូ! ខ្ញុំអត់បានចូលស្ដាប់ទេ តែខ្ញុំបានស្ដាប់មេធាវី គាត់ប្រាប់អ្នកកាសែត ពេលចប់សវនាការ កាលហ្នឹង ខ្ញុំអត់មានអីបន្ថែមទៀត អាហ្នឹងទាល់តែយើងទៅសួរមេធាវីទៅ យើងមិនអាចនិយាយលើសពីមេធាវីទេ យើងគ្រាន់តែជាអ្នករាយការណ៍ព័ត៌មានបន្តពីគេ ។ ប៉ុន្តែយ៉ាងណា ក្នុងនាមខ្ញុំជាអ្នកគាំទ្រគាត់ម្នាក់ ខ្ញុំថាគាត់ជាមនុស្សស្នេហាជាតិ គាត់មិនមែនក្បត់ជាតិដូចការចោទប្រកាន់ទេ ហើយការអានភ័ស្តុតាងទាំងដើម ទាំងអស់ ទាំងស្រុងហ្នឹង បញ្ជាក់ថាគាត់ជាអ្នកនយោបាយស្អាតស្អំ មិនមានពាក់ព័ន្ធជាមួយបរទេសណាទេ ដូចគាត់ធ្លាប់បាននិយាយអ៊ីចឹង គាត់មិនទៅគប់គិតជាមួយបរទេស បំផ្លាញប្រទេសជាតិទេ ទោះជាយកកាំភ្លើងមកភ្ជង់ក្បាលគាត់ក៏ដោយ ។ គាត់គោរពរដ្ឋធម្មនុញ្ញ ជាអ្នកនយោបាយអហិង្សា មិនយកខ្មែរណាជាសត្រូវ ។ សត្រូវរបស់គាត់ គឺមានតែអំពើពុករលួយ និងបរទេសឈ្លានពាន គាត់មិនយកខ្មែរណាជាសត្រូវទេ ។ ដូច្នេះបើតាមដំណើររឿងមើលទៅ តាំងពីសវនាការសាលាដំបូង រហូតដល់ពេលហ្នឹង (សាលាឧទ្ធរណ៍) ដូចគ្មានឃើញកំហុសស្អីក្រៅពីយកសំឡេងចាស់គាត់និយាយយូរហើយមកចោទប្រកាន់ សមតែលើកលែងការចោទប្រកាន់គាត់ទៅ ហើយរឿងហ្នឹង បើតាមខ្ញុំយល់ឃើញ វាជារឿងនយោបាយ គួរតែយើងដោះស្រាយគ្នាតាមនយោបាយ ហើយឯកភាពជាតិខ្មែរទៅ នេះការយល់ឃើញរបស់ខ្ញុំ” ។

លោកបោយ រើយ បានមានប្រសាសន៍បន្តថា “សម្រាប់ខ្ញុំ ក៏ដូចជាអ្នកគាំទ្រផ្សេងទៀតជាច្រើនហ្នឹង ចង់ឲ្យគាត់មានសេរីភាពពេញលេញ ធ្វើនយោបាយឡើងវិញ ប្រកួតប្រជែងគ្នាដោយស្មើភាពនិងស្មោះត្រង់ទៅ ។ យើងប្រកួតប្រជែងគ្នាតែគោលនយោបាយ ដោយអហិង្សាទៅ មិនយកខ្មែរណាជាសត្រូវអីទេ ហើយដូចខ្ញុំសង្កេតឃើញមក គាត់មិនមានពាក់ព័ន្ធអីជាមួយបរទេសណាឲ្យមកជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុងខ្មែរយើងទេ ហើយគាត់ដើរតែពន្យល់ប្រជាពលរដ្ឋឲ្យស្គាល់ពីសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យ ហើយគាត់ធ្វើនយោបាយ គាត់អំពាវនាវឲ្យតែខ្មែរស្រលាញ់គ្នា រួបរួមគ្នា ជាពិសេសគាត់អំពាវនាវឲ្យយុវជនហ្នឹង ចេះស្រលាញ់គ្នា រាប់អានគ្នា ព្រោះប្រកួតគ្នាតែគោលនយោបាយបានហើយ កុំយកហ្វេសប៊ុកជាវេទិកាទាស់ទែងគ្នា ឈ្លោះគ្នា ហើយស្ដាប់មើលទៅ គ្មានចំណុចណាមួយ ដែលគិតថា គាត់ពាក់ព័ន្ធជាមួយនឹងអំពើក្បត់ជាតិនោះទេ ព្រោះគាត់អត់មានពាក់ព័ន្ធនឹងការកាប់ឈើ ការឲ្យបរទេសមករស់នៅក្នុងស្រុក ក៏ដូចជាគ្មានឃើញទេ អត់មានពាក់ព័ន្ធអីទេ ហើយនិងការបំផ្លាញផលប្រយោជន៍ជាតិ ក៏អត់ឃើញមានដែរ ។ គាត់ធ្វើនយោបាយដោយអហិង្សា ស្ដាប់សំឡេងគាត់ទៅ មិនដែលមានពាក្យណាមួយអំពាវនាវឲ្យមានហិង្សាប្រឆាំងនឹងរដ្ឋធម្មនុញ្ញអីទេ ប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា ទេ គាត់និយាយទៅតាមអ្វីមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ“ ។

លោកបោយ រើយ បានមានប្រសាសន៍បន្តទៀតថា “ចំពោះការគាំទ្រចំពោះគាត់កន្លងមក គឺគាំទ្រយោងទៅតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ហ្នឹង ដោយសារគេក៏មើលឃើញដូចយើង ដូចខ្ញុំហ្នឹងដែរ គាត់គ្មានកំហុស គាត់គ្មានទោស គ្មានពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ដូចការចោទប្រកាន់របស់តុលាការទេ ហើយអន្តរជាតិគាំទ្រហ្នឹង គឺក្នុងនាមជាមិត្តរបស់យើងហ្នឹង ក៏គាំទ្រក្នុងនាមគាត់ជាប្រធានគណបក្សប្រឆាំងស្របច្បាប់តើ! មិនមែនគាំទ្រពាក់ព័ន្ធជាមួយគាត់គប់គិតជាមួយគេអីទេ អន្តរជាតិ គេគាំទ្រទាំងអស់តែគ្នាហ្នឹង តាំងពីជំនាន់សម្ដេចក្រុមព្រះ មកហ្នឹង មានបញ្ហាក៏គេគាំទ្រទៅ ក្រោយមក សម្ដេចក្រុមព្រះ គាត់អស់តម្លៃការទូតទៅ មកដល់សម រង្ស៊ី ហើយមកដល់សម រង្ស៊ី ពេលហ្នឹងក៏តម្លៃការទូតទៅ ដល់លោកកឹម សុខា គាត់មានតម្លៃការទូត ដោយសារគាត់មិនទៅណាចោលប្រទេសជាតិ គាត់សុខចិត្តក្រាញននៀលជាមួយប្រជាពលរដ្ឋនៅក្នុងស្រុកហ្នឹង ហើយគាត់តស៊ូដោយអហិង្សា ។ ដូច្នេះសរុបមកវិញ សម្រាប់ខ្ញុំ ក៏ដូចអ្នកគាំទ្រផ្សេងទៀតដែរ ចង់ឲ្យមានការលើកលែងការចោទប្រកាន់ ហើយបញ្ចប់រឿងហ្នឹងឲ្យឆាប់ចប់ទៅ ដើម្បីឲ្យយើងអាចទទួលបានអត្ថប្រយោជន៍ពីលោកសេរីហ្នឹង ដែលគេថា បើសិនជាគាត់មានសេរីភាពធ្វើនយោបាយវិញទៅហ្នឹង សហគមន៍អឺរ៉ុបហ្នឹង គេនឹងឲ្យ EBA មួយរយភាគរយមកវិញ សហរដ្ឋអាមេរិក ហ្នឹង គេឲ្យ GSP មកវិញ ។ នេះហើយសុទ្ធតែផលប្រយោជន៍ដែលយើងបានសម្រេចជួយដល់ប្រជាជាតិ ប្រជារាស្រ្តយើងហ្នឹង“ ។

ជាមួយគ្នានោះដែរ លោកហ៊ីង សុខសាន្ត ដែលជាសហការីមួយរូបទៀតរបស់លោកកឹម សុខា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា ទោះបីជាមិនមានពាក្យលោកកឹម សុខា លើកឡើងថា «ទោះបីជាយកកាំភ្លើងមកភ្ជង់ក្បាលខ្ញុំ ក៏ខ្ញុំមិនក្បត់ជាតិខ្ញុំដែរ» ក៏ដោយ ក៏វាពុំមានហេតុផលណាមួយបញ្ជាក់ថា លោកកឹម សុខា ជាជនក្បត់ជាតិទេ ហើយយើងមើលទាំងមតិជាតិ និងអន្តរជាតិ ជាពិសេសអ្នកកាទូតនៅប្រទេសមហាអំណាចធំៗ គេមិនមែនចេះតែគាំទ្រមនុស្សក្បត់ជាតិឯង ដើម្បីផលប្រយោជន៍ប្រទេសទេ ពោលគឺទង្វើដែលលោកកឹម សុខា ធ្វើ ពុំមែនជាទង្វើក្បត់ជាតិនោះទេ ។

លោកហ៊ីង សុខសាន្ត បានមានប្រសាសន៍ថា “ហ្នឹងហើយ! ទោះបីជាមិនមានពាក្យគាត់បានលើកឡើងថា ទោះបីជាយកកាំភ្លើងមកភ្ជង់ក្បាលខ្ញុំ ក៏ខ្ញុំមិនក្បត់ជាតិខ្ញុំដែរហ្នឹង ទោះបីមិនមានពាក្យហ្នឹងលើកឡើងក៏ដោយ ក៏វាពុំមានហេតុផលណាមួយបញ្ជាក់ថា លោកកឹម សុខា ជាជនក្បត់ជាតិទេ ហើយយើងមើលទាំងមតិជាតិ ទាំងអន្តរជាតិ ជាពិសេសអ្នកកាទូតនៅប្រទេសមហាអំណាចធំៗ គេមិនមែនចេះតែគាំទ្រមនុស្សក្បត់ជាតិឯង ដើម្បីផលប្រយោជន៍ប្រទេសទេ ។ អ៊ីចឹងគេមើលឃើញថា ទង្វើដែលលោកកឹម សុខា ធ្វើហ្នឹង វាពុំមែនជាទង្វើក្បត់ជាតិ ដូចជាការចោទរបស់គណបក្សកាន់អំណាច និងរាជរដ្ឋាភិបាល និងដូចតុលាការចោទទេ ហើយវារឹតតែច្បាស់ថែមទៀត យើងមើលទៅលើសកម្មភាពរបស់គាត់ យើងមើលកន្លងមក ក្នុងការតស៊ូនយោបាយរបស់គាត់ តាំងពីគាត់បង្កើតអង្គការសង្គមស៊ីវិល រហូតមកបក្សនយោបាយ គាត់ដែលធ្វើទង្វើអីមួយដែលនាំឲ្យអន្តរាយដល់ជាតិ ហើយទៅគប់គិតជាមួយបរទេសដើម្បីមកបំផ្លាញជាតិឯង? វាអត់មាន មានតែការធ្វើរឿងសិទ្ធិមនុស្ស រឿងសេរីភាព ទាមទារឲ្យមានការបោះឆ្នោតមួយត្រឹមត្រូវសេរីនិងយុត្តិធម៌ និយាយពីរឿងប្រជាធិបតេយ្យ ហើយបើគាត់ក្បត់ជាតិ ទៅបម្រើបរទេសមែន គាត់ចាំបាច់ទៅបង្កើតបក្សនយោបាយ ចាំបាច់បង្កើតអង្គការសង្គមស៊ីវិលរឿងសិទ្ធិមនុស្សអីដើម្បីឲ្យពលរដ្ឋយល់ពីសិទ្ធិ និងចូលរួមសកម្មភាពក្នុងសង្គមធ្វើអី ។ ហ្នឹងវាអត់ឡូស៊ិកក្នុងការចោទគាត់“ ។

លោកហ៊ីង សុខសាន្ត បានមានប្រសាសន៍បន្តថា “ហើយទៀតសោត យើងមើលសកម្មភាពជាក់ស្ដែងគាត់ធ្វើ យើងមើលលើសកម្មភាពជាក់ស្ដែងរបស់គាត់ គាត់អត់មានធ្វើអីមួយ ក្រៅពីអប់រំប្រជាពលរដ្ឋឲ្យយល់ពីសិទ្ធិ និងកាតព្វកិច្ចរបស់គាត់ក្នុងនាមជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ ហើយទៅបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌ ហើយបក្សនយោបាយទាំងអស់ គឺប្រកួតប្រជែងគ្នាលើកម្មវិធីនយោបាយ ហើយក្នុងនោះ គាត់អត់មានបំផ្លាញខ្មែរណាទេ គាត់មានតែពាក្យថា មិនយកខ្មែរណាជាសត្រូវ មិនគុំកួនសងសឹក ហើយបើគណបក្សនយោបាយដែលដឹកនាំដោយគាត់ឈ្នះ គឺខ្មែរជាអ្នកឈ្នះទាំងអស់គ្នា ហើយឈ្នះទាំងសម្រាប់ខ្មែរអ្នកចាញ់ ឈ្នះទាំងសម្រាប់ខ្មែរអ្នកឈ្នះនេះ គឺគាត់លើកឡើងដោយផ្ទាល់ខ្លួនឯង ហើយគាត់អត់ដែលយកខ្មែរណាជាសត្រូវទេ មិនគុំកួនសងសឹកទេ ហើយបើគាត់ឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា ហើយទាំងអ្នកចាញ់ ក៏ចាញ់ដោយអស់ចិត្ត ហើយអ្នកឈ្នះ ក៏ឈ្នះដោយថ្លៃថ្នូរ គឺសប្បាយទាំងអស់គ្នា មានសន្តិភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ។ នេះអ្វីដែលគាត់ចង់បាន ។ ដូច្នេះវាអត់មានហេតុផលណាមួយទៅចោទថាគាត់ក្បត់ជាតិ ហើយវាអត់មានសញ្ញាណាមួយបញ្ជាក់ថាសកម្មភាព បញ្ជាក់អីអត់សោះ គឺយើងមើលជាក់ស្ដែង ។ ជាពិសេសអ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរ គាត់យល់ច្បាស់ហើយ ថាគាត់អត់មានធ្វើទង្វើក្បត់ជាតិទេ ហើយរឹតតែច្បាស់ទៅទៀត គឺមើលសហគមន៍អន្តរជាតិហ្នឹងឯង ប្រទេសការទូតធំៗ គេមិនមែនចេះតែបង្ហាញជំហរគេគាំទ្រមនុស្សដែលឥតប្រយោជន៍ មនុស្សដែលធ្វើការបំផ្លាញជាតិឯណា វាអត់ទេ ។ ដូច្នេះវាគ្មានហេតុផលណាមួយ ដែលរដ្ឋាភិបាលកម្ពុជាហ្នឹង ពិសេសតុលាការហ្នឹង ចោទថា គាត់ក្បត់ជាតិហ្នឹង វាអត់ត្រូវសោះតែម្ដង ហើយចោទរបៀបនេះហាក់បីដូចជាប្រឆាំងទៅនឹងការមើលឃើញមតិជាតិនិងអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋខ្មែរ កន្លះនគរ ដែលគាំទ្រគាត់ អាហ្នឹងគឺសុំឲ្យពិចារណាឡើងវិញផង“ ។

ចំណែកលោកឈុន ស៊ីថុន សកម្មជនបក្សប្រឆាំង បានលើកឡើងថា លោក កឹម សុខា ជាអ្នកនយោបាយប្រជាធិបតេយ្យ ជាតិនិយម ប្រកបដោយគុណធម៌ គោរពបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដោយមិនក្បត់ជាតិ មិនវិវាទសាសនា មិនប្រមាថព្រះមហាក្សត្រ ជាពិសេសគឺគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបានប្តេជ្ញាបម្រើ ការពារ និងកសាងមាតុភូមិកម្ពុជា ដែលជាជម្រកសម្រាប់លោក កើត រស់ និងស្លាប់ ដោយមិនគាំទ្រឲ្យអ្នកណាមកប្រទូសរ៉ាយបំផ្លិចបំផ្លាញ ឬមកឈ្លានពានត្រួតត្រាជាដាច់ខាត ។

លោកឈុន ស៊ីថុន បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០២៤ «លោកកឹម សុខា ជាអ្នកនយោបាយប្រជាធិបតេយ្យ ជាតិនិយម ប្រកបដោយគុណធម៌» ស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ៖

– លោកកឹម សុខា គោរពបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដោយមិនក្បត់ជាតិ មិនវិវាទសាសនា មិនប្រមាថព្រះមហាក្សត្រ ជាពិសេស គឺគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

– លោកកឹម សុខា បានប្តេជ្ញាបម្រើ ការពារ និងកសាងមាតុភូមិកម្ពុជា ដែលជាជម្រកសម្រាប់លោក កើត រស់ និងស្លាប់ ដោយមិនគាំទ្រឲ្យអ្នកណាមកប្រទូស្តរ៉ាយផ្លិចបំផ្លាញ ឬមកឈ្លានពានត្រួតត្រាជាដាច់ខាត។

– លោកកឹម សុខា ចាត់ទុកថា ប្រជាពលរដ្ឋខ្មែរ គឺជាបងប្អូនរួមឈាមរបស់គាត់ ដែលត្រូវរួមរស់ជាមួយគ្នា មិនត្រូវកាប់សម្លាប់បង្ហូរឈាមគ្នា ដោយគាត់មិនយកខ្មែរជាសត្រូវ មិនធ្វើឲ្យខ្មែរឈឺចាប់ មិនរុញច្រានឲ្យអ្នកដើរតាមរងគ្រោះ មិនបង្កជម្លោះ និងមិនគុំកួនសងសឹក។

– លោកកឹម សុខា គឺជាមេដឹកនាំ ដែលមានព្រហ្មវិហារធម៌ (មេត្តា ករុណា មុទិតា និងឧបេក្ខា) ពោរពេញដោយស្មារតីមនុស្សធម៌ សប្បុរសធម៌ និងចែករំលែក សូម្បីតែស្ថិតក្នុងដំណាក់កាលដែលលោកមិនមានសេរីភាពពេញលេញ កន្លងមកក៏លោកតែងតែគោរពព្រះមហាក្សត្រ ប្រតិបត្តិព្រះពុទ្ធសាសនា ធ្វើបុណ្យ ធ្វើទាន តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ចូលរួមរំលែកទុក្ខ ដោយមិនប្រកាន់និន្នាការ និងចូលរួមចែករំលែកជាជំនួយសប្បុរសធម៌ ដល់កសិកររងគ្រោះដោយទឹកជំនន់ កម្មកររងគ្រោះដោយបាក់អាគារ សិស្សរងគ្រោះដោយលិចទូក និងក្នុងការសង្គ្រោះទប់ស្កាត់ជំងឺកូវីដ១៩ ជាដើម។

– លោកកឹម សុខា មិនមែនជាអ្នកនយោបាយហិង្សា មិនដែលបង្កគ្រោះថ្នាក់ដល់សង្គមជាតិ ហើយក៏មិនមែនជាអ្នកនយោបាយជ្រុលនិយមឡើយ។ លោកកឹម សុខា គឺជាមេដឹកនាំនយោបាយខ្មែរ ដែលមាន «គុណធម៌នយោបាយ ជាមេដឹកនាំ» ។

គួរបញ្ជាក់ថា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ក្នុងសវនាការនៅសាលាឧទ្ឋរណ៍ លើកទី១២ លើបណ្តឹងរបស់លោកកឹម សុខា ប្តឹងជំទាស់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសឲ្យលោកជាប់ពន្ធនាគារ ២៧ឆ្នាំ ពីបទក្បត់ជាតិ «សន្ទិដ្ឋភាពជាមួយបរទេស» នោះ លោកកឹម សុខា នៅតែបញ្ជាក់ពីភាពស្អាតស្អំរបស់លោកថា លោកមិនបានគប់គិតជាមួយបរទេសណា ដើម្បីប្រទូសរ៉ាយប្រទេសកម្ពុជា ដែលជាផ្ទះរបស់លោកនោះទេ ដោយលោកបានទាំងនិយាយថា «ទោះយកកាំភ្លើងភ្ជង់ក្បាលខ្ញុំ ក៏ខ្ញុំមិនក្បត់ជាតិខ្ញុំដែរ» ។ បន្ទាប់ពីសវនាការលើកទី១២ បានបញ្ចប់ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានបញ្ជាក់ថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នឹងធ្វើការសន្និដ្ឋានលើសំណុំរឿងបណ្តឹងឧទ្ធរណ៍នេះ៕ កុលបុត្រ

RELATED ARTICLES