ការប្រកួតព្រឹត្តិការណ៍ Euro 2024 នៅប្រទេសអាល្លឺម៉ង់ អេស្ប៉ាញ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីបានយកឈ្នះបារាំង ក្នុងជំនួបនៅកីឡដ្ឋាន អាលីយ៉ង់ អារេណា (Allianz Arena) ទីក្រុងមុយនិច (Munich) ប្រទេសអាល្លឺម៉ង់ កាលពីរាត្រីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដោយលទ្ធផល ២-១។ ពេលនេះ អេស្ប៉ាញ បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ ដោយរង់ចាំជួបអង់គ្លេស ឬហូល្លង់ ដែលអ្នកជំនាញបានជឿជាក់ថា អេស្ប៉ាញ នឹងអាចលើកពាន Euro 2024 បើនៅតែរក្សាទម្រង់លេងបានល្អបន្តទៀត។

សម្រាប់ព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប ២០២៤ នេះ អេស្ប៉ាញ ជាក្រុមមួយមិនដែលចាញ់ និងមិនដែលស្មើទាល់តែសោះ ពោលគឺឈ្នះទាំងអស់។ នៅវគ្គជម្រុះ តាមពូល (ពូលB) អេស្ប៉ាញ បានយកឈ្នះក្រូអាត ៣-០ ក្នុងការប្រកួតបើកឆាក រួចបន្តឈ្នះអតីតម្ចាស់ជើងឯកអ៊ីតាលី ១-០ និងឈ្នះអាល់បានី ១-០។

ចូលដល់វគ្គ១៦ក្រុមចុងក្រោយ អេស្ប៉ាញ បានទម្លាក់ហ្សកហ្ស៊ី ក្រោមលទ្ធផល ៤-១ ហើយបន្តយកឈ្នះក្រុមម្ចាស់ផ្ទះ ឥន្ទ្រីដែកអាល្លឺម៉ង់ ក្នុងម៉ោងបន្ថែម ២-១ ក្នុងវគ្គ ៨ក្រុមចុងក្រោយ។

ចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អេស្ប៉ាញ បានបង្ហាញភាពភ្ញាក់ផ្អើល ដោយបានយកឈ្នះម្ចាស់ជើងឯកពិភពលោក ២០១៨ មាន់គកបារាំង ២-១។

អេស្ប៉ាញ បច្ចុប្បន្ន ជាក្រុមដែលកំពុងតែរក្សាលទ្ធផលឈ្នះការប្រកួត ៨លើកជាប់គ្នា (៦លើកនៅ Euro 2024 (មិនទាន់ចាញ់សោះ ក្នុងឆ្នាំនេះ)។ អេស្ប៉ាញ កំពុងរង់ចាំជំនួបវគ្គផ្តាច់ព្រ័ត្រដោយត្រូវជួបអង់គ្លេស ឬហូល្លង់ នៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដែលអ្នកជំនាញមួយចំនួនជឿថា អេស្ប៉ាញ នឹងលើកពាន Euro 2024 ប្រសិនបើការលេងនៅតែល្អ មិនធ្លាក់ជើង ៕


