កីឡាករ Julian Alvarez និង Lionel Messi បានស៊ុតបញ្ចូលទី ម្នាក់១គ្រាប់ ជួយឱ្យក្រុមការពារតំណែងជើងឯកអាហ្សង់ទីន យកឈ្នះកាណាដា ២-០ ក្នុងទីក្រុង New Jersey កាលពីព្រឹកថ្ងៃពុធ ថ្ងៃទី១០ ខែកក្កដា ដើម្បីកក់កន្លែងរបស់ពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រ Copa America 2024។

ម្ចាស់ជើងឯក Copa America ១៥សម័យ បានបង្ហាញទម្រង់លេងដ៏ល្អរបស់ពួកគេ នៃការប្រកួតនេះ នៅចំពោះមុខអ្នកទស្សនា នៅកីឡដ្ឋាន MetLife Stadium ប្រមាណ ៨២៥០០នាក់ ហើយដូចនៅក្នុងការប្រកួតពានរង្វាន់ World Cup ឆ្នាំ២០២២ ពួកគេកំពុងឈានដល់ចំណុចកំពូល នៅពេលដ៏ល្អឥតខ្ចោះ។
ក្រុមកាណាដា ដែលបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ដោយបានឈានដល់វគ្គ ៤ក្រុមចុងក្រោយ ក្នុងការបង្ហាញខ្លួននៅ Copa America លើកដំបូងរបស់ខ្លួន អាចបានឡើងមកដល់វគ្គនេះដ៏អស្ចារ្យ សម្រាប់ការប្រកួតប៉ះអាហ្សង់ទីន ដែលជាក្រុមខ្លាំងនៅលើពិភពលោក។

ក្រុមរបស់លោក Jesse Marsch បានគ្រប់គ្រងការប្រកួតច្រើន ដោយនៅតង់ទី១ អាហ្សង់ទីន រកបាន ១គ្រាប់ នាំមុខ នៅនាទី២២ ដោយកីឡាករ Julian Alvarez តាមរយៈការបញ្ជូនបាល់ ពី De Paul។ ចូលដល់តង់ទី២ អាហ្សង់ទីន រកបាន១គ្រាប់បន្ថែមទៀត ដោយ Messi មានឱកាសស៊ុតបាល់បញ្ចូលទី នៅនាទី៥១ ពីការបញ្ជូនរបស់ Enzo Fernandez ស៊ុតផុតដៃអ្នកចាំទីកាណាដា Maxime Crepeau ។
គ្រាប់បាល់ស៊ុតបញ្ចូលទី ២គ្រាប់នេះ គឺគ្រប់គ្រាន់ដើម្បីបញ្ជូនអាហ្សង់ទីន ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ទោះបីកាណាដា អាចបង្កបញ្ហាជាមួយ Emiliano Martinez ជាមួយនឹងការជំនួស Tani Oluwaseyi ជាអ្នកចាំទីដៃទី២ របស់ខ្លួនក៏ដោយ។

ជ័យជម្នះនេះ ធ្វើឱ្យអាហ្សង់ទីន កំពុងតាមរកកំណត់ត្រាឈ្នះពានរង្វាន់ Copa America ជាលើកទី១៦។ អាហ្សង់ទីន នឹងប៉ះអ៊ុយរុយហ្គាយ ឬកូឡុំប៊ី ដែលជួបគ្នានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅ Miami Gardens រដ្ឋ Florida ៕