Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកកម្មករបុ.../ក...គ្នា របួ...ស២៦នាក់

ឡានដឹកកម្មករបុ…/ក…គ្នា របួ…ស២៦នាក់

ខេត្តកំពង់ស្ពឺ ៖ រថយន្តដឹកកម្មករ ១គ្រឿង ដឹកកម្មករចេញពីរោងចក្រ បានជ្រុលទៅបុកជាមួយរថយន្ត ១គ្រឿង ទៀត យ៉ាងពេញទំហឹង បណ្តាលឱ្យក្រឡាប់ ចាក់កម្មករ-កម្មការិនីរោងចក្រ ២៦ ចោលលើផ្លូវ រងបួសធ្ងន់-ស្រាលរដូករណែល និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៥៥នាទីយប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១-៤២ ស្ថិតនៅចំណុចភូមិបឹងស្តុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកកម្មកររោងចក្រ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ  ពណ៌ស ស៊េរីឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 3E-1302 បើកបរដោយឈ្មោះពិន រុន ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅ ភូមិព្រៃក្តួច ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ បានបើកបរដឹកកម្មករប្រមាណ ជិត៣០នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងទិសដៅពីជើង ទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ បានជ្រុលបុកជាមួយរថយន្ត ១គ្រឿងទៀត ម៉ាក SSONGYONG ACTYON ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ 2BH-8660  បើកបរដោយឈ្មោះយឹម មុតថា ភេទប្រុស អាយុ៤៣ឆ្នាំ មានលំនៅ ភូមិត្រពាំងមន្ត្រី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត យ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តដឹកកម្មករ ក្រឡាប់ចាក់កម្មករចោលពេញផ្លូវ រងរបួសធ្ងន់ ៦នាក់ និង២០នាក់ទៀត រងរបួសស្រាល។

ប្រភពដដែល បន្តថា តាមការសាកសួរពីកម្មករដែលជិះលើរថយន្ត បានអះអាងថា មូលហេតុ ដោយសារភាគីរថយន្ត SSONG YONG ACTYON បើករេចុះរេឡើង រួចមកបុករថយន្តដឹកកម្មករទាំងកំរោលតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ ចំនួន៦នាក់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី ចំនួន ៤នាក់ និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ ១នាក់ (តៃកុងឡានដឹកកម្មករ) ចំណែក១នាក់ទៀត សម្រាកព្យាបាលនៅពេទ្យឯកជន ផ្សារស្លាបលែង (អ្នកបើកបរឡាន SSONGYONG ACTYON)។ ដោយឡែក អ្នករងរបួសស្រាលចំនួន២០នាក់ ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជន ជិតៗកន្លែងកើតហតុ។

សមត្ថកិច្ចបានបញ្ជាក់ថា រហូតមកដល់ម៉ោង១១យប់ថ្ងៃដដែល កម្មករ-កម្មការិនីដែលរងរបួសស្រាលមួយចំនួន បានធូរស្រាល និងត្រឡប់ទៅផ្ទះជាបណ្តើរៗហើយ។

នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ លោកជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ ដែលទើបប្តូរមកកាន់តំណែងថ្មី បានចុះសួរសុខទុក្ខកម្មករ-កម្មការិនីរងគ្រោះ ដោយផ្ទាល់នៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី ផងដែរ៕

RELATED ARTICLES