ភ្នំពេញ ៖ ទីតាំងលួចលាក់បើកល្បែងជល់មាន់អនឡាញ ១កន្លែង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋ បាលខណ្ឌ៧មករា ចុះបង្ក្រាបជាក់ស្តែង ដោយឈានដល់ការឃាត់ខ្លួនជនសង្ស័យ៨នាក់ (ស្រី១) ព្រមទាំងដកហូតទាំងវត្ថុតាង ដែលបម្រើឱ្យសកម្មភាពប្រព្រឹត្តល្បែងស៊ីសងមួយចំនួន។
ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ 31EOCD តាមបណ្តាយផ្លូវលេខ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយមានការបញ្ជាពីលោកថេង សុថុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា និងជាអភិបាលខណ្ឌ លោកណុប ផា អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងអាជ្ញាធរខណ្ឌ-សង្កាត់ និងមន្ត្រីពាក់ព័ន្ធ បានចុះបង្ក្រាបជាក់ស្តែងភ្លាមៗ ករណីលួចបើកល្បែងស៊ីសងជល់មាន់អនឡាញ ខុសច្បាប់១កន្លែង ដោយក្នុងប្រតិបត្តិការនោះ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ៨នាក់ (ស្រី១) ព្រមទាំងដកហូតទាំងវត្ថុតាង ដែលបម្រើឱ្យសកម្មភាពប្រព្រឹត្តល្បែងស៊ីសងមួយចំនួនទៀត។

លោកណុប ផា បានបញ្ជាក់ប្រាប់ថា ការបង្ក្រាបជាក់ស្តែងករណីលបលួចបើកល្បែងស៊ីសងជល់មាន់អនឡាញខុសច្បាប់ ១កន្លែងនេះ កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ (ស្រី១) និងដកហូតវត្ថុតាងពាក់ព័ន្ធ រួមមាន កុំព្យូទ័រឡែបថប ១គឿង តុ ចំនួន៣ កុំព្យូទ័រ ៦គ្រឿង ទូរទស្សន៍ ២គ្រឿង ម៉ាស៊ីនព្រីនធឺរ ១គ្រឿង កាមេរ៉ាសុវត្ថិភាព ១គ្រឿង និងកៅអីអង្គុយ ចំនួន៤។
ជនសង្ស័យទាំង៨នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការបន្តតាមនីតិវិធី។

ជាមួយនេះ លោកថេង សុថុល អភិបាលខណ្ឌ៧មករា បានជំរុញមន្ត្រីត្រូវបន្តយកចិត្តទុកដាក់ពង្រឹងបន្ថែមទៀត ក្នុងការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាក្មេងទំនើង និងការបង្ក្រាបគ្រឿងញៀន ដើម្បីរក្សាការពារឱ្យបានល្អ ទាំងសន្តិសុខ សណ្តាប់ធ្នាប់ របៀប រៀបរយសាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសំដៅដល់ការចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា៕

