Sunday, November 24, 2024
Homeតារាខ្មែរសួស វីហ្សា មន្ត្រីធំលែងហ៊ានថ្ពក់ស្នេហ៍

សួស វីហ្សា មន្ត្រីធំលែងហ៊ានថ្ពក់ស្នេហ៍

មុននេះបន្តិច តារាចម្រៀងសម្បូរប្រុសចោមស្នេហ៍កញ្ញាសួស វីហ្សា បានខកចិត្តជាខ្លាំង បន្ទាប់ពីរបូតប្រាក់លាន នៅក្នុងកម្មវិធីប្រឡង “I am a singer” របស់រស្មីហង្សមាស។ ពោលគឺមជ្ឈដ្ឋានជាច្រើន ដែលជឿជាក់ទៅលើទឹកដមសំឡេងរបស់នាងហើយ សង្ឃឹមថា នាងនឹងឈ្នះពានពីកម្មវិធីនេះ តែទីបំផុត ស្រាប់តែបានទៅលើលោកដួង វិរៈសិទ្ធិ វិញ ដែលធ្វើឱ្យវីហ្សា ក្រពុលមុខមិនតិចទេ។ ម៉្យាងកម្មវិធីនោះ ក៏ជាការវាស់ស្ទង់កម្រិតទឹកដមសំឡេងនៃតារាចម្រៀងនៅទ្រនំហង្សមាស ផងដែរ។

យ៉ាងណាក៏ដោយ សួស វីហ្សា នៅតែពង្រឹងជំហរលើវិថីចម្រៀងយ៉ាងរឹងមាំ គឺនាងប្រឹងប្រែងបញ្ចោញបទថ្មីៗជាបន្តបន្ទាប់ ជាមួយនឹងការបង្ហាញក្បាច់រាំយ៉ាងទាក់ទាញ ហើយទីផ្សារចម្រៀងរបស់នាង ក៏រីកទូលាយជាងមុន ខណៈតម្លៃខ្លួនក៏កាន់តែខ្ពស់ជាងមុនផងដែរ។

តាមប្រភពពីចង្កោមអ្នកសិល្បៈនិយាយថា ក្រោយពេលបែកធ្លាយរូបភាពបណ្តើរសង្សារក្មេងរូបសង្ហា ចូលផ្សារទំនើប TK ទួលគោក នាពេលកន្លងទៅ បុរសៗអ្នកមានមួយចំនួន រួមទាំងមន្ត្រីធំម្នាក់ផង លែងហ៊ានតាមក្រវែលថ្ពក់ស្នេហ៍សួស វីហ្សា ដូចមុនទៀតហើយ ខណៈដែលសម្ព័ន្ធស្នេហ៍រវាងនាងជាមួយប្រុសក្មេង ដែលជាកូនអ្នកមានកាន់តែផ្អែមល្ហែមរឹងមាំ។

 

សួស វីហ្សា ត្រូវបានគេដឹងថា ក្រោយពេលបរាជ័យមង្គលការជាមួយលោកមាស សាឡី នាងមានមន្តស្នេហ៍ទាក់ទាញមិនធម្មតាទេ ដែលមានបុរសអ្នកមានៗជាច្រើន តាមស្រលាញ់ និងចង់ចិញ្ចឹមជ្រោមជ្រែងនាងឱ្យរស់នៅក្នុងភាពហ៊ឺហាទៀតផង។ ប៉ុន្តែអតីតតារាចម្រៀងនៅផលិតកម្ម Rock រូបនេះ ហាក់មិនអើពើជាមួយបុរសៗសម្បូរទ្រព្យវ័យចំណាស់ និងជាប់ពាក់ព័ន្ធប្រពន្ធកូននោះទេ។ ផ្ទុយទៅវិញ ស្រាប់តែបែកធ្លាយរឿងនាងស្នេហ៍ជាមួយប្រុសក្មេង ធ្វើឱ្យបុរសៗដែលធ្លាប់តាមស្នេហ៍នាងកន្លងមក លែងហ៊ានថ្ពក់ស្នេហ៍នាងទៀតដែរ។

តាមប្រភពថា រឿងស្នេហ៍រវាងសួស វីហ្សា ជាមួយប្រុសក្មេងបានដឹងឮ ដល់ចាស់ទុំទាំងសងខាងអស់ទៅហើយ ដែលអាចឈានទៅដល់ចំណងអាពាហ៍ពិពាហ៍ទៀតផង។

តារាចម្រៀងរស្មីហង្សមាស កញ្ញាសួស វីហ្សា មិនអាចទាក់ទងសុំការបញ្ជាក់បានទេចំពោះដំណឹងនេះ ហើយយើងនឹងរង់ចាំការបកស្រាយ ពីនាងជានិច្ច។

គួរបញ្ជាក់ថា សួស វីហ្សា ធ្លាប់ចងសម្ព័ន្ធស្នេហ៍ជាមួយតារាចម្រៀង មិនសូវល្បីឈ្មោះ លោកមាស សាឡី ជាច្រើនឆ្នាំ តាំងពីមុនចូលច្រៀងនៅផលិតកម្ម Rock ម៉្លេះ រហូតឈានដល់ការភ្ជាប់ពាក្យត្រៀមរៀបការទៀតផង។ ប៉ុន្តែ ចំណងស្នេហ៍របស់នាងជាមួយលោកមាស សាឡី បានប្រែប្រួលនៅពេលនាងបានចូលទ្រនំហង្សមាស រហូតឈានដល់ការបែកបាក់។ ប៉ុន្តែយ៉ាងណាមកទល់ពេលនេះ លោកមាស សាឡី អតីតសង្សាររបស់កញ្ញាសួស វីហ្សា មានប្រពន្ធកូនរួចទៅហើយ ហើយក៏លែងអាល័យស្នេហ៍នាងទៀតដែរ ដែលលោកធ្លាប់ទម្លាយប្រាប់អ្នកកាសែតកន្លងមកថា លោកមានតែជូនពរអតីតគូដណ្តឹងតែប៉ុណ្ណោះ ខណៈដែលនាងកាន់តែឡើងកូដនៅលើវិថីចម្រៀង និងមានបុរសៗចោមរោមស្រលាញ់ច្រើន…៕

RELATED ARTICLES