ភ្នំពេញ៖សារ៉ាយ សក្ខណា បានពពោះកូនទី៣ ជាង៤ខែមកហើយ តែនាងនៅបន្ដការងារសិល្បៈជាហូហែរ និងអាចឈានចូលដល់ជាង៦ខែទើបសម្រាកពីអាជីពចាស់ ។ការយកកូនថែមរបស់សក្ខណា នេះជាបំណងដ៍ធំមួយរបស់នាងដែលបានសម្រេចនៅឆ្នាំរោង ប៉ុន្ដែមិនបានដូចចិត្តទាំងស្រុងនោះទេ ព្រោះនាងចង់បានកូនភ្លោះ ដើម្បីកុំឲ្យពិបាកបង្កើតច្រើនដង តែឥឡូវបានម្ដងតែមួយសិនប៉ុណ្ណោះ ។សក្ខណា ធ្លាប់និយាយប្រាប់អ្នកយកព័តមានយើងថានាងមានកូន២នាក់(ស្រី១) ហើយអីចឹងបើអត់បានកូនទៀតគឺអត់បញ្ហាទេ ប៉ុន្ដែបើជ្រុលជាមានហើយ ចិត្តនាងចង់បានម្ដងពីរ(កូនភ្លោះ) ។ឥឡូវសក្ខណា បានកូនថែមទៀតមែន តែមិនបាន២នោះទេ គឺបានតែ១ ប៉ុណ្ណោះ ដែលតាមគម្រោងនាងត្រូវសម្រាលចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ ខាងមុខ ហើយពេលនោះនាងនឹងបានកូនសរុបទាំងអស់ចំនួន៣នាក់។តែសម្រាប់កូនទី៣ នេះសក្ខណា មិនទាន់ប្រាប់ថាជាកូនប្រុសឬស្រីឡើយ ។
គួរបញ្ជាក់ថាសារ៉ាយ សក្ខណា បានចេញទៅរស់នៅតាមប្ដីនាងជាអាណិកជនខ្មែរអាមេរិកលោកមេធាវីប៊ុន កែវមេត្រី រយៈពេលជាង១០ឆ្នាំមកហើយ តែនាងបានចុះឡើងមកខ្មែរជាញឹកញាប់ ព្រោះមានហាងកែសម្ផស្សដ៍ធំមួយនៅខណ្ឌទួលគោក។ការមកលើកនេះសក្ខណា នៅខ្មែរបានយូជាងសព្វដង ព្រោះជាង១ឆ្នាំហើយនាងមិនទាន់វិលទៅវិញ ហើយស្រាប់តែស្ងាត់ៗបានកាដូធំគឺកូនទី៣ តែម្ដង។ប៉ុន្ដែតាមព័តមានថាសក្ខណា នឹងហោះទៅសម្រាលកូននៅអាមេរិកនាពេលខាងមុខនេះ ដើម្បីឲ្យកូននាងកើតមកភ្លាមបានសញ្ជាតិអាមេរិកភ្លែត ដូចកូនមុនៗ បើទោះជាកូនទី១ និងកូនទី២ កំពុងរស់នៅខ្មែរនិងរៀនភាសារខ្មែរក្ដី ។
សូមរំលឹកថាសារ៉ាយ សក្ខណា បានរៀបការកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ដោយមានកូនស្រីឈ្មោះMataysia អាយុជាង៨ឆ្នាំ និងកូនប្រុសឈ្មោះព្រីនស្ទីន អាយុជា៣ឆ្នាំ តែនាងនៅតែអាចបន្ដអាជីពសិល្បៈដូចកាលនៅក្រមុំដដែល អំឡុងពេលដែលចុះមកខ្មែរ តាមរយៈការថតភាពយន្ដ ខារ៉ាអូខេ និងស្ពតជាដើម ព្រោះស្វាមីនាងបើកចិត្តយ៉ាងទូលាយសម្រាប់រូបនាងក្នុងការលេងសិល្បៈ។សក្ខណា ទោះជាមានប្ដីនិងកូន៣មែន តែមុនមានផ្ទៃពោះនាងរក្សារបានរាងស្វែល មិនឡើងគីឡូជ្រុល និងអត់សូវបែកសាច់ទេ ទើបធ្វើឲ្យនាងនៅតែមានទីផ្សារសិល្បៈ ។តែក្រោយសម្រាលកូនទី៣ គេជឿរថាសក្ខណា អាចនឹងដកខ្លួនពីសិល្បៈស្ទើតែទាំងស្រុង ព្រោះបើនាងវិលវិញគឺអាចអ្នកដឹកនាំរឿងតម្រូវឲ្យនាងលេងជាតួម្ដាយដូចឌុច សុភា ជាមិនខាន ។យ៉ាងណាការមានកូន៣នាក់ នឹងធ្វើឲ្យសក្ខណា មានសុភមង្គលរឹតតែខ្លាំងជាមិនខាន ហើយពេលនេះនាងមានមុខជំនួញផ្ទាល់ខ្លួន ហេតុនេះទោះជានាងលែងថត ហើយមកបើកផលិតកម្ម ធ្វើថៅកែខ្លួនឯងក៍អាចទៅរួចដែរ ។
ក្រៅពីសារ៉ាយ សក្ខណា តារាដែលយកស្វាមីជាអាណិកជនខ្មែរនៅអាមេរិកមានដូចជាអ្នកនាងអម្ពរ ទេវី ,គឹម លក្ខិណា ,វ៉េត រតនា ,សុគន្ធ និសា និងខៀវ សុខារ៉ាវី ជាដើម ហើយក្នុងចំណោមតារាខាងលើពេលនេះមានតែសក្ខណា និងសុគន្ធ និសា ប៉ុណ្ណោះដែលនាំប្ដីមករស់នៅខ្មែរ ហើយខ្លួនបន្ដអាជីពចាស់ ។សក្ខណា ធ្លាប់ប្រាប់ថាមូលហេតុដែលនាងនាំកូនៗមករស់នៅខ្មែរ ព្រោះតែចង់ឲ្យពួកគេរៀនភាសារខ្មែរឲ្យស្ទាត់សិន ព្រោះបើនៅបរទេសតែកូនអត់ចេះខ្មែរនោះនាងនឹងពិបាកឲ្យកូនស្គាល់ពីអ្វីជាខ្មែរ ។ប៉ុន្ដែទាក់ទងមុខជំនួញផ្នែកCosmetic នោះនាងថាគ្មានគម្រោងពង្រីកសាខានោះទេ គឺប្រឹងតែរក្សារសាខាទី១ឲ្យនៅដំណើរការល្អតែប៉ុណ្ណោះ ។សក្ខណា ក៍ចង់បណ្ដុះកូនស្រីច្បងរបស់នាងឲ្យលេងសិល្បៈបន្ដវេនពីរូបនាងដែរ តែនាងថាមិនបង្ខំកូនទេ ពោលគឺឲ្យគេធ្វើអ្វីទៅតាមឆន្ទៈរបស់គេ ហើយនាងជម្រុញពីក្រោយ ។
គេចាំមើលថាក្រោយបានកូនទី៣ សារ៉ាយ សក្ខណា នៅតែប៉ងតាមយកកូនភ្លោះម្ដងទៀត ឬយ៉ាងណា ខណៈដែលអ្នកនាងគង់ សុជាតិ ,នៅ សុនិតា និងលី ម៉ារីណា ជាដើមពួកគេសុទ្ធតែចង់បានកូនភ្លោះដែរ តែពេលនេះគ្មានអ្នកណា១បានសម្រេចបង្កើតកូនម្ដងបាន២ ដូចប្រពន្ធលោកនី រតនា អ្នកនាងហេង សុវណ្ណភក្ដិណា ដែលសម្រាលកូនភ្លោះកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នោះឡើយ ៕