Saturday, May 11, 2024
Homeសង្គម និងជីវិតច្រឡំឱបកូនក្រមុំ ប្រពន្ធសំពង៣អង្រែ

ច្រឡំឱបកូនក្រមុំ ប្រពន្ធសំពង៣អង្រែ

សុរា បើផឹកជោកជាំ រហូតដុះមេកាលណា ធ្វើឱ្យវង្វេងវង្វាន់ស្មារតី មើលសថាខ្មៅ មើលល្អថាអក្រក់ សូម្បីបងប្អូន ប្រពន្ធកូន ក៏មើលលែងស្គាល់ដែរ។ ជាក់ស្តែង បុរសប្រមឹកស្រាសម្នាក់នេះ ត្រូវបានប្រពន្ធឱ្យដឹងថា ប្តីរបស់នាងផឹកស្រាស្រវឹងអួទីនួរាល់ថ្ងៃ លុះមានថ្ងៃមួយចូលដល់ផ្ទះ ឃើញកូនក្រមុំយកអាវម្តាយពាក់ ក៏ស្ទុះទៅឱបពីក្រោយ ធ្វើឱ្យកូនក្រមុំភ័យ ស្រែកឱ្យម្តាយជួយ នាងក៏ទាញអង្រែបុកគ្រឿងសំពង៣អង្រែ ឡើងទ្រមខ្លួន…។

ព្រះវិហារ ៖ នាងបៀ សា អាយុ៣៦ឆ្នាំ រស់នៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងមានឪពុកឈ្មោះថោង បៀ អាយុ៦០ឆ្នាំ ម្តាយឈ្មោះផាន មុច អាយុ៦២ឆ្នាំ។ នៅពេលធំពេញវ័យ ឪពុកម្តាយបានរៀបចំទុកដាក់ឱ្យនាងរៀបការជាមួយប្តី ឈ្មោះសៃ សេត អាយុបងនាង២ឆ្នាំ ជាអ្នកស្រុកភូមិជាមួយគ្នា ដោយរួមរស់សាងគ្រួសារថ្មីបង្កើតបានកូន៦នាក់ (ស្រី៥ ប្រុស១) ជាចំណងនិស្ស័យ។ តាំងពីចាប់ដៃគ្នាមក ប្តីប្រពន្ធនាងរស់នៅមិនសូវមានសុភមង្គលប៉ុន្មានឡើយ តែងជួបរឿងរ៉ាវឈ្លោះប្រកែកគ្នាឥតស្វាង រហូតប្តីហ៊ានលើកដៃវាយតប់ ទាត់ធាក់រូបនាងជាប្រពន្ធទៀតផង។ កាលដើមឡើយ នាងទទួលរងនូវអំពើហិង្សារបស់ប្តីឈឺសាច់ស្ទើររាល់ថ្ងៃ លុះក្រោយមក ដោយសារមិនអាចទ្រាំឈឺសាច់តទៅទៀត នាងក៏វាយតបតជាមួយប្តីវិញ ដើម្បីការពារខ្លួន ម៉្យាងទៀតកុំឱ្យប្តីកាន់តែបានចិត្តពេក ព្រោះបើនាងមិនងើបតតាំងទេ ប្តីរករឿងឈ្លោះ ជេរបញ្ចោរប្រពន្ធកូនប៉ាតណាប៉ាតណា ផ្អើលអស់អ្នកជិតខាង រកដេកពួនមិនបានឡើយ។ មិនតែប៉ុណ្ណោះ ប្តីនេះបើបានជួបជុំបនភឿនអង្គុយព័ទ្ធវង់ជល់កែវហើយ ទាល់តែ៥ថ្ងៃ ទៅ១អាទិត្យ ទើបឈប់ផឹក មិនខ្វាយខ្វល់ពីការងារស្រែចម្ការទេ ទោះបីជាប្រពន្ធកូនអត់បាយក្រហាយទឹក ក៏ប្តីប្រមឹករូបនេះមិនឈឺក្បាល វិលមុខដែរ ដែលហេតុផលទាំងអស់នេះហើយ ធ្វើឱ្យប្តីប្រពន្ធនាងកើតមានជម្លោះ ឈានដល់ការប្រើអំពើហិង្សាវាយតប់គ្នា។

លោកសៃ សេត និងនាងបៀ សា

ស្ត្រីជាប្រពន្ធរូបនេះបញ្ជាក់ថា កាលពីកើតមានជម្លោះចុងក្រោយ រហូតនាងទាញអង្រែបុកគ្រឿងសំពងប្តីនោះ គឺនៅពេលប្តីត្រឡប់មកពីព័ទ្ធវង់ជល់កែវស្រវឹងធ្លាក់ភ្នែក មិនដឹងជាឡប់ខួរអ្វី មើលលែងស្គាល់ប្រពន្ធ លែងស្គាល់កូន ស្រាប់តែដើរទៅឱបកូនក្រមុំខ្លួនឯងពីក្រោយខ្នង ធ្វើឱ្យកូនភិតភ័យ នឹកស្មានឪពុកប្រព្រឹត្តអំពើផ្តេសផ្តាស ក៏ស្រែកឱ្យគេជួយ ឡើងភ្លាត់សំឡេង ធ្វើឱ្យនាងស្ទុះទៅជួយកូនស្រីភ្លាមៗ និងក្តៅចិត្តជាមួយប្តីប្រមឹករូបនេះផង ក៏ទាញអង្រែបុកគ្រឿងសំពងប្តី៣អង្រែ ទុកជាការព្រមាន ទម្រាំតែសួរនាំដឹងប្តីច្រឡំកូនស្រីក្រមុំថាប្រពន្ធ ប្តីត្រូវ៣អង្រែ ឡើងទ្រមខ្លួនបាត់ទៅហើយ។ តែយ៉ាងណា វាជាមេរៀនមួយសម្រាប់ប្តី មុននឹងធ្វើអ្វីមួយត្រូវមើលឱ្យបានច្បាស់ ពុំនោះទេ ច្បាស់ជាត្រូវឈឺសាច់ដូចពេលនោះទៀតជាមិនខាន។

លោកសៃ សេត ជាប្តី បានទទួលស្គាល់ថា កន្លងមក លោកពិតជាបានប្រើអំពើហិង្សិាលើប្រពន្ធមែន ដោយសារជាតិស្រាចូលខ្លួន ប៉ុន្តែ ទន្ទឹមគ្នានោះ ប្រពន្ធក៏បានវាយតបតវិញ បណ្តាលឱ្យលោករងរបួសដែរ សរុបទៅវាយមកវាយទៅស្មើគ្នា គ្មានអ្នកណារងគ្រោះឡើយ។ ចំពោះរឿងចាប់ឱបកូនក្រមុំនោះ លោកគ្មានចេតនាទៅបំពានលើរូបរាងកាយកូនស្រីទេ តែកាលនោះ ក្រោយពីលោកផឹកស្រាស្រវឹងធ្លាក់ភ្នែក ចូលដល់ផ្ទះ ស្រែកហៅប្រពន្ធកូន គ្មានអ្នកណាឆ្លើយតបជាមួយលោកសោះ។ លុះពេលលោកដើរចូលចង្ក្រានបាយ ឃើញកូនស្រីកំពុងអង្គុយដាំបាយ និងយកអាវម្តាយពាក់ (អាវប្រពន្ធ) ពេលលោកមើលពីក្រោយខ្នង មិនបានចាប់អារម្មណ៍ថាកូនក្រមុំ ដោយនឹកស្មានថាជាប្រពន្ធ ក៏ដើរលបៗទៅចាប់ឱបនាងពីក្រោយខ្នង ធ្វើឱ្យកូនស្រីស្រែកផ្អើលឆោឡោឱ្យគេជួយ និងរកតែលោកនិយាយបកស្រាយមិនទាន់ផង ស្រាប់តែប្រពន្ធទាញអង្រែបុកគ្រឿង សំពងក្បាលលោកយកមួយឈ្នះដៃបាត់។ នេះសំណាងហើយ ដែលលោករត់គេចខ្លួនផុត ម៉្លេះអី! ច្បាស់ជាប្រពន្ធសំពងប្តីដល់ស្លាប់ជាមិនខាន។

នាងសេត សិទ្ធី និងយុវតី សេត តុត

នាងសេត សិទ្ធី ជាកូនស្រីច្បង បានឱ្យដឹងថា នាងក៏ដឹងថា ឪពុកគ្មានបំណងអាក្រក់មកលើរូបនាងដែរ តែមកពីពេលនោះ នាងយកអាវម្តាយពាក់ ហើយពេលឪពុកស្រែកសួររកប្រពន្ធកូន ម្តាយមិនឆ្លើយតប ទើបធ្វើឱ្យឪពុកច្រឡំនាងថាម្តាយ ក៏មកចាប់ឱបនាងពីក្រោយខ្នងបែបនេះ។ ពេលនោះ ដោយសារនាងភិតភ័យខ្លាំងពេក ទើបស្រែកឱ្យម្តាយជួយឡើងភ្លាត់សំឡេងតែម្តងទៅ។ តែយ៉ាងណា ទម្រាំតែសួរនាំដឹងខុសត្រូវឪពុកច្រឡំនាងជាមួយម្តាយ ម្តាយនាងបានទាញអង្រែបុកគ្រឿងសំពង ឪពុក៣អង្រែ ឡើងទ្រមខ្លួនបាត់ទៅហើយ។

យុវតីសេត តុត អាយុ១៥ឆ្នាំ ជាកូនស្រីទី២ បានឱ្យដឹងថា បងប្អូនពួកនាងខ្មាសអៀនជាមួយអ្នកជិតខាង និងមិត្តភក្តិណាស់ ដែលឪពុកម្តាយឧស្សាហ៍ឈ្លោះប្រកែកគ្នាបែបនេះ។ ពួកគាត់ឈ្លោះប្រកែកជេរបញ្ចោរ និងវាយតប់គ្នាម្តងៗ បងប្អូនពួកនាងពិបាកចិត្តស្អិតទ្រូងណាស់ ពិសេសទៅទៀត កូនសុទ្ធជាស្រីធំពេញក្រមុំ បើឪពុកម្តាយនៅតែបន្តឈ្លោះប្រកែកគ្នាព្រឹកល្ងាចៗ រកទីបញ្ចប់គ្មានដូចនេះ តើអនាគតពួកនាងក្លាយទៅជាយ៉ាងណា? ឱ្យតែឪពុកម្តាយឈប់ឈ្លោះប្រកែកគ្នាតទៅទៀត ឱ្យពួកនាងធ្វើអ្វីក៏បានដែរ ប៉ុន្តែបំណងបងប្អូនពួកនាងប្រហែលជាមិនបានសម្រេចទេ ដរាបណាឪពុកនៅតែយកស្រាធ្វើជាត្រីមុខ ស្រលាញ់ដបស្រាជាងប្រពន្ធកូនដូចនេះទៀត។

គួរបញ្ជាក់ថា ជម្លោះប្តីប្រពន្ធដែលរស់នៅតាមស្រុកស្រែចម្ការ រហូតឈានដល់ការប្រើអំពើហិង្សា វាយតប់គ្នាបែកក្បាលហូរឈាម និងមានអ្នកខ្លះស្លាប់ អ្នកខ្លះជាប់គុកជាប់ច្រវាក់ ក៏ដោយសារប្រមឹកស្រាសនេះឯង។ ពេលវាផឹកចូលពោះពេលណា ផ្លាស់ប្តូរនិស្ស័យស្លូតត្រង់អស់ ទៅជាព្រហើនកោងកាច អាងកាប់អាងចាក់ សូម្បីតែឪពុកម្តាយ ឬប្រពន្ធកូនខ្លួនឯងបង្កើត ក៏មិនស្គាល់ដែរ។ ដូចនេះ បើចង់បានសុខភាពល្អ អាយុយឺនយូរ សុខដុមរមនាក្នុងគ្រួសារ គួរតែកាត់បន្ថយជាតិស្រវឹងឱ្យបានជាអតិបរមា…៕ អាន ប៊ុនរ័ត្ននៈ

RELATED ARTICLES