Sunday, November 24, 2024
Homeសេដ្ឋកិច្ចជាតិអាជ្ញាធរអគ្គិសនីកម្ពុជា បំភ្លឺតបអ្នករិះគន់ចំអក គ្រប់គ្រងពន្លឺព្រះអាទិត្យ

អាជ្ញាធរអគ្គិសនីកម្ពុជា បំភ្លឺតបអ្នករិះគន់ចំអក គ្រប់គ្រងពន្លឺព្រះអាទិត្យ

ភ្នំពេញ ៖ អាជ្ញាធរអគ្គិសនីកម្ពុជា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងសេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ឱ្យធ្វើស្វ័យប្រកាសអំពី “ការដំឡើងនិងការប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យ លើដំបូល” និងបន្ទាប់ពីមានអ្នករិះគន់ ចំអក រឿងគ្រប់គ្រងពន្លឺព្រះអាទិត្យ។

សេចក្តីបំភ្លឺព័ត៌មានរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ស្តីពីការបំភ្លឺពាក់ព័ន្ធនឹងសេចក្តីជូនដំណឹង របស់អាជ្ញាធរអគ្គិសនីកម្ពុជា ឱ្យធ្វើស្វ័យប្រកាសអំពី “ការដំឡើងនិងការប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យ លើដំបូល” មានខ្លឹមសារទាំងស្រុងថា «អាជ្ញាធរអគ្គិសនីកម្ពុជា មានកិត្តិយសសូមជម្រាបជូនឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា មេត្តាជ្រាបថា កាលពី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង លេខ ០៨៦ សណ.២៤.អអក ឱ្យធ្វើស្វ័យប្រកាសអំពី “ការដំឡើងនិងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ លើដំបូល”។ ដោយសង្កេតឃើញថា សាធារណជនមួយចំនួន បានសម្តែងនូវការព្រួយបារម្ភអំពីការគ្រប់គ្រងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា លើប្រព័ន្ធពន្លឺព្រះអាទិត្យ លើដំបូលនេះ ដូច្នេះអាជ្ញាធរអគ្គិសនីកម្ពុជា សូមធ្វើការបំភ្លឺជូនបន្ថែម ដូចខាងក្រោម ៖

១. ក្រសួងរ៉ែ និងថាមពល បានសហការជាមួយ UNDP រៀបចំគោលការណ៍គ្រប់គ្រងប្រព័ន្ធពន្លឺព្រះអាទិត្យ លើដំបូល ភ្ជាប់ជាមួយប្រព័ន្ធប្រើប្រាស់អគ្គិសនីដែលកំពុងទទួលការផ្គត់ផ្គង់ពីប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់ប្រព័ន្ធបណ្តាញជាតិ ដោយបានធ្វើការពិគ្រោះយោបល់ជាមួយអង្គទូត ដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាលនានា (NGO) ក្នុងនោះប្រព័ន្ធពន្លឺព្រះអាទិត្យ លើដំបូល ដែលភ្ជាប់ជាមួយប្រព័ន្ធបណ្តាញជាតិនេះ តម្រូវឱ្យមានការចុះបញ្ជីការគ្រប់គ្រងបញ្ហាបច្ចេកទេស បញ្ហាគុណភាព និងបញ្ហាសុវត្ថិភាព ឱ្យបានច្បាស់លាស់ ពីព្រោះថា ៖ ទី១.ប្រសិនបើគ្មានការចុះបញ្ជីការគ្រប់គ្រងនិងត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវ វាអាចនឹងបណ្តាលឱ្យមានករណីជ្រាបចរន្តអគ្គិសនីត្រឡប់មកខ្សែបណ្តាញផ្គត់ផ្គង់វិញ ពេលផ្តាច់ចរន្តអគ្គិសនីលើបណ្តាញ ដើម្បីធ្វើការជួស ជុលខ្សែបណ្តាញនានា ដែលនៅលើបង្គោលអគ្គិសនី រួមមានខ្សែ បណ្តាញរបស់អគ្គិសនីកម្ពុជាផ្ទាល់ ទូរគមនា គមន៍ Internet ទូរទស្សន៍ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកជួសជុលបណ្តាញ។ ទី២. ថាមពលពន្លឺព្រះអាទិត្យ នេះជាថាមពលដែលគ្មានលំនឹង ប្រែប្រួលឡើងចុះទៅតាមពន្លឺថ្ងៃ បើគ្មានការចុះបញ្ជី និងគ្រប់គ្រងច្បាស់លាស់ទេ ប្រព័ន្ធបណ្តាញជាតិ មិនអាចរៀបចំការវិនិយោគដាក់ឧបករណ៍បន្សាបលំញ័រឱ្យបានសមស្របនោះទេ វានឹងទាញឱ្យការផ្គត់ផ្គង់មានលំញ័រឡើងចុះ ប្រើប្រាស់មិនកើត ដែលពេលខ្លះទាញប្រព័ន្ធការពាររបស់បណ្តាញអគ្គិសនីឱ្យលោតផ្តាច់ការផ្គត់ផ្គង់ ប៉ះពាល់ដល់អ្នកប្រើប្រាស់អគ្គិសនីដទៃទៀតក៏មាន។ ទី៣. ថាមពលពន្លឺព្រះអាទិត្យ ជាថាមពលដែលមានថាមពលតែពេលមានពន្លឺព្រះអាទិត្យ បើគ្មានការចុះបញ្ជី និងគ្រប់គ្រងឱ្យដឹងច្បាស់លាស់ទេ ប្រព័ន្ធបណ្តាញជាតិ មិនអាចរៀបចំការផ្តុំប្រភពអគ្គិសនី និងការដំឡើងប្រព័ន្ធស្តុកថាមពលទុក ដើម្បីបំពេញកង្វះខាតប្រភពថាមពល ឱ្យអ្នកប្រើប្រាស់ ពេលគ្មានពន្លឺព្រះអាទិត្យ ឬពេលយប់ឡើយ។

២. ប្រព័ន្ធពន្លឺព្រះអាទិត្យ លើដំបូល ដែលត្រូវចុះបញ្ជី និងធ្វើការគ្រប់គ្រងខាងលើនេះ មិនសំដៅលើការដំឡើងបរិក្ខារប្រើថាមពលពន្លឺព្រះអាទិត្យ ដែលមិនភ្ជាប់នឹងខ្សែបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ ដូចជា អំពូល បំភ្លឺ ឬហ្វាប្រើពន្លឺព្រះអាទិត្យ ម៉ាស៊ីនបូមទឹកប្រើពន្លឺព្រះអាទិត្យ ឆ្នាំងចម្អិនប្រើពន្លឺព្រះអាទិត្យ ៘ និងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ តាមផ្ទះ ដែលដំឡើងប្រើដោយឡែក មិនពាក់ព័ន្ធជាមួយប្រព័ន្ធបណ្តាញជាតិឡើយ។

៣. ដើម្បីធ្វើការគ្រប់គ្រង ដំបូងបំផុតអាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវចុះបញ្ជីអ្នកកំពុងមានប្រព័ន្ធពន្លឺព្រះអាទិត្យ លើដំបូលខាងលើ គឺដូច្នេះហើយដែលជំហានដំបូងនេះ អាជ្ញាធរអគ្គិសនីកម្ពុជា ចេញសេចក្តីជូនដំណឹងឱ្យអ្នកប្រើប្រាស់ដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យ លើដំបូល ឱ្យធ្វើស្វ័យប្រកាសនៅទីកន្លែងដែលខ្លួនទទួលការផ្គត់ផ្គង់ ដើម្បីចុះបញ្ជី និងទទួលស្គាល់ថាអ្នកនោះបានទទួលការអនុញ្ញាតឱ្យដំឡើងនិងប្រើប្រាស់ ស្របតាមច្បាប់ហើយ។

៤. ការជូនដំណឹងនេះ មិនមែនជាការជូនដំណឹងជាលើកទី១ ទេ គឺជាការជូនដំណឹងរំលឹកជាលើកទី២ ពីព្រោះការជូនដំណឹងដំបូង បានធ្វើឡើងតាំងពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ មកម៉្លេះ  ដែលមកដល់ពេលនេះ មានអ្នកមកធ្វើស្វ័យប្រកាសបានចំនួន ៩៤ទីតាំងរួចហើយ រួចអាចនៅសល់ទីតាំងមួយចំនួនទៀត គឺដូច្នេះហើយ ទើបអាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើសេចក្តីជូនដំណឹងរំលឹកជាលើកទី២ នេះ។

៥. ការអនុញ្ញាតឱ្យអ្នកប្រើប្រាស់អគ្គិសនីក្នុងប្រព័ន្ធបណ្តាញជាតិ ដំឡើងនិងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ លើដំបូល នឹងកាត់បន្ថយលទ្ធភាពនៃការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យខ្នាតស្ថានីយ ដែលកំពុងមាន ប្រសិទ្ធភាពថ្លៃ និងកំពុងជួយបន្ថយថ្លៃលក់អគ្គិសនីឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ជារួម។ ក្នុងប្រព័ន្ធនៃការកំណត់ថ្លៃអគ្គិសនីនៅកម្ពុជា បច្ចុប្បន្ន នៅពេលដែលមានអ្នកប្រើប្រាស់ខ្លះមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ និងអ្នកខ្លះទៀតមិនមានដំឡើង មានការចាំបាច់ត្រូវរៀបចំយន្តការដើម្បីរក្សាតុល្យភាពរវាងភាគីទាំង២។ នៅពេលដែលអ្នកប្រើប្រាស់ណាមួយបានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ភ្ជាប់ទៅនឹងប្រព័ន្ធបណ្តាញជាតិ អ្នកប្រើប្រាស់នោះ នឹងប្រើថាមពលចេញពីពន្លឺព្រះអាទិត្យ នៅពេលដែលពន្លឺព្រះអាទិត្យមាន និងទាញយកមកបំពេញបន្ថែមតម្រូវការនូវសមតុល្យអគ្គិសនី ជំនួសពន្លឺ ព្រះអាទិត្យដែលថយចុះ និងពុំមានចេញពីប្រព័ន្ធបណ្តាញជាតិ។ ការធ្វើដូច្នេះ នឹងធ្វើឱ្យសមត្ថភាពផលិតអគ្គិសនីរបស់បណ្តាញជាតិ នៅទំនេរ ដែលនឹងបង្កើនថ្លៃនៃការផលិតអគ្គិសនីក្នុងប្រព័ន្ធបណ្តាលជាតិ ធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ដទៃទៀត។ ដូច្នេះបានជាមានការចាំបាច់ដើម្បីឱ្យអ្នកប្រើប្រាស់ដែលប្រើថាមពលចេញពីពន្លឺព្រះអាទិត្យនោះ បង់ថ្លៃប៉ះប៉ូវមួយ ដើម្បីរក្សាសមធម៌ឱ្យទៅអ្នកប្រើប្រាស់ដទៃទៀត។

៦. ចំពោះថ្លៃប៉ះប៉ូវដែលអាជ្ញាធរអគ្គិសនីកម្ពុជា គ្រោងនឹងអនុវត្តនៅពេលខាងមុខ គឺនឹងអនុវត្តចំពោះតែអ្នកប្រើប្រាស់ធំៗ ដូចជា រោងចក្រឧស្សាហកម្ម ពាណិជ្ជកម្ម សណ្ឋាគារ ឬអគារធំៗ ដែលចង់ដាក់ដំឡើងប្រព័ន្ធថាម ពលពន្លឺព្រះអាទិត្យធុនមធ្យមនិងធំប៉ុណ្ណោះ ប៉ុន្តែនឹងមិនមានយកថ្លៃប៉ះប៉ូវចំពោះប្រជាពលរដ្ឋទូទៅដែលដាក់ ដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ នៅលើដំបូលគេហដ្ឋាន ឬទីតាំងអាជីវកម្ម ដែលមានអានុភាពមិនលើសពី១០គីឡូវ៉ាត់ ឬដែលស្មើនឹងការដាក់ដំឡើងផ្ទាំងសូឡាធុនធំប្រហែល១៦ផ្ទាំង ឬធុនមធ្យម ប្រហែល២០ផ្ទាំង ដែលគ្របដណ្តប់លើដំបូលទីតាំងប្រហែលពី ១២០ ទៅ២០០ម៉ែត្រការ៉េឡើយ។ ការដាក់ប្រព័ន្ធនានាមិនភ្ជាប់ជាមួយបណ្តាញជាតិ និងការដាក់ប្រព័ន្ធតូចៗ តាមលំនៅឋាន ឬទីតាំងអាជីវកម្ម ទោះភ្ជាប់ជាមួយបណ្តាញជាតិ ដែលមានកម្រិតក្រោម ១០គីឡូវ៉ាត់ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុង ឬប៉ះប៉ូវនោះទេ។ ដូចនេះ ប្រជាពលរដ្ឋជាង ៩៥ភាគរយ ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅឋាន និងទីតាំងអាជីវកម្ម នឹងមិនរងការប៉ះពាល់ពីវិធានការរបស់អាជ្ញាធរអគ្គិសនីថ្មីខាងលើនោះឡើយ។

៧. ដូច្នេះសូមអំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនីដែលមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ទាំងអស់ អញ្ជើញទៅធ្វើស្វ័យប្រកាស នៅទីស្នាក់ការរបស់អគ្គិសនីកម្ពុជា ឬទីស្នាក់ការរបស់អ្នកផ្គត់ផ្គត់អគ្គិសនីឯកជន ដែលឋិតនៅក្នុងតំបន់ដែលខ្លួនកំពុងប្រើប្រាស់អគ្គិសនី ឬទីស្នាក់ការរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដោយផ្ទាល់ ដើម្បីចុះបញ្ជី និងទទួលបានការអនុញ្ញាតឱ្យដំឡើងនិងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ លើដំបូល ស្របតាមច្បាប់ ព្រោះការដំឡើងនេះ ប៉ះពាល់ដល់បណ្តាញជាតិ ដែលមានអ្នកដទៃកំពុងប្រើប្រាស់ដូចគ្នា។ ការដាក់ ពាក្យស្វ័យប្រកាស គឺជាការប្រមូលទិន្ន័យដើម្បីយកមកវិភាគស្ថិរភាពផ្គត់ផ្គង់ ចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចជាតិ…។

ជុំវិញករណីខាងលើនេះ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ លោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានបញ្ជាក់ឱ្យដឹង តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា “ការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ ដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ គឺសំដៅការពារការដាច់ភ្លើងតាមតំបន់ និងទូទាំងប្រទេស និងការពារមិនឱ្យឡើងថ្លៃភ្លើង ទៅអ្នកដទៃ ដែលមិនបានដាក់ប្រព័ន្ធព្រះអាទិត្យនោះ។ ការដាក់ប្រព័ន្ធនានាមិនភ្ជាប់ជាមួយបណ្តាញជាតិ និងការដាក់ប្រព័ន្ធតូចៗតាមលំនៅឋាន និងទីតាំងអាជីវកម្មដែលមានកម្រិត ក្រោម ១០គីឡូវ៉ាត់ ទោះភ្ជាប់ជាមួយបណ្តាញសាធារណៈក៏ដោយ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងនោះទេ។ ដូចនេះប្រជាពលរដ្ឋជាង ៩៥ភាគរយ ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅដ្ឋាន និងទីតាំងអាជីវកម្ម នឹងមិនរងការប៉ះពាល់ពីវិធានរបស់អាជ្ញាធរអគ្គិសនីថ្មីខាងលើនោះ ឡើយ។

គួររំលឹកថា កាលពីថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២0២៤ លោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ធ្លាប់បានបានធ្វើការពន្យល់ជុំវិញការតម្រូវឱ្យធ្វើស្វ័យប្រកាសអំពីការដំឡើងនិងការប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យ លើដំបូលនេះថា “បញ្ហាសំខាន់ចំពោះមុខ គឺបញ្ហាស្ថិរភាព នៅពេលដែលថាមពលកកើតឡើងវិញ ចូលកាន់តែច្រើន បណ្តាញជាតិយើង នឹងមានការលំបាក ព្រោះខ្យល់និងពន្លឺព្រះអាទិត្យ វាលោតចុះលោកឡើងតាម មានថ្ងៃមានខ្យល់ វាមិនដូចធ្យូងថ្ម ចេញមកថេរ ២៤ម៉ោងទេ វាមិនមែនដូចឧស្ម័នធម្មជាតិ ចេញមកថេរ ២៤ម៉ោងទេ ដូច្នេះបានជានៅក្នុងគោលនយោបាយនៃការដាក់ពង្រាយថាមពលលើដំបូលផ្ទះ យើងត្រូវមានការប្រយ័ត្នប្រយែង យើងត្រូវមានការគ្រប់គ្រង អាចឆ្ងល់ថា ចុះម៉េចក៏គេដាក់លើដំបូលរោងចក្រគេ ក៏ពិបាកម៉្លេះ? ក្រែងវាស្អាត? ថាស្អាតហើយ តែយើងចង់ការពារឆ្នាំងបាយជាតិ ឆ្នាំបាយជាតិ ដែលត្រូវការថាមពលមួយដែលមិនមែនដាច់រលត់ៗ រោងចក្រមួយ កំពុងតែផលិតដប ស្រាប់តែដាច់ប៉ិតទៅ វាខូចទៅយ៉ាងម៉េចទៅ? ដោយសារដាច់ភ្លើងបាត់ហើយ អ៊ីចឹងការ មានភ្លើងមិនដាច់ ២៤ម៉ោង គឺជាគន្លឹះអាទិភាពសម្រាប់សេដ្ឋកិច្ចយើង មួយចំណែកគឺត្រូវគ្រប់គ្រងលើថាមពលស្អាត ដែលត្រូវលោតចុះលោតឡើង។ ឥឡូវនៅចំពោះមុខ យើងនឹងត្រៀមដាក់ពង្រាយថាមពលសូឡា ដល់ទៅជាង ៥០០មេហ្គាវ៉ាត់ថែមទៀត លើអ្វីដែលមានបច្ចុប្បន្ន បើអ៊ីចឹង ៥០០មេហ្គាវ៉ាត់ អ្នកផែនការគេបានគុណចែកហើយថា ៥០០មេហ្គាវ៉ាត់ ដាក់សន្សឹមៗតាមផែនការហ្នឹង ប្រហែលជាមិនរលំបណ្តាញជាតិទេ ប៉ុន្តែប្រសិនបើយើងបើកសេរីហៀរកែង ឱ្យគ្រប់គ្នាស្រេចតែចិត្ត បញ្ហា២នឹងកើត បញ្ហាទី១-ចំណុះដែលដាក់ហ្នឹង លើសពីអ្វីដែលបណ្តាញជាតិទទួលយកបាន ដោយសារបណ្តាញជាតិ អត់មានស្អីបម្រុងទទួល ព្រោះវាបាត់តែប៉ុណ្ណឹងទៅ វារលត់បាត់ហើយ នេះជាបញ្ហាទី១ ។ បញ្ហាទី២-គឺបញ្ហាថ្លៃ យើងទៅធ្វើវារីអគ្គិសនី យើងទៅទិញពីគេពីឯងមក យើងទៅស៊ីញ៉េសូឡាជាមួយគេ យើងសុទ្ធតែមានកិច្ចព្រមព្រៀងដើម្បទិញពីគេ ព្រោះគេវិនិយោគ អ៊ីចឹងជួសឱ្យប្រជាជនកម្ពុជា ទូទាំងប្រទេស រាជរដ្ឋាភិបាល ឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា (EDC) ទៅស៊ីញ៉េកិច្ចព្រមព្រៀងទិញថាមពលពីអ្នកវិនិយោគ ឬពីក្រៅប្រទេស ដោយព្យាករណ៍លើតម្រូវការដែលមាន ដើម្បីធ្វើម៉េចកុំឱ្យខ្វះភ្លើង រួចចុះបើគ្នាទិញភ្លើងមកដល់ហើយ យើងថាដាក់សូឡាហ្នឹងទៅ ចាំអត់សូឡា ចាំខ្ញុំប្រើភ្លើង EDC អ៊ីចឹង EDC ត្រូវចេញខាតអាលុយហ្នឹងសងគេ ដូច្នេះហើយ បានជានៅក្នុងរូបមន្តនៃការចែង ប្រទេសគេក៏ធ្វើអ៊ីចឹងដែរ កាលណាយើងដាក់សូឡា យើងត្រូវចូលរួមចំណែកបង់ថ្លៃអានុភាព គឺជាថ្លៃភ្លើងបម្រុង ដែលយើងអាចស្រូបយកពេលណាក៏បាន នៅពេលដែលយើងអត់មានពន្លឺព្រះអាទិត្យខ្លួនឯង គឺយើងភ្ជាប់ជាមួយបណ្តាញជាតិ អ៊ីចឹងទំនាក់ទំនងនេះ វាត្រូវធ្វើការជាមួយគ្នា ហើយឧទាហរណ៍ថា បើសិនជាយើងដាក់សូឡា ហើយយើងមិនមានភ្ជាប់ជាមួយបណ្តាញជាតិទេ អាហ្នឹងរឿងផ្សេង បង្កើតចម្ការមួយ បង្កើតផ្ទះមួយទៅ ហើយដាក់សូឡាទៅ កុំភ្ជាប់បណ្តាញជាតិ កុំឱ្យយកបណ្តាញជាតិ ធ្វើជាកង់សាកួរ ប្រសិនបើធ្វើក្នុងស្ថានភាពហ្នឹង មិនបាត់បង់អីទាំងអស់ ដាក់អីដាក់ទៅ សេរីហៀរកែង អត់មានពីណាឃាត់ទេ»។

លោកកែវ រតនៈ បន្តថា «ប៉ុន្តែប្រសិនបើភ្ជាប់ជាមួយបណ្តាញជាតិ តាមរយៈសេវាករឯកជន ឬមួយ EDC គឺត្រូវគិតអំពីបញ្ហាស្ថិរភាព បញ្ហាសុវត្ថិភាពរបស់បណ្តាញជាតិ រាប់ទាំងបញ្ហាថ្លៃ ពីព្រោះប្រទេសទាំងមូល វិនិយោគ ទុកឱ្យខ្លួនឯង រោងចក្រមួយ មកស៊ីញ៉េជាមួយសេវាករ ខ្ញុំត្រូវការភ្លើង ១មេហ្គាវ៉ាត់ អ៊ីចឹងសេវាករ ត្រូវទៅធ្វើការវិនិយោគខ្សែ ដើម្បីភ្ជាប់ជាមួយប្រភពបណ្តាញជាតិ ដើម្បីត្រៀម ១មេហ្គាវ៉ាត់ហ្នឹង ២៤ម៉ោង ឱ្យរោងចក្រហ្នឹង ហើយស្រាប់តែរោងចក្រហ្នឹង ១ខែក្រោយមក ដាក់សូឡា ៥០ភាគរយ កន្លះមេហ្គាវ៉ាត់ រយៈពេល៥ម៉ោង ឬ៦ ម៉ោងហ្នឹង គាត់ប្រើភ្លើងគាត់ ដល់អត់ភ្លើង បានគាត់ឆក់ពីសេវាករហ្នឹង សេវាករខំវិនិយោគខ្សែ ខំអីទៅហ្នឹង ធ្វើម៉េចបានរំលស់ទុនទៅ? ហើយអ្នកដែលលក់ភ្លើងឱ្យបណ្តាញជាតិនេះ ត្រូវសាកួរ ១មេហ្គាវ៉ាត់ឱ្យនេះ មិនដឹងថាថ្ងៃណាលោកប្រើអស់ប៉ុន្មានទេ ដូច្នេះទិញភ្លើងគេម៉េចអីម៉េច? ពិបាកស្មុគស្មាញ ដែលជាចំណាយរួមរបស់ជាតិខ្មែរទាំងមូល ដូច្នេះហើយបានជាមានការបង្កើតគោលនយោបាយសូឡារូបត្ថម្ភនេះ។ អ៊ីចឹងសូមឱ្យយល់អំពីគោលដៅហ្នឹង គោលដៅដើម្បីការពារប្រយោជន៍របស់ប្រជាជនយើងទាំងមូលទេ ប្រសិនបើរាជរដ្ឋាភិបាល ប្រសិនបើ EDC ឬអាជ្ញាធរ មិនធ្វើការហ្មត់ចត់លើបញ្ហាសូឡាលើដំបូលផ្ទះនេះ ស្ថានភាពមួយនឹងកើតឡើង គឺបណ្តាញជាតិ នឹងញាក់ញ័រ ដាច់រលត់ៗហ្នឹងមួយទៅ ដាក់អត់របៀបច្រើនពេក អត់មានគ្រប់គ្រងបាន។ ទី២អ្នកដែលដាក់សូឡា បានថ្លៃថោក អ្នកដែលមិនដាក់សូឡា ក្លាយទៅជាកង់សាកួររបស់អ្នកដាក់សូឡា ធ្វើឱ្យអ្នកដែលក្លាយខ្លួនជាកង់សាកួរនេះ ឡើងថ្លៃ យកភ្លើងមក ១ពាន់មេហ្គាវ៉ាត់ ស្រាប់តែកន្លះឆ្នាំក្រោយមក គេដាក់សូឡាអស់ ៥០០មេហ្គាវ៉ាត់ អ៊ីចឹងអាភ្លើងដែលស៊ីញ៉េទិញគេ ១ពាន់មេហ្គាវ៉ាត់នេះ ត្រូវដំឡើងថ្លៃទៅអ្នកមិនបានដាក់សូឡា ឱ្យគ្រប់ ដើម្បីឱ្យថ្លៃ ១ពាន់មេហ្គាវ៉ាត់ហ្នឹងរួចខ្លួន ឃើញទេ ឃើញបញ្ហាទេ? អ៊ីចឹងបើដាក់មិនស្រួល អ្នកដែលដាក់សូឡាហ្នឹង ចំណេញខ្លួនឯង នៅពេលដែលប្រជាជនដទៃទៀតដែលមិនបានដាក់សូឡា លើដំបូលផ្ទះហ្នឹង នឹងត្រូវឡើងថ្លៃភ្លើង យើងអត់ចង់ឃើញសភាពការណ៍អ៊ីចឹងកើតឡើងទេ ចង់ឱ្យអ្នកដាក់សូឡា អាចដាក់បាន ក្នុងកម្រិតដែលគ្រប់គ្រងបាន ប៉ុន្តែមិនឱ្យដាក់ដល់កម្រិតមួយ ដែលធ្វើឱ្យអ្នកមិនបានដាក់ភ្លើងសូឡានេះ ឡើងថ្លៃទេ នេះជាគោលដៅ មិនមែនជាការកេងចំណេញអីទេ…”៕ ដារិទ្ធ

RELATED ARTICLES