Sunday, September 8, 2024
Homeនយោបាយ សម្ដេចហ៊ុន សែន ជួបលោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីន

 សម្ដេចហ៊ុន សែន ជួបលោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយ៉ូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចប្រធានព្រឹទ្ធសភា បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅ ជូនដល់លោកស្រីអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេច មានជំនឿថា លោកស្រីអគ្គរដ្ឋទូត នឹងខិតខំបន្តបេសកកម្មពង្រឹងចំ ណងមិត្តភាពកម្ពុជា-ហ្វីលីពីន និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរថែមទៀត និងជាពិសេស កិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌគ្រួសារអាស៊ាន ដើម្បីចូលរួមថែរក្សាសន្តិភាព និងដោះ ស្រាយបញ្ហាប្រឈមនៅក្នុងតំបន់អាស៊ាន។

នៅក្នុងជំនួបនេះ លោកស្រីអគ្គរដ្ឋទូតហ្វីលីពីន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសម្តេចហ៊ុន សែន និងចាត់ទុកថា នេះជាកិត្តិយសដ៏ធំធេង ដែលសម្តេច បានអនុញ្ញាតឱ្យលោកស្រី បានគោរពជួបសម្តែងការគួរសម ក្រោយពីលោកស្រី បានថ្វាយសារតាំងចំពោះព្រះករុណា ព្រះមហាក្សត្រ រួចមក។ លោកស្រី ក៏បានពាំនាំនូវសេចក្តីអំណរគុណរបស់លោកប្រធានព្រឹទ្ធសភាហ្វីលីពីន ឆ្លើយតបនឹងលិខិតអបអរសាទរយ៉ាងកក់ក្តៅរបស់សម្តេច ក្នុងឱកាសដែលលោក ទើបបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា។

លោកស្រីអគ្គរដ្ឋទូត បានសម្តែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-ហ្វីលីពីន ដែលកាន់តែរីកចម្រើននិងរឹងមាំ នាពេលកន្លងមក តាមរយៈជំនួបជាបន្តបន្ទាប់នៃថ្នាក់ដឹកនាំប្រទេសទាំងពីរ គឺជំនួបរវាងសម្តេចហ៊ុន សែន និងប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស ក្នុងឆ្នាំ២០២២, ជំនួបរវាងសម្តេចហ៊ុន ម៉ាណែត និងលោកប្រធានាធិបតី ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា និងចុងក្រោយបំផុត ថ្មីៗនេះ ក្នុងឆ្នាំ២០២៤ គឺជំនួបរវាងសម្តេចហ៊ុន ម៉ាណែត និងលោកប្រធានាធិបតី នៅទីក្រុងមែលប៊ន។

លោកស្រីអគ្គរដ្ឋទូត បានបន្តទៀតថា កម្ពុជា និងហ្វីលីពីន បានរៀបចំកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការទ្វេភាគី ចំនួន ៤ដងរួចមកហើយ ក្នុងរយៈពេល ១៤ឆ្នាំចុងក្រោយ។ ក្នុងឆ្នាំនេះ ហ្វីលីពីន នឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការនេះ នៅទីក្រុងម៉ានីល ដើម្បីពិនិត្យនិងកំណត់ឡើងវិញនូវផែនការសកម្មភាព និងវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការ។

លោកស្រីអគ្គរដ្ឋទូត បានជម្រាបសម្តេចហ៊ុន សែន ក្នុងអាណត្តិបេសកកម្មការទូតនៅប្រទេសកម្ពុជា លោកស្រី នឹងខិតខំពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និងទំនាក់ទំនងយោធា។ នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ បច្ចុប្បន្នគឺមានក្រុមហ៊ុនហ្វីលីពីន កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា លើផ្នែកសុខាភិបាល អប់រំ និងឧស្សាហកម្មកែច្នៃម្ហូបអាហារ។ លើសពីនេះទៅទៀត អ្នកវិនិយោគហ្វីលីពីន កំពុងសម្លឹងមើលឱកាសនិងដៃគូធុរកិច្ច ដើម្បីវិនិយោគបន្ថែមលើវិស័យសំណង់ អាហារនិងភេសជ្ជៈ ឧស្សា ហកម្មកែច្នៃអាហារ និងផលិតអាហារ ហាងលក់រាយ និងវិស័យអប់រំ ជាដើម។

លោកស្រី បានជម្រាបសម្តេចហ៊ុន សែន ថាហ្វីលីពីន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមសហការជាមួយកម្ពុជា ដើម្បីបង្កើតគណៈកម្មការរួមកម្រិតខ្ពស់ ប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមប្រព័ន្ធអ៊ីនធើរណេត ការឆ បោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស ដែលជាកង្វល់រួមនៃប្រទេសយើងទាំងពីរ។ លោកស្រី ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកតែងបានគាំទ្រ និងការពារប្រជាជនហ្វីលីពីន ដែលមកធ្វើការនិងរស់នៅក្នុងប្រទេសកម្ពុជា ដោយគ្មានការរើសអើង។ លោកស្រី បានសំណូមពរសម្តេច មេត្តាបន្តជួយគាំទ្រ និងផ្តល់ការយកចិត្តទុកដាក់ដល់សហគមន៍ប្រជាជនហ្វីលីពីន ដែលកំពុងធ្វើការនិងរស់នៅជាច្រើនឆ្នាំមកហើយ នៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនជាគ្រូបង្រៀនភាសាអង់គ្លេស បុគ្គលិកក្រុមហ៊ុន និងបុគ្គលិកសាសនា។

ជាការឆ្លើយតប សម្តេចហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលកម្ពុជា និងហ្វីលីពីន សម្រេចបានដោយផ្អែកលើជំនឿទុកចិត្តគ្នាទៅវិញទៅមក តាំងពីអតីតកាលមក។ សម្តេច មានមោទ នភាពដែលបានរួមចំណែកធ្វើឱ្យទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ កាន់តែរីកចម្រើននិងរឹងមាំ ដោយសម្តេច បានធ្វើការផ្ទាល់ និងជិតស្និទ្ធជាមួយប្រធានាធិបតីហ្វីលីពីន និងរដ្ឋមន្រ្តីការបរទេសហ្វីលីពីន ដែលភាគច្រើនជាមិត្តរបស់សម្តេច ចាប់តាំងពីដំណាក់កាលស្វែងរកដំណោះស្រាយបញ្ហានយោបាយចំពោះប្រទេសកម្ពុជា ជាពិសេស ចាប់ពីកិច្ចប្រជុំ JIM-1,  JIM-2 (Jakarta Informal Meetings) មក។

សម្តេចប្រធានព្រឹទ្ធសភា មានប្រសាសន៍បន្តថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អាណត្តិទី៧នេះ។ សម្ដេច បានចាត់ទុកថា ទោះបីជាមានការផ្លាស់ប្ដូរប្រមុខដឹកនាំរាជដ្ឋាភិបាលនៅកម្ពុជា ដោយសម្ដេច បានចាកចេញពីនាយក រដ្ឋមន្ត្រី ទៅជាប្រធានព្រឹទ្ធសភា ក៏ដោយ ក៏កម្ពុជា ពុំមានការផ្លាស់ប្ដូរក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ជាពិសេសក្នុងទំនាក់ទំនងជាមួយនឹងហ្វីលីពីន នោះទេ។

សម្ដេច បានធ្វើការកត់សម្គាល់ថា យើងមានសក្តានុពលច្រើនដែលត្រូវពិនិត្យរួមគ្នាប្រើប្រាស់ដើម្បីផលប្រយោជន៍និងការរីកចម្រើននៃប្រទេសទាំងពីរ។ សម្តេច បានបង្ហាញនូវសេចក្តីរីករាយចំពោះពាណិជ្ជកម្មទ្វេភាគី ដែលកន្លងមក ហ្វីលីពីន បាននាំចូលអង្ករកម្ពុជា។ សម្តេច  បានស្វាគមន៍រាល់ការវិនិយោគរបស់ក្រុមហ៊ុនហ្វីលីពីន នៅកម្ពុជា។ សម្ដេច បានផ្ដល់អនុសាសន៍ថា ហ្វីលីពីន គួរតែពិនិត្យនិងច្បាមយកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យផលិតស្រូវអង្ករ ដោយវិនិយោគិនពីហ្វីលីពីន អាចមកបណ្ដាក់ទុន 100% នៅកម្ពុជា រៀបចំជាយន្តការប្រមូលទិញស្រូវ ម៉ាស៊ីនកិនស្រូវ វេចខ្ចប់ ស្តុក ហើយនិងនាំចេញអង្ករ ទៅកាន់ប្រទេសហ្វីលីពីន ក៏ដូចជានៅទៅកាន់បណ្ដាប្រទេសផ្សេងទៀត។

សម្តេចហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជា និងហ្វីលីពីន ត្រូវតែទាញយកសក្តានុពលសេដ្ឋកិច្ចពីកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ខណៈពិភពលោក កំពុងជួបប្រទះវិបត្តិស្មុគស្មាញ និងគ្រោះថ្នាក់។  សម្ដេច បានសង្កេតឃើញថា ក្នុងពេលដែលជំងឺកូវីដ-១៩ បានរាតត្បាត ទំនាក់ទំនងពាណិជ្ជកម្មរវាងបណ្ដាប្រទេសអាស៊ាន ក្នុងក្របខ័ណ្ឌ AFTA មានការរីកចម្រើនខ្លាំងក្លា ជាពិសេស នៅក្នុងវិស័យសន្តិសុខស្បៀងនិងថាមពល។

ជាមួយគ្នានេះដែរ សម្តេច ក៏បានស្នើលោកស្រីអគ្គរដ្ឋទូត ខិតខំឱ្យមានជើងហោះហើរផ្ទាល់ពីហ្វីលីពីន មកប្រទេសកម្ពុជា ឱ្យកាន់តែច្រើន ដែលជាកត្តាសំខាន់រួមចំណែកដល់ការតភ្ជាប់ប្រជាជននិងប្រជាជន ជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ និងជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកវិនិយោគ ក៏ដូចជាអ្នកការទូតហ្វីលីពីន ផងដែរ។

សម្តេចហ៊ុន សែន និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរយោបល់បីបញ្ហាអន្តរជាតិ និងជាពិសេសបញ្ហាជម្លោះនៅក្នុងតំបន់អាស៊ាន ដែលមានវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដែលកាន់តែធ្ងន់ធ្ងរនិងអូសបន្លាយ ក៏ដូចជាបញ្ហាសមុទ្រចិនខាងត្បូង។ ចំពោះបញ្ហាសមុទ្រចិនខាងត្បូង សម្ដេច បានស្វាគមន៍ការសន្ទនាដែលហ្វីលីពីន កំពុងធ្វើការសន្ទនាជាមួយនឹងចិន ក៏ដូចបណ្ដាប្រទេសពាក់ព័ន្ធ មានវៀតណាម ។ល។ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដ៏ជាក់លាក់មួយ  នៅក្នុងការសម្រួលសភាពការណ៍នៅក្នុងតំបន់សមុទ្រចិនខាងត្បូងនេះ។ សម្ដេច ក៏បានសង្កត់ធ្ងន់ថា ដើម្បីឈានទៅរកដំណោះស្រាយជាស្ថាពរ ត្រូវ ៖ ចំណចទី១- គឺភាគីទាំងអស់នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ត្រូវគោរពនិងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ  DOC  ដែលបានចុះហត្ថលេខានៅរាជធានីភ្នំពេញកាលពីក្នុងឆ្នាំ២០០២, ចំណុចទី២- ស្នើសុំឱ្យភាគីពាក់ព័ន្ធនៅសមុទ្រចិនខាង ត្បូង ធ្វើការសម្របសម្រួលគ្នា ដើម្បីចៀសវាងជម្លោះណាមួយ ហើយពិភាក្សាប្រកបដោយន័យស្ថាបនា ចៀស វាងមានភាពតានតឹងក្នុងតំបន, ចំណុចទី៣- គឺជំរុញតួនាទីរបស់អាស៊ាន និងបណ្ដាប្រទេសពាក់ព័ន្ធ ធ្វើការចរចាដើម្បីឈានទៅសម្រេចបាននូវក្រមប្រតិបត្តិ (COC) ឱ្យបានឆាប់។ សម្ដេច បានចាត់ទុកថាបើ COC បានសម្រេចហើយនោះ វានឹងកាត់បន្ថយនូវភាពតានតឹង, បណ្ដាប្រទេសនៅក្នុងតំបន់ នឹងមានជំនឿទុកចិត្តគ្នាទៅវិញទៅមក ហើយសមុទ្រចិនខាងត្បូង អាចក្លាយជាច្រកដ៏សំខាន់មួយសម្រាប់ពាណិជ្ជកម្មរវាងបណ្ដាលប្រទេសនៅក្នុងតំបន់ ក៏ដូចជាអន្តរជាតិ។

ចំពោះបញ្ហាឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើរណេត ការបោកប្រាស់អនឡាញ និងការជួញដូរមនុស្ស សម្តេចហ៊ុន សែន បានគាំទ្រឱ្យអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ខិតខំធ្វើការរួមគ្នា ដើម្បីធ្វើការបង្រ្កាបនិងទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់ លើក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធើរណេតនេះ ដែលកន្លងមកតែងចល័តទៅមកក្នុងចំណោមប្រទេសអាស៊ាន និងបានធ្វើឱ្យខូចឈ្មោះប្រទេសកម្ពុជា និងហ្វីលីពីន។ សម្តេច ក៏បានប្រាប់ទៅលោកស្រីអគ្គរដ្ឋទូត បន្ថែមថា កម្ពុជា នឹងបន្តយកចិត្តទុកដាក់ និងការពាររាល់ផលប្រយោជន៍សហគមន៍ប្រជា ជនហ្វីលីពីន ដែលកំពុងធ្វើការនិងរស់នៅក្នុងប្រទេសកម្ពុជា ប្រកបដោយភាពសុខសាន្ត។

លោកស្រីអគ្គរដ្ឋទូត បានជម្រាបសម្តេចប្រធានថា អស់រយៈពេលជាង៤២ឆ្នាំ ដែលលោកស្រី បម្រើការងារនៅក្នុងក្រសួងការបរទេសហ្វីលីពីន លោកស្រី តែងបានតាមដានរាល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្នុងនោះលោកស្រី តែងបានកោតសរសើរនិងស្ញប់ស្ញែងចំពោះក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់សម្តេច មានចំពោះសហ គមន៍អាស៊ាន។ លើសពីនោះ សម្តេច គឺជាកម្លាំងមគ្គុទេសក៍បង្ហាញផ្លូវដល់អាស៊ាន និងបានរួមចំណែកយ៉ាង ច្រើនដល់ការវិវត្តរបស់អាស៊ាន។ ជាថ្មីម្តងទៀត លោកស្រី សូមថ្លែងអំណរគុណសម្តេច ដែលបានអនុញ្ញាតឱ្យលោកស្រី ចូលជួបនិងទទួលបានចំណេះដឹងជាច្រើន ពីការសន្ទនាជាមួយសម្តេច ក្នុងឱកាសនេះ។ 

ជាទីបញ្ចប់ សម្តេចប្រធានព្រឹទ្ធសភា បានផ្តាំផ្ញើការសួរសុខទុក្ខ តាមរយៈលោកស្រីអគ្គរដ្ឋទូត ជូនទៅលោកប្រធានព្រឹទ្ធសភា និងលោកប្រធានាធិបតីហ្វីលីពីន ព្រមទាំងជូនពរលោកស្រីអគ្គរដ្ឋទូត និងសហការី នៃស្ថានទូតហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសេចក្តីសុខសប្បាយ និងសុខភាពល្អ ក្នុងការស្នាក់នៅនិងបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា៕ ខៀវទុំ

RELATED ARTICLES