ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យចំនួន ១៨នាក់ ជាសាធារណៈ ពាក់ព័ន្ធនឹងអំពើប្លន់ប្រដាប់អាវុធ កាច់ករម៉ូតូ ប្រដាប់អាវុធ និងករណីទម្លាក់យោង ឆបោកទ្រព្យសម្បត្តិប្រជាពលរដ្ឋ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយនគរបាលតាមបណ្តាខណ្ឌពាក់ ព័ន្ធ បានបើកប្រតិបត្តិការស្រាវជ្រាវឈានដល់ការបង្ក្រាបជនសង្ស័យបានជាបន្តបន្ទាប់១៨នាក់ ពាក់ព័ន្ធបទល្មើស ចំនួន៣ករណីផ្សេងគ្នា។
ប្រភពដដែល បន្តថា ករណីបទល្មើសធំជាងគេ ក្នុងចំណោម៣ករណីនេះ គឺក្រុមជនសង្ស័យមួយក្រុមបានធ្វើ សកម្មភាពប្លន់ប្រដាប់អាវុធ នៅភោជនីយដ្ឋានមួយកន្លែង យីហោ ខ្យល់ទន្លេ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីវេលាទៀបភ្លឺថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។
បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការបង្ហាញមុខជនសង្ស័យរួមវត្ថុតាងរួចរាល់ហើយ បានបញ្ជូនខ្លួនជន សង្ស័យទាំង១៨នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕