Wednesday, July 17, 2024
Homeកីឡាអន្ដរជាតិសម្តេចហ៊ុន សែន ជូនពរក្រុមបាល់ទាត់បារាំង ប្រកួតដណ្តើមពានរង្វាន់អឺរ៉ុប ទទួលជ័យជម្នះ

សម្តេចហ៊ុន សែន ជូនពរក្រុមបាល់ទាត់បារាំង ប្រកួតដណ្តើមពានរង្វាន់អឺរ៉ុប ទទួលជ័យជម្នះ

ភ្នំពេញ ៖ សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជូនពរឱ្យក្រុមបាល់ទាត់បារាំង ទទួលជ័យជម្នះ ក្នុងការប្រកួតដណ្តើមពានរង្វាន់អឺរ៉ុប ក្នុងវគ្គ ៨ក្រុមចុងក្រោយ នឹងឈានទៅដល់ការប្រកួតវគ្គបន្តបន្ទាប់ទៀត។

សម្តេចហ៊ុន សែន បានជូនពរបែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេច បានអនុញ្ញាតឱ្យលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនដល់លោកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង និងសហការី និងរីករាយដែលជួបនាឱកាសនេះ ដោយកន្លងមក សម្តេច និងលោកអគ្គរដ្ឋទូត បានជួបពិភាក្សាគ្នានៅវិមានសន្តិភាព នៅពេលដែលសម្តេច ជានាយករដ្ឋមន្រ្តី។ សម្ដេច ក៏បានអបអរសាទរដល់ក្រុមបាល់ទាត់បារាំង ដែលបានឈានចូលដល់វគ្គ ១៦ក្រុម។

លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណសម្តេចហ៊ុន សែន ដែលបានអនុញ្ញាតដល់លោកចូលជួបសម្តែងការគួរសម នាពេលនេះ។ លោកឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចប្រធាន អំពីកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាបារាំង តាំងពីពេលបង្កើតព្រឹទ្ធសភាកម្ពុជា ដំបូងនៅឆ្នាំ១៩៩៩។ នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី    កម្ពុជា-បារាំង គឺត្រូវបានពង្រឹងយ៉ាងជិតស្និទ្ធ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដូចជាដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុន សែន ទៅកាន់ប្រទេសបារាំង ចុងឆ្នាំ២០២២, ព្រះរាជ ដំណើររបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅទីក្រុងប៉ារីស នៅខែមករា ឆ្នាំ២០២៤។

លោកឯកអគ្គរដ្ឋទូត បានបន្តទៀតថា លោកមានកិត្តិយសដែលនឹងទទួលស្វាគមន៍លោកឧបនាយករដ្ឋមន្ត្រី ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ដែលត្រូវដឹកនាំគណៈប្រតិភូកីឡា ទៅប្រកួតកីឡារដូវក្តៅ នៅពេលខាងមុខនេះ។ ទន្ទឹមនឹងនេះ បារាំង ពិតជាសប្បាយរីករាយ និងសូមគាំទ្រពេញទំហឹង ចំពោះបេក្ខភាពប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦ ដែលនឹងមានបណ្តាប្រទេសជាង៩០ ចូលរួម។ ប្រទេសកម្ពុជា នឹងក្លាយទៅជាប្រទេសទី២ ក្នុងអាស៊ាន ដែលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះ បន្ទាប់ពីវៀតណាម នៅឆ្នាំ១៩៩៧ ដែលពេលនោះលោកក៏បានចូលរួមជួយវៀតណាម ក្នុងការរៀបចំផងដែរ។ លោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវសេចក្តីពេញចិត្តចំពោះការនិយមប្រើប្រាស់ភាសាបារាំង នៃថ្នាក់ដឹកនាំ និងប្រ ជាជនកម្ពុជា។ លោក ក៏បានជម្រាបសម្តេចប្រធាន ពីគោលបំណងស្នើសុំពង្រីកវិទ្យាល័យ ដេកាត (Descartes) នៅរាជធានីភ្នំពេញ ដោយសារចំនួនសិស្សដាក់ពាក្យសុំចូលរៀន កើនឡើងខ្ពស់ ដែលសាលាមិនអាចទទួលឱ្យចូលរៀនបាន។

លោកឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចហ៊ុន សែន ពីកំណើននៃទំហំសេដ្ឋកិច្ចកម្ពុជា-បារាំង ដែលក្នុងនោះការវិនិយោគរបស់ក្រុមហ៊ុនបារាំង នៅកម្ពុជា ក៏កាន់តែច្រើនឡើងជាលំដាប់។ លើសពីនេះ នៅសប្តាហ៍ក្រោយ ស្ថានទូតបារាំង សហការជាមួយភាគីកម្ពុជា នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង ដែលនឹងមានការចូលរួមពីអ្នកវិនិយោគបារាំង វិស័យឯកជន ចំនួន២៥០ រូប។ សម្តេចនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថា បើកកម្មវិធីវេទិកាធុរកិច្ចនេះ អមជាមួយការធ្វើបទអន្តរាគមន៍ពីរដ្ឋមន្រ្តី ចំនួន ៧រូប នៃរដ្ឋាភិបាលកម្ពុជា ដែលសុទ្ធតែចេះនិយាយភាសាបារាំង។

កាលពីសប្តាហ៍មុន លោកឯកអគ្គរដ្ឋទូត ក៏បានចូលរួមពិធីបឋមសិលា សាងសង់គម្រោងរោងចក្រប្រព្រឹត្តិកម្ម ទឹកស្អាត បាក់ខែង ដំណាក់កាលទី៣ ដែលមានក្រុមហ៊ុនបារាំង Vinci Constructions … ចូលរួម។ នេះគឺជាជោគជ័យដ៏ធំនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា ស្ថានទូតបារាំង និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។  ជំនួយដល់កម្ពុជា តាមរយៈទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ បានកើនឡើងពី ១០០លានអ៊ឺរ៉ូ ដល់ ២១៥លានអ៊ឺរ៉ូ សម្រាប់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងផលិតកម្មទឹកស្អាត។

លោកឯកអគ្គរដ្ឋទូត បានជម្រាបសម្តេច ពីបំណងបំពេញទស្សនកិច្ចនៅកម្ពុជា របស់លោក ហ្សឺរ៉ាដ៍ ឡាឆឺរ (Gerard LARCHER) ប្រធានព្រឹទ្ធសភាបារាំង នៅចុងឆ្នាំ២០២៤។

ជាមួយគ្នានេះដែរ លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបដំណឹងមរណទុក្ខរបស់លោករ៉ូឡង់ ឌុម៉ា (Roland Dumas) អតីតរដ្ឋមន្រ្តីការបរទេសបារាំង ក្នុងជន្មាយុ ១០១ឆ្នាំ ដែលធ្លាប់ជាសហប្រធានអង្គប្រជុំជាច្រើន ក្នុងដំណាក់កាលចរចាស្វែងរកសន្តិភាព រហូតដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីកម្ពុជា នៅឆ្នាំ១៩៩១។

ជាកិច្ចឆ្លើយតប សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងកម្ពុជា-បារាំង ដែលកាន់តែជិតស្និទ្ធនិងរីកចម្រើន។ សម្តេច បានចូលរួមអបអរសាទរថ្ងៃបុណ្យជាតិសាធារណរដ្ឋបារាំង ១៤ កក្កដា ខាងមុខនេះ និងបានរម្លឹកពីការសាងសង់ឡើងវិញនូវវិមានរំលឹកគុណយុទ្ធជនខ្មែរ-បារាំង ដែលពលីនៅក្នុងសង្គ្រាមលោកលើកទី១ ដែលត្រូវបានសម្តេច សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។

សម្តេចហ៊ុន សែន បានជូនពរប្រទេសបារាំង ទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិក រដូវក្តៅ និងការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី១៩ ក្នុងឆ្នាំ២០២៤ នេះ និងអរគុណដែលអញ្ជើញកីឡាករកម្ពុជា ទៅចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកនេះ តាមវិញ្ញាសាដែលបារាំង រៀបចំ។

សម្តេចហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ដំណាក់ កាលទី៣ ដែលនឹងធានាដល់ប្រជាជននៅរាជធានីភ្នំពេញ និងតំបន់តាខ្មៅ លែងមានការខ្វះខាតទឹកស្អាតប្រើប្រាស់។ សម្តេច ក៏សូមស្វាគមន៍ និងអបអរសាទរដល់ការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង នៅសប្តាហ៍ក្រោយ ដែលនឹងមានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងឥស្សរជនកំពូលៗរបស់កម្ពុជា ចូលរួម។

ឆ្លៀតក្នុងឱកាសនេះ សម្តេចហ៊ុន សែន ក៏បានរំលឹកពីការបង្កើតស្ថាប័នព្រឹទ្ធសភាកម្ពុជា នៅឆ្នាំ១៩៩៩ ដែលជាតម្រូវការចាំបាច់សម្រាប់ប្រទេសជាតិ និងជាការបន្តអនុវត្តប្រព័ន្ធសភាពីរថ្នាក់នេះពីសម័យមុន។ នៅក្នុងនីតិកា លទី៥ នៃព្រឹទ្ធសភា សម្តេច បានដាក់ចេញនូវអាទិភាព សំខាន់ចំនួនពីរ គឺការទូតសភា ដោយសារតែស្ថានភាពពិភពលោកវិវត្តលឿនរហ័ស ពិបាកប៉ាន់ស្មាន ដែលទាមទារឱ្យកម្ពុជា ត្រូវវិភាគវាយតម្លៃសភាព ការណ៍ឱ្យបានត្រឹមត្រូវ ចៀសវាងក្លាយជាប្រទេសគោលដៅក្នុងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ពីប្រទេសមហាអំ ណាច។ រីឯអាទិភាពទី២ គឺគណនេយ្យភាពរបស់ព្រឹទ្ធសភា នៅចំពោះមុខអង្គបោះឆ្នោត ដោយសមាជិកព្រឹទ្ធ សភាទាំងអស់ ត្រូវតែចុះជាប់ជាមួយនឹងអង្គបោះឆ្នោត។

សម្តេចហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សាធារណរដ្ឋបារាំង ដែលគាំទ្របេក្ខភាពកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅឆ្នាំ២០២៦។  សម្តេចប្រធាន បានផ្តល់យោបល់ដល់ស្ថានទូតបារាំង ពិភាក្សាជាមួយដៃគូ និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកការបង្រៀនភាសាបារាំង នៅកម្ពុជា ពីព្រោះថាតម្រូវការរៀនភាសាបារាំង នេះ នឹងមិនថមថយនោះទេ។

សម្តេចហ៊ុន សែន និងលោកឯកអគ្គរដ្ឋទូតបារាំង ក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម និងបានបញ្ជាក់សាជាថ្មី ពីការបន្តកិច្ចសហប្រតិបត្តិការការទ្វេភាគី ឱ្យកាន់តែរីកចម្រើនថែមទៀត ដែលមានវិស័យការទូត សភា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល វប្បធម៌ អប់រំ ឌីជីថល យោធា តាមរយៈកងទ័ពមួកខៀវ ហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ  ក្នុងការរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខសកល ដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និងការប្រយុទ្ធប្រឆាំងការប្រើប្រាស់ប្លាស្ទិក ជំងឺអេដស៍ … ។ល។

សម្តេចហ៊ុន សែន បានសម្តែងនូវសមានចិត្តសោកសៅនិងតក់ស្លុតជាទីបំផុត ចំពោះមរណភាពរបស់លោក Roland Dumas។ សម្ដេច បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុត ។ សម្ដេច បានចាត់ទុកលោក Roland Dumas ជាអ្នកមានគុណម្នាក់ចំពោះកម្ពុជា ដែលបានជួយក្នុងកិច្ចចរចានានាជាបន្តបន្ទាប់ និងក្នុងការរៀបចំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ សម្តេច បានរំលឹកនូវអនុស្សាវរីយ៍ និងទំនាក់ទំនងការងារជាច្រើន ដែលលោក Roland Dumas បានធ្វើ ដើម្បីសន្តិភាពនៅក្នុងប្រទេសកម្ពុជា។

ជាទីបញ្ចប់ សម្តេចហ៊ុន សែន បានជូនពរលោកឯកអគ្គរដ្ឋទូត ឱ្យឆាប់មានសុខភាពរឹងមាំ និងផ្តាំផ្ញើសួរសុខទុក្ខសហការី និងមន្រ្តីស្ថានទូតបារាំង ទាំងអស់។ សម្តេច ក៏បានជូនពរឱ្យក្រុមបាល់ទាត់បារាំង ទទួលជ័យជម្នះ ក្នុងការប្រកួតដណ្តើមពានរង្វាន់អឺរ៉ុប ក្នុងវគ្គ ៨ក្រុមចុងក្រោយនេះ នឹងឈានទៅដល់ការប្រកួតវគ្គជម្រុះបន្តបន្ទាប់ទៀត៕ ខៀវទុំ

RELATED ARTICLES